រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍សង្កាត់បឹងព្រលិតចាប់បាន ខណៈដែលជនទាំងនេះ សកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ ហើយព្យាយាមជិះម៉ូតូគេច រួចជ្រុលទៅបុកចិញ្ចើមផ្លូវដួល ។ ហេតុអកុសលនេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៣ នៅក្រោយស្ថានទូតអាល្លឺម៉ង់ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំងពីរបានជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ទៅក្បែរនារីរងដែលកំពុងនិយាយទូរស័ព្ទ ហើយបានឆក់ និងជិះរត់គេច ។ ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោថា ចោរៗ ធ្វើឲ្យចោរស្ទើរភ្លើងភ័យស្លន់ស្លោរ ជិះម៉ូតូគេច ក៏ជ្រុលទៅបុកចិញ្ចើមថ្មល់ដួល ហើយប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ រួមនឹងសមត្ថកិច្ចបាននាំគ្នាស្ទាក់ចាប់បាន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះហង្ស ភក្តី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ២-ឈ្មោះអឿន ណាន អាយុ១៧ឆ្នាំ រស់នៅផ្ទះជួលម្តុំវត្តគោកបញ្ជាន់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីម្ចាស់ទូរស័ព្ទឈ្មោះចែម ចន្នី អាយុ២៣ឆ្នាំ ជាជាងកាត់ដេរនៅប៉ារ៉ាឌី ស្នាក់នៅម្តុំស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បច្ចុប្បន្នជនសង្ស័យបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ហើយសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត៕