រាជធានីភ្នំពេញ ៖ មនុស្សមួយក្រុមមានប្រុសស្រី ដែលអង្គុយផឹកស៊ីរយៈពេលយូរ នៅហាងមួយកន្លែងឈ្មោះ កាហ្វេចំប៉ី ដែលមានទីតាំងនៅចំណុចផ្លូវលេខ៣២២កែងផ្លូវលេខ១៥៧ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៣ បានដកកាំភ្លើងខ្លីបាញ់១គ្រាប់បង្កភាពភ្ញាក់ផ្អើលលេង រួចក៏ចាកចេញដោយសុវត្ថិភាព។
សាក្សីបាននិយាយថា មុនពេលផ្ទុះកាំភ្លើងគេឃើញ មនុស្ស៥នាក់ (ស្រីម្នាក់) អង្គុយផឹកស៊ីនៅក្នុងហាង ចំប៉ីកហ្វេ។ក្រោយមកនៅវេលាខាងលើ បុរសម្នាក់ក្នុងចំណោមនោះក៏បានអាម៉េកាំភ្លើង រួចបាញ់១គ្រាប់ ។ភ្លាមៗពួកគេក៏បានឡើងជិះរថយន្តនិងម៉ូតូចាកចេញដោយសុវត្ថិភាព ។
ក្រោយពេលផ្ទុះគេឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដែរ តែពុំបានឃើញសំបកកាទុស្សទេ ។ ដែលការនេះត្រូវបានគេអះអាងថា មកពីភ្លាមៗអ្នកបោសសំអាតបានប្រមូលយកសំរាម និងកម្ទេចកម្ទីនៅទីនោះទៅបោះចោលក្នុងធុងសំរាម ហើយទំនងជាដោយសំបកកាទុស្សទៅជាមួយដែរ ។
គួរបញ្ជាក់ថា បើទោះបីច្បាប់របស់ប្រទេសកម្ពុជាបានចែងពីការដាក់ទណ្ឌទោសដល់អ្នកបាញ់បោះសេរី យ៉ាងហោចជាប់ពន្ធនាគារ៦ខែក្ដី ។ ប៉ុន្តែគេកម្រឃើញសមត្ថកិច្ចចាត់ការជនប្រព្រឹត្តតាមច្បាប់ណាស់ ។ តួយ៉ាងករណីបាញ់បោះមួយនៅខាងមុខហាងហេងស្ព័ត តាមបណ្ដោយផ្លូព្រះមុនីវង្ស កាលពីពេលថ្មីៗនេះ ជនបង្កគ្រាន់តែសមត្ថកិច្ចហៅមកធ្វើកំណត់ហេតុមួយភ្លែតតែប៉ុណ្ណោះ ក៏ដោះលែងឲ្យមានសេរីភាពជាធម្មតាវិញ ៕