ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបុកស្ត្រីម្នាក់ស្លាប់នៅមុខសណ្ឋាគារប៉ោយប៉ែតផាស និងបង្កឲ្យពីរនាក់ទៀតរងរបួសធ្ងន់ រួចបើករត់គេចខ្លួន ត្រូវនគរបាលតាមស្រាវជ្រាវ ក៏ប្រទះឃើញរថយន្តវីហ្គោនេះថតចោលនៅក្នុងដីឡូតិ៍មួយកន្លែង ដែលគេស្គាល់ថាជារបស់លោកឧត្តមសេនីយ៍ឯក សុខ ភាព ជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ កាលពីវេលាម៉ោងជាង ១០ យប់ ថ្ងៃទី២៩ សីហា ២០១៣ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្រ ក្រុងប៉ោយប៉ែត ។
លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តវីហ្គោ ពណ៌សបើកយ៉ាងលឿនរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះដែរកំពុងតែជិះមិនដឹងខ្លួន ហើយបានហួសទៅបុកក្រុមអ្នករត់ម៉ូតូឌុបដែលកំពុងចតចាំដឹកម៉ូយនៅមុខសណ្ឋាគារប៉ោយប៉ែតផាស បណ្តាលឲ្យស្រី្តម្នាក់ស្លាប់ បុរសពីរនាក់របួស ធ្ងន់ឃើញដូច្នោះអ្នកបើករថយន្តមិនបានចុះមកមើលទេបែជាបន្ថែមល្បឿន យ៉ាងលឿនបើករត់អស់ជាច្រើនគីឡូម៉ែត្រយករថយន្តទៅលាក់ក្នុងដីឡូដ៍របស់លោកឧត្តសេនីយ៍ឯក សុខ ភាព នៅចំណុចខាងកើតផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្រ បានមួយសន្ទុះត្រូវក្រុមនគរបាល តាមចាប់រថយន្តដល់ផ្ទះយកមកកន្លែង ដើម្បីចាត់ការតាមច្បាប់។
តាមប្រភពមួយបានបង្ហើបឱ្យដឹងថា រថយន្តវីហ្គោបង្កគ្រោះថ្នាក់ចរាចរណ៍នោះអ្នកបើកបរអាចជាកូនចៅ ឬក៏ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក សុខ ភាព ៕