លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ​ និង​លោក ឈឹម វេជ្ជ​រ៉ា អាចមាន​ការទាក់ទិនយ៉ាង​វែង​អន្លាយ​ជាមួយលោក សេង រតនៈ រឿង​លុយ​លក់​ជីគីមីគម្រោង​ជំនួយ​ជប៉ុន​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បានផ្ដល់​ភ្លើង​ខៀវ​ដល់​កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​ ដើម្បី​ចាប់ខ្លួន​អនុប្រធាន​ការិយាល័យ​នីតិកម្ម ​នៃមន្ទីរ​កសិកម្ម​ខេត្ដ​បាត់ដំបង​ ពីបទ​រំលោភលើ​ទំនុក​ចិ​ត្ដ​ពាក់ព័ន្ធ​នឹង​​ការ​​​កិ​ប​កេ​ង​ថវិ​កា​​​ពី​​កា​រ​ល​ក់​​​ជីគី​មី​​​គម្រោង​ ដែល​ជា​ជំនួ​យ​​​​រ​បស់​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​ ២០១១ សរុប​ ១ ​ពាន់​លាន​រៀល​ហើយបាន​យក​ថវិកា ​៧៥០ ​លាន​រៀល​ទៅ​បម្រើប្រយោជន៍​ផ្ទាល់ខ្លួន ។​

 

ករណី​ឃាត់ខ្លួន​នេះ​នគរបាល​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ គ្រា​ដែល​មន្ដ្រី​រូបនេះកំពុងធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ដ​បាត់ដំបង ។​ ​ក្រោយ​ការចាប់​ឃាត់ខ្លួន​លោក សេង រតនៈ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ស្រាប់តែ​មានការ​បែកធ្លាយ រឿងអាស្រូវ​ពុករលួយ របស់លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ និង​លោក ឈឹម វេជ្ជ​រ៉ា ដូច្នេះ​ពាក់ព័ន្ធ​ករណី លួច​លក់​ជីគីមី​គម្រោង ជំនួយ​ជប៉ុន កាលពី​ឆ្នាំ​២០១១ ជាង​មួយ​ពាន់​លាន​រៀល គួរតែ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​។

 

​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាលខេត្តបាត់ដំបង បាន​ចាប់ខ្លួន​លោក សេង រតនៈ  អាយុ​ ៣៨​ ឆ្នាំ មាន​ទីលំនៅ​ភូមិភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ជា​អនុប្រធាន​ការិយាល័យ នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ពីបទ​រំលោភ​លើ​ទំនុកចិត្តពាក់ព័ន្ធ​នឹង​ការ​កិបកេង​ថវិកាពី​ការលក់​ជីគីមី​គម្រោង ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១១ សរុប ១ ​ពាន់​លាន​រៀល ហើយ​បាន​យក​ថវិកា​ ៧៥ ០​លាន​រៀល ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ។

 

​លោក សេង រតនៈ មាន​តួនាទី​ជា​អនុប្រធាន ការិយាល័យ​និតិ​កម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​ក៏ពិតមែន ប៉ុន្តែ​គាត​មានផ្ទះ​វីឡា ដ៏​ស្កឹមស្កៃ​មួយកន្លែង នៅ​ភូមិ​សួរ​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច លោក សេង រតនៈ បាន​និយាយថា ថវិកា​បាន​ពី​ការលក់​ជីគីមី គម្រោង​ដែលជា​ជំនួយ របស់​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១១ (2KR2011) ដែលមាន​ថវិកា​សរុប ១​ពាន់​លាន​រៀល ដែល​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ដែលមាន​ជី​អ៊ុយ​រេ​២៥០​តោន និង​ជី​ប្រភេទ DAB ចំនួន ២៥០​តោន​សម្រាប់​លក់ ឲ្យ​ប្រជាពលរដ្ឋ​ដោយ​ត​ម្លែ​ថោក ចំនួន ៩​ស្រុក​ក្នុង​ខេត្តបាត់ដំបង ។
 
​ក្រោយពី​លក់​ជីគីមី​អស់ ប្រមូលប្រាក់​បាន​ចំនួន ១​ពាន់​លាន​រៀល​លោក សេង រតនៈ បាន​បង្វិល​សាច់ប្រាក់ ចូល​គំរោង​ចំនួន ២៥០​លាន​រៀល​នៅសល់ ប្រាក់​ចំនួន ៧៥០​លាន​រៀល​បាន​យក​ជូន លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ ជា​អតីត​ប្រធាន​មន្ទីរ កសិកម្ម​មួយចំនួន និង​យក​ជូន​លោក​ប្រធាន មន្ទីរ​កសិកម្ម​ថ្មី​គឺ​លោក ឈឹម វេជ្ជ​រ៉ា មួយចំនួនទៀត ហើយ​ប្រាក់​ដែល​សេសសល់ ខ្លួន​បាន​យកទៅ​លេងល្បែង​។

 

​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​លោក សេង រតនៈ បញ្ជូន​ទៅកាន់​តុលាការ នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យ៉ាងណាក៏ដោយ​ករណីនេះ ទាមទារ​ឲ្យ​មាន ការស៊ើបអង្កេត​ដើម្បី​នាំយក មន្ត្រី​ដទៃទៀត​ដូចជា​លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ និង​លោក ឈឹម វេជ្ជ​រ៉ា ដែលមាន​ការពាក់ព័ន្ធ​យ៉ាងជ្រៅ ជាមួយ​អំពើពុករលួយ នាំ​ឲ្យ​ម្ចាស់ជំនួយ មិន​សប្បាយចិត្ត​ ។ ​ពាក់ព័ន្ធ​ករណីនេះ​អ្នកយកព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​ពី លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​កសិកម្ម​ចាស់ និង​លោក​ឈឹម វេជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ថ្មី​បានទេ​ដោយ​លោក មិន​លើក​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣ ៕

Wat-batambang[1]

 

Leave a Reply

(*) Required, Your email will not be published