ឃាត់ខ្លួន​ជន​​ទំនើង​ពីរ​នាក់ ម្នាក់ជា​មន្ត្រីនគរ​បាល​ និងម្នាក់​មេការ​ផ្ទះសំណាក់​ក្នុង​ករណី​បាញ់បោះ​សេរី​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់​បុរស​​ ២ ​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល​ពួក​គេ​ចេញពី​ក្លិប​ម៉ា​ចេក​ស្គី​ ស្រវឹង​បើករថយន្ដ​បាញ់បោះ​សេរី​តាម​ផ្លូវ​សាធារណៈ​ ។​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១២ ​និង ​៣០ ​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៩​ ខែសីហា​ ឆ្នាំ​២០១៣​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​១៨៤​ ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ។​

 

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​ សឿ​ន​ វាសនា​ ភេទ​ប្រុស​ អាយុ​ ៣១ ​ឆ្នាំ​ ជាម​ន្ដ្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ មាន​ឋានន្ដរស័ក្ដិ​អនុសេនីយ៍ឯក​ ស្នាក់​នៅផ្ទះ​លេខ​៨​ ផ្លូវ​១០១​ សង្កត់​បឹង​ត្របែក​ ខណ្ឌចំការមន​ (​ជា​អ្នក​បាញ់​)​ និង​ម្នាក់​ទៀត​ឈ្មោះ​ ទិ​ត​ ច័ន្ទ​ណា​រិ​ទ្ធ​  ភេទ​ប្រុស​ អាយុ​ ៣០ ​ឆ្នាំ​ ជា​មេការ​ផ្ទះសំណាក់​ទិ​ត​ ហួរ​ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ដើម​ថ្កូវ​ ក្នុង​ខណ្ឌចំការមន​ ជា​អ្នក​រួម​ដំណើរ​ ជិះ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2H-8010 ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​ប្រាក​ហា​ ។​

 

មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​រថយន្ដ​ចេញពី​ក្លិប​ខាងលើ​នៅ​ម្ដុំ​បឹង​កេងកង​ ខណ្ឌចំការមន​ ក្នុង​គោលបំណង​ទៅ​ផឹកស៊ី​បន្ដ​នៅ​ក្លិប​ហូ​លី​ដេ​ ។​ លុះ​បើក​មក​ដល់​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឈ្មោះ​ សឿ​ន​ វាសនា​ បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​២​គ្រាប់​ រួច​ហើយ​ក៏​បើករថយន្ដ​គេចខ្លួន​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស​ឆ្ពោះ ទៅ​ខាងជើង​ ។​ ភ្លាម​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដែល​ល្បាត​នៅ​តំបន់​នោះ​ក៏​បាន​ដេញ​តាម​រថយន្ដ​ជនសង្ស័យ​ និង​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ​នៅ​កងរាជអាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​​តែ​ម្ដង​ ។​

 

​បន្ទាប់​ពី​សាកសួរ​ ជនសង្ស័យ​ សឿ​ន​ វាសនា​ បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ស្រវឹង​ខ្លាំង​ពេក​ទើប​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ ដោយ​មាន​អារម្មណ៍​បាត់បង់​ស្មារតី​ ដោយសារ​តែ​ជាតិ​ស្រវឹង​ ។​បច្ចុប្បន្នជនសង្ស័យទាំង​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​ ៕​

11 (1) 11 (2) 11

 

Leave a Reply

(*) Required, Your email will not be published