រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់យុវជនម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈដែលរូបគេកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ យ៉ាងលឿនហើយវ៉ារថយន្ដមួយគ្រឿង ទៀតម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ដោយរថយន្ដខាងលើបានស៊ីញ៉ូបត់ឆ្វេង ដៃក៏ជ្រុលចង្កូតទៅប៉ះកញ្ចក់មើលក្រោយរថយន្ដខាងឆ្វេងបណ្ដាលឱ្យ ដួលរងរបួសធ្ងន់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៤រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣នៅចំណុចមុខសាលាបឋមសិក្សាភូមិ៦ ស្ថិតតាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់មិនស្គាល់ឈ្មោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-0871 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧១ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុយុវជនរូបនេះបានបើកម៉ូតូយ៉ាងលឿន ព្យាយាមវ៉ារថយន្ដមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីដ ពណ៌ ខ្មៅគ្មានស្លាកលេខដែលបើកបរក្នុងទិស ដៅស្របគ្នា ក៏ជ្រុលចង្កូតទៅប៉ះកញ្ចក់មើលក្រោយរថយន្ដខាងឆ្វេងបណ្ដាលឱ្យដួលរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្ដរាគមន៍ ធ្វើការវាស់វែងអូសយកម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនាពេលក្រោយ ។ ចំណែកជនរងគ្រោះត្រូវរថយន្ដសាមុយមកដឹកទៅមន្ទីរពេទ្យភ្លាមៗ៕