ជិះ​រថយន្តបុក​គេ ហើយ​បើក​រត់គេច ទុក​ឲ្យ​អាវ​ទាហាន​ពាក់​ផ្កាយ​ពីរ ដោះស្រាយ​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ យ៉ាងហោចណាស់​យុវជន​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​ទាំង​២​នាក់ ខណៈដែល​រថយន្ត RX330 បុក​អ្នកជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង នៅមុខ​ក្រសួងមហាផ្ទៃ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង ២​និង​១០​នាទី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​លើ​កំណាត់ ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

Hong-0218-4

​តាម​ប្រភព​សាក្សី​ឃើញ​ហេតុការណ៍​ប្រាប់ថា មុនពេល​កើតហេតុ គេ​ឃើញ ម៉ាក លុ​ច្ស​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2O-5176 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ឆ្ពោះទៅ​វិមានឯករាជ្យ លុះ​ពេលមកដល់​ចំណុចកើតហេតុ​រថយន្ត RX330 បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1H-4084 ផ្លោង​បុក នឹង​កញ្ចក់​រថយន្ត បណ្តាល​ឲ្យ​បាក់ជើង​ទាំង​២​នាក់ ។ ឃើញ​ហេតុការណ៍​នេះ​អ្នកបើករថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​រហូតដល់​ភ្លើងស្តុប​ក្រសួងមហាផ្ទៃ ទើប​នគរបាល​គោលដៅ​ភ្លើងស្តុប ឃាត់​រថយន្ត​បាន ប៉ុន្តែ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​រត់​ចូល​ក្រសួងមហាផ្ទៃ​បាត់​បន្សល់​រថយន្ត​ទុក​ឲ្យ​សមត្ថកិច្ច ។ ក្នុង​រថយន្ត​សមត្ថកិច្ច​ឃើញ​មាន​ព្យួរ​អាវ​ទាហាន​ជាប់​ស្លាក​ឈ្មោះ យ៉ង់ ម៉ៅ និង​មាន​ឃើញ ផ្កាយ​ពីរ​ជាប់​នឹង​អាវ​ផងដែរ ។​

Hong-0217-6

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ទៀតថា អ្នករងគ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សឿង សោភា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ម្នាក់ទៀត ឈ្មោះ ភក្ត្រា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ធ្វើការ និង​ស្នាក់នៅ​កោះ​ពេជ្រ ។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​វាស់វែង​រួច​ក៏បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published