ក្រុមចោរ​ចូល​ប្លន់​ផ្ទះ​មន្ត្រី​យោធា​ក្រសួងការពារជាតិ​បានសម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​មាន​ក្រុមចោរ បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​មន្ត្រី​យោធា​ក្រសួងការពារជាតិ​មួយរូប​យក​គ្រឿងអលង្ការ​ពេជ្រ ១ ឈុត របស់​ភរិយា រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៤០​នាទី យប់​ថ្ងៃទី​៣០ សីហា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​១២៨C ផ្លូវ​លេខ​២០២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​មានឈ្មោះ គីម រស្មី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ និង​ភរិយា​បាន​ជិះ​រថយន្ត​ជូន​ម្តាយ​ទៅផ្ទះ​ដោយ​ទុក​នៅក្នុង​ផ្ទះ​មានតែ​អ្នកបម្រើ​ស្រី្ត ២​នាក់ ប៉ុណ្ណោះ ។ បន្ទាប់ពី ម្ចាស់ផ្ទះ​ចេញ​បាត់ទៅ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ស្លៀកពាក់​ស៊ី​វី​ល ជិះ​រថយន្ត ១​គ្រឿង បន្លំ​ជា​អ្នក​ស្គាល់​ម្ចាស់ផ្ទះ​ខាងលើ​មកដល់​ហើយ​ឱ្យ​អ្នកបម្រើ​បើកទ្វារ ផ្ទះ​ឲ្យ​ពួកគេ​ចូល​។

 

ខណៈ​ចូលដល់​ខាងក្នុង​ផ្ទះ​ភ្លាម ស្រាប់តែ​ជនសង្ស័យ​ទាំងពីរ​នាក់​យក​កាំបិត​ចុង​ស្រួច​ភ្ជង់​ក​អ្នកបម្រើ ម្នាក់​កុំ​ឲ្យ​ស្រែក​និង​បាន​ចាប់​ចងដៃ​ចងជើង​នឹង​ស្កុ​ត​រួច ធ្វើ​សកម្មភាព​រើកកាយ​ក្នុង​ទូ​សម្អាង​ប្រមូលយក​គ្រឿងអលង្ការ​ពេជ្រ ១​ឈុត រួមមាន ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន របស់​ប្រពន្ធ​ហើយ​បាន​ជិះ​រថយន្ត​គេចខ្លួនបាត់​ភ្លាម​មួយ​រំពេច​។​ដោយឡែក គ្រឿងអលង្ការ​ផ្សេងទៀត​របស់​ប្តី ក្រុមចោរ​មិនបាន​យក​ទេ ។​រីឯ អ្នកបម្រើ​ម្នាក់ទៀត​ដែល​នៅក្នុង​ផ្ទះ​នេះដែរ បាន​អះអាងថា គាត់​អត់​បានដឹងថា​មាន​ចោរ​ចូល​ប្លន់​ឡើយ ព្រោះ​គាត់​នៅ​ជាន់​ខាងលើ​អត់​ដឹង​អ្វី​ទេ ។​


​ទោះយ៉ាងណា​ក្នុង​អំពើ​ប្លន់ គ្រឿងអលង្ការ​មានតម្លៃ​ខាងលើនេះ​ត្រូវ​សមត្ថកិច្ច​លួច បង្ហើប​ឲ្យ​ដឹងថា ហាក់ដូច​ជាមាន​ភាពអាថ៌កំបាំង​ដែល​ត្រូវធ្វើ​ការសាកសួរ​បន្ថែម​និង ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ៕

hh (2) hh (1) hh (3)

 

Leave a Reply

(*) Required, Your email will not be published