រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី៨ កញ្ញា ២០១៣ នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញបានបញ្ជូននារីវ័យក្មេងម្នាក់ ទៅសាលាដំបូងរាជធានីពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស (វាយប្លន់ម៉ូតូ)។ នារីសង្ស័យដែលត្រូវបញ្ជូននោះមានឈ្មោះ ទូច ដាលីស អាយុ ២២ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវ១៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាបុគ្គលិកកាស៊ីណូណាហ្គា ចំណែកជនរងគ្រោះជាដើមបណ្តឹងឈ្មោះ ចឹង ទុងទូអៀង ភេទស្រី អាយុ ២០ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ៧៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ១ រំលងអធ្រាត ឈានចូលថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៣ នារីរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ១ គ្រឿងស៊េរី ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BK-5540 ដើរលេងជុំវិញកោះពេជ្រ លុះដល់ចំណុចកើតហេតុម្តុំលូទឹកស្អុយក្រោយវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ស្រាប់តែមានជនសង្ស័យ ៣ នាក់ជិះម៉ូតូ ២ គ្រឿងមកដល់ ក្នុងនោះបក្ខពួកគេម្នាក់បានស្ទុះទៅឃាត់ម៉ូតូនារីរងគ្រោះឱ្យឈប់រួចធ្វើជាឈ្លោះគ្នា ហើយវាយនារីរងគ្រោះទាញយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព។
ប្រភពបន្តថា លុះព្រឹកឡើងថ្ងៃទី៥ កញ្ញា ដដែលនេះជនសង្ស័យ បានជិះម៉ូតូដែលខ្លួនវាយប្លន់យកពីនារីរង គ្រោះមកឈប់នៅមន្ទីរពេទ្យលោកសង្ឃដើម្បីចូលទៅសួរសុខទុក្ខបងប្អូន ដោយឱ្យនារីម្នាក់ឈ្មោះ ដាលីស នៅចាំម៉ូតូខណៈនោះសមត្ថកិច្ចបានទៅដល់ឃើញភិនភាគម៉ូតូដូចម៉ូតូដែលនារីរងគ្រោះដាក់ពាក្យប្តឹងក៏បានឃាត់ខ្លួនមកសាកសួរទើបដឹងថា ជាម៉ូតូដែលបក្សពួកគេវាយប្លន់ពីនារីរងគ្រោះកាលពីរំលងអធ្រាត ។
បច្ចុប្បន្ននគរបាលកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួក២នាក់ទៀត៕