ឆ្លៀតឱកាស​​​ពេល​ម្ចាស់​ស្រវឹង​លួច​​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចាប់​​បាន​ម្នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខ​ពួក​ ៣ ​នាក់​ ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់បានបន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​បុរស​ស្រវឹង​ម្នាក់ដែល​កំពុង​ដេកលក់​នៅលើ​តូប​ក្បែរ​ចិញ្ចើមផ្លូវ ។​ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​១ និង​ ៣០ ​នាទី​​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ ២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មក​ដេក​លើ​តូប​ប្រជាពលរដ្ឋ​ក្បែរ​ចិញ្ចើមផ្លូវ ។ ចៃដន្យ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ សម្លឹង​ឃើញ​មានឱកាស​ល្អ ក៏​អូស​ម៉ូតូ​ជនរងគ្រោះ​ម៉ា​កសុយ​ហ្សុ​យ​គី​បេស​ពណ៌​ខៀវ ពាក់​ស្លាក​លេខ រ​០៤៧៣​ភព​១ ជិះ​ចេញ​បាត់ ។ ពេលនោះ​មាន​អ្នករត់ម៉ូតូឌុប​ឃើញ​ក៏​ឲ្យ​សញ្ញា​ប្រាប់​សមត្ថកិច្ច​ដែល​កំពុងធ្វើដំណើរ​ល្បាត​តាមផ្លូវ​ជាតិ​លេខ​៣​ដែរ ។​

 

សមត្ថកិច្ច​ក៏​ដេញ​ព័ទ្ធ​ចាប់បាន​ម្នាក់​ខណៈដែល​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេច ទៅបុក​នឹង​ផើងផ្កា​ដួល​។​ចំណែក​ជន​សង្ស័យ​​ពីរ​នាក់​ទៀត​បាន​ជិះ​គេចខ្លួនបាត់​។​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់បាន​ឈ្មោះ យឹម បូរ៉ា អាយុ ៣២​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ម្ដុំ​បូរី​១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។ ចំណែក​ជនសង្ស័យ​ដែល​រត់​គេ​ខ្លួន​មានឈ្មោះ សឿង អាយុ​២១​ឆ្នាំ និង​ឈ្មោះ​ប៉ាង អាយុ​១៩​ឆ្នាំ ។​

 

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន ត្រូវបាន​សមត្ថកិច្ច​ឃុំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ម្ចាស់​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​កំពុង​ដេក​នៅលើ​តូប ហើយក៏​ដាស់​នាំយកមក​សួរនាំទាំង​មិនទាន់​អស់​ចំហាយ​ស្រវឹងផង​​ ៕

388

 

Leave a Reply

(*) Required, Your email will not be published