រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់បានឈ្លោះប្រកែកគ្នាជាមួយសង្សារគិតខ្លីរត់ឡើងលើស្ពានអាកាស ៧ មករា បម្រុងលោតពីលើស្ពានសម្លាប់ខ្លួន។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៥០ នាទី យប់អាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៣ នៅចំណុចលើស្ពានអាកាស ៧ មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងខាងលើ ដែលមានអាយុប្រមាណជាង២០ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងខ្លាំង។ ភ្លាមៗនោះស្ត្រីវ័យក្មេងខាងលើក៏បានស្ទុះរត់ទៅកាន់ចំណុចពាក់កណ្តាលស្ពានអាកាស ៧ មករា ហើយឡើងទៅឈរលើបង្កាន់ដៃស្ពានប្រុងលោតចុះមកក្រោយ។ ប៉ុន្តែភ្លាមៗនោះដែរ ក្រុមសមត្ថកិច្ចដែលយាមនៅចំណុចនោះ រួមនិងបុរសជាសង្សារបានលួងលោមអង្វរនាងកុំឲ្យគិតខ្លី ទើបមួយសន្ទុះក្រោយមកនាងក៏បានព្រមចុះមកវិញ ។
ក្រោយពេលសម្រុះសម្រួលគ្នារួចមក អ្នកទាំងពីរបានឡើងជិះម៉ូតូឌុបចេញបាត់តែម្តង៕