ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ដកិច្ចចាប់ឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅរោងវីដេអូ២ ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជននេះបានជួលរថយន្តយកទៅបញ្ចាំ។
តាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទ្រី លី ភេទប្រុស អាយុ ជាង៣០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដ បានជួលរថយន្តរបស់ខ្លួនជិះចំនួនមួយថ្ងៃនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងមួយថ្ងៃតម្លៃ ១៥០០ បាត យកទៅជិះតែ មួយថ្ងៃ ស្រាប់តែបាត់ប្រាំថ្ងៃមិនឃើញយកមកប្រគល់ឲ្យវិញមានការសង្ស័យក៏បានទៅទារដល់ផ្ទះជនសង្ស័យរូបនេះ។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់រថយន្ត និងជនសង្ស័យជាមនុស្សធ្លាប់ស្គាល់គ្នា ហើយធ្លាប់បានជួលរថយន្តរបស់ខ្លួនចំនួន ៤ លើកមកហើយ តែងតែយកមកប្រគល់ឲ្យវិញតាមពេលកំណត់ ។ ប៉ុន្តែលើកនេះហួសកំណត់ គាត់ក៏បាន ទៅប្តឹងនគរបាលក្រុងប៉ោយប៉ែតឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គេបានយករថយន្តនោះទៅបញ្ជាំឲ្យអ្នកផ្សេង យកប្រាក់លេងល្បែងអស់ហើយ ។
ពេលនេះសមតកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តចាត់ការតាមច្បាប់ ៕