បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក ទៅកាន់​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉េអឹម​បញ្ជូន​ខ្លួន​មកកាន់​តុលាការ ពីបទ​ឆបោក ដើម្បីឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​ដាក់បន្ទុក​កាលពី​វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១ កញ្ញា ២០១៣បន្ទាប់ពី​ឃាត់ខ្លួន​រយៈពេល ២ ថ្ងៃ ក្រោយ​ពេលដែល​នារី​នេះ​ទិញ​រថយន្ត​ទំនើប ម៉ាក​ឡិច​ស៊ី​ស RX470 ពណ៌​បៃតង ក្នុងតម្លៃ​២២.០០០​ដុល្លារ តែ​មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យទៅ​ម្ចាស់​រថយន្ត ។​

 

​ស្ត្រី​ដែលជា​ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ​ចូ​វ មុំ អាយុ​៤៥​ឆ្នាំ ត្រូវបាន​គេ​ដឹងថា ជា​អ្នករកស៊ី​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៥១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ត្រូវបាន​ឃាត់ខ្លួន​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ហៃ កន អាយុ​៣៣​ឆ្នាំ ជា​អ្នករកស៊ី​លក់ដូរ ផ្ទះ​លេខ​៤៤៥ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​បុរស​ឈ្មោះ ហៃ កន ចោទប្រកាន់ថា ស្ត្រី​ឈ្មោះ​ចូ​វ មុំ បាន​ទិញ​រថយន្ត​ខាងលើ ហើយ​ស្ត្រី​រូបនេះ​មិនមាន​ប្រាក់​ប្រគល់ជូន​នោះទេ ដោយ​សុំ​ដាក់​ប្លង់ដី​ធានា ហើយ​ថា មួយ​សប្តាហ៍​នឹង​ប្រគល់​លុយ​គ្រប់​ជូន​ម្ចាស់​រថយន្ត​។

 

ពេលធ្វើ​កិច្ចសន្យា​ចប់សព្វគ្រប់​អស់ហើយ រថយន្ត​ឡិច​ស៊ី​ស RX470 ក៏ត្រូវ​បាន​ទៅលើ​ដៃ​ស្ត្រី​ឈ្មោះ​ចូ​វ មុំ ឯ​ប្លង់ដី​ក៏បាន​ទៅលើ​ដៃ​ឈ្មោះ​ហៃ កន​… លុះ​មួយ​សប្តាហ៍​ក្រោយមក ស្រាប់តែ​មិនឃើញ​ស្ត្រី​ឈ្មោះ ចូ​វ មុំ យកលុយ​មក​សង​ថ្លៃ​រថយន្ត​ធ្វើឱ្យ​ឈ្មោះ ហៃ កន ដែលជា​អ្នកលក់​រថយន្ត​មានការ​ព្រួយបារម្ភ​ដោយ​ចាំ​បាត់ ចាំ​បាត់ ពីព្រោះថា លើស​ពេល​ជាច្រើន​ខែ​នៅតែ​មិនឃើញ​ស្ត្រី​ឈ្មោះ​ចូ​វ មុំ មក​សង​ប្រា​ក់ទៀត ក្នុងនាម​ជា​ម្ចាស់​រថយន្ត​ក៏​ដាក់ពាក្យ​បណ្តឹង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​ស្វែងរក​ឈ្មោះ​នេះ​ជា​រៀងរហូត គិត​មកដល់ពេលនេះ ជាង​៩​ខែ​ហើយ ។​

 

​ការព្យាយាម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ក៏បាន​ហៅ​ឈ្មោះ​ ចូ​វ មុំ ឱ្យចូល​បំភ្លឺ​បាន​ដូច​បំណង រួច​ហើយក៏​ធ្វើការ​ឃាត់ខ្លួន​ពីបទ​ឆបោក​ដោយសារតែ​ទិញ​រថយន្ត​គេ​មិន​ព្រម​ប្រគល់​ប្រាក់ ហើយ​ប្លង់ដី​គឺជា​ប្លង់​ក្លែងក្លាយ​ទៀត ដូច្នេះ​មានន័យថា ស្ត្រី​រូបនេះ​ឆបោក​ម្ចាស់​រថយន្ត​ឈ្មោះ​ហៃ កន តែម្តង ៕

f8619b2e-1b07-4c4e-a98b-5e2774fb9b76

 

Leave a Reply

(*) Required, Your email will not be published