ឧបទ្វីបកូរ៉េ ៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងបើកដំណើរការឡើងវិញនូវតំបន់ឧស្សាហកម្មរួមគ្នា គេសុង នៅសប្តាហ៍ក្រោយ ពោលគឺបន្ទាប់ពីបានផ្អាកដំណើរ អស់រយៈពេល៥ខែ ក្រោយពេលផ្ទុះឡើងនូវភាពតានតឹងផ្អែកយោធានោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរបានចរចាគ្នា ជាច្រើនលើក។ ហេតុផលនៃការបិទតំបន់ គេសុង គឺបណ្តាលមកពី កូរ៉េខាងជើង បង្ហាញពីការមិនពេញចិត្តចំពោះកូរ៉េខាងត្បូងបានដែលបានធ្វើលំហាត់ សមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក។
ប្រភពព័ត៌មាន AP បានឲ្យដឹងថា បន្ទាប់ពីឧស្សាហកម្មមួយនេះបើកដំណើរការឡើងវិញនោះ កូរ៉េខាងជើងទំនងជាដាក់សំពាធដល់ កូរ៉េខាងត្បូង ដើម្បីត្រួតពិនិត្យឡើងវិញនូវគម្រោងការឆ្លងព្រំដែន ដែលហាមប្រជាពលរដ្ឋកូរ៉េខាងត្បូងទៅទស្សនាតំបន់រមនីយដ្ឋានភ្នំ គុំហ្គាង របស់កូរ៉េខាងជើង។ កូរ៉េខាងត្បូងបានដាក់បំរាមនេះ គឺក្រោយពេលដែលទាហានកូរ៉េខាងជើងបានបាញ់សម្លាប់ទេសចរជាស្ត្រីជនជាតិ កូរ៉េខាងត្បូងម្នាក់ នៅតំបន់នោះ៕