ប្រទេសជប៉ុន ៖ ព្យុះសង្ឃរា “តូរណាដូស” បានវាយប្រហារមកលើទីក្រុងជាច្រើនស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃចន្ទ ទី០២ កញ្ញា បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។ យោងតាមកាសែត Kydo របស់ជប៉ុន បានរាយការណ៍ថា ចំពោះហេតុការណ៍នៅក្នុងទីក្រុង Koshigaya នៃខេត្ត Saitama ប៉ូលីសក្នុងតំបន់បាននិយាយថា មានអគារចំនួន ៦ ត្រូវបានបំផ្លាញទាំងស្រុង និងប្រហែល ៨០ រងការខូចខាតយ៉ាងដំណំផងដែរ ។
យោងតាមប៉ូលីសក្នុងតំបន់ បានឲ្យដឹងថា មានសិស្សិប្រមាណ ២០ នាក់ បានរងរបួស ដោយសារខ្យល់វាយបក់បោកខ្លាំង ខណៈកំពុងលេងបាល់ទះ នៅឯសាលាវិទ្យាល័យជាន់ខ្ពស់សាធារណៈមួយ ។ កាសែត Kydo បានបន្ថែមឲ្យដឹងទៀតថា ផ្ទះសម្បែងប្រមាណ ២៧,០០០ ខ្នង នៅក្នុងទីក្រុងនេះ និងនៅជិតទីក្រុង Kasukabe បានដាច់ភ្លើងអគ្គិសនីទាំងស្រុង ដោយសារព្យុះ និងរន្ធះបាញ់ ។ សម្រាប់នៅក្នុងទីក្រុង Noda នៃខេត្ត Chiba ឯណោះវិញ មានផ្ទះសម្បែងជាង ២០ ខ្នង ត្រូវខូចខាតដំបូល និងផ្ទះសម្បែងប្រមាណ ៦,២០០ ខ្នងផ្សេងទៀត ទទួលរងការអត់ភ្លើងអគ្គិសនីប្រើប្រាស់ ។
ប្រធានលេខាធិការខុទ្ធកាល័យ លោក Yoshihide Suga បាននិយាយនៅឯសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលបានបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ទីក្រុង Koshigaya និង Noda ហើយអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារកម្ទេចកំទីបែកបាក់នៅលើដងផ្លូវ និងបង្គោលភ្លើងដែលបានបាក់រលំ ៕