ឈ្មួញ​ស្តុក​ឈើ​រាប់ពាន់​កំណាត់ នៅតាម​ដង​ទន្លេ ក្នុង​ឃុំ​កាំ​ង​ចាម សម្រាប់​ដឹកជញ្ជូន​មក​ខេត្តក្រចេះ លោក ច័ន្ទ សារុន មេត្តា​ចាត់វិធានការ​ផង​

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង ៖ ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មកពី​ស្រុក​សៀម​បូក និង ស្រុក​ថា​ឡា​បរិវា​ត់ទៅ​​កាន់​ខេត្តក្រចេះ​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ មានការ​ដឹកជញ្ជូន​ឈើ​តាម​​ផ្លូវទឹក យ៉ាង​អនាធិបតេយ្យ បំផុត គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង យកចិត្តទុកដាក់​បង្ក្រាប និង​ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេត​​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី តែងតែ​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​គ្រប់​អាជ្ញាធរ​ទាំងអស់ ជាពិសេស​គឺ​ក្រុម មេព្រៃ​តែ​​ម្តង កុំ​សម្ងំ​សោយសុខ​ពេក  ឬ​មូ​យ​ក៏​ត្រូវរ៉ូវ ជាមួយ​ឈ្មួញ​បានជា ទុក​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត បន្ត​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ឥតឈប់ឈរ​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​​ចំពោះ​ផ្លូវ​ធ្វើដំណើរ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដែល​ត្រូវបាន​សាងសង់ ដោយ​ចំណាយ​ថវិកា​ ​មូលនិធិ​ឃុំ និង​វិភាគទាន​មួយចំនួន​របស់​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការបំផ្លិចបំផ្លាញ​​ដោយសារ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ក្រុម​ឈ្មួញ​។

 

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ប៉ាង បាន​លួច​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅតាម​ដង​ទន្លេមេគង្គ នៃ​ឃុំ​កាំ​ង​ចាម ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្បែរ​បន្ទាយ​យោធា​វរៈ​សេនា​ធំ​លេខ ១ បាន​​ក្លាយ ទៅជា​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ សម្រាប់​ដឹកចេញទៅ​កាន់​ខេត្តក្រចេះ​ដោយ​​មានឈ្មោះ ប្រុស រស់នៅរ​ការ​កណ្តាល​ខេត្តក្រចេះ ជា​អ្នក​នាំមុខ ហើយក៏​មានការ​ដោះដូរ ទៅ​ ​កាន់​កន្លែង​ផ្សេងៗ​ទៀត ទាំងយប់ ទាំង​ថ្ងៃ គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដែលមាន​លោក អ៊ីវ ឯក​សាវ​ត្តី ជា​ប្រធាន​ចុះទៅ​បង្ក្រាប​នោះទេ​។ ដោយឡែក​លោក ជា ថាវ​រ្ធិ​ត ដែលជា អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នោះ​គឺ​សំងំស្ងៀម​មិន​អើពើ​​ផង​ទេ​ដោយ​គាត់​ដាក់បន្ទុក​ទៅលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដែលមាន​លោក អ៊ីវ ឯក​សាវ​ត្តី ជា​ប្រធាន​ក្នុងការ​បង្ក្រាប​។​

 

មានការ​បញ្ជាក់​ផងដែរ​ថា ឈើ​ដែល​ក្រុម​ឈ្មួញ​ស្តុក​ទុកតា​មដង​ទន្លេ​នោះ​មានមុខ​កាត់​ចាប់ពី ៥ ទៅ ៦ តឹក​ឡើងទៅ​មាន​រាប់ពាន់​កំណាត់​ដែល​លាក់ទុក​ក្នុងព្រៃ និង​ក្នុង​ទឹក​តាម​បណ្តោយ​មាត់ទន្លេ ។​ឈ្មួញ​ដែល​សកម្ម​ដឹកឈើ​ចេញពី​តំបន់​នោះ​ត្រូវគេ​ដឹងថា មានឈ្មោះ នួន និង​ឈ្មោះ ភី គឺ​ដឹក​ចេញពី​ស្រុក​សៀម​បូក និង​ស្រុក​ថា​ឡា​បរិ​វាត់​ទៅកាន់​ខេត្តក្រចេះ តាមផ្លូវ​ទឹក​ដោយ​ប្រើ​ទូកប៉ុក​ចាយ​ធំៗ​រឿង​អី​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មើលមិនឃើញ​។

 

មេភូមិ​កំពង់​ប៉ាង នៃ​ឃុំ​កាំ​ង​ចាម​បាន​ឲ្យ​ដឹងថា ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ឆ្លងកាត់​ភូមិ​សា​សស្ត្រ​របស់គាត់​ជា​យូរ​ឆ្នាំ​មកហើយ ជាពិសេស​មុន​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​តែម្តង​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចាប់បាន​ម្តងណា​ទេ បើទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​រាយការណ៍​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វាត់ និង​ស្រុក​សៀម​បូក ជារឿយៗ​ក៏ដោយ ។  នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា មន្ត្រី​ជំនាញ​ជា​អ្នក​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​តាមតែ​អំពើ ចិត្ត​ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​លុយ​ច្រក​ហោប៉ៅ មិន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់​​លើ​នោះទេ ។ ប៉ុន្មាន​ថ្ងៃនេះ​មាន​ក្រុម​រដ្ឋបាល​ព្រៃឈើ​ទៅ​ពី​ភ្នំពេញ ចុះ​ទៅដល់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មកដល់ពេលនេះ​មិនទាន់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ណាមួយ​នៅឡើយ​ទេ​។

 

​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក ច័ន្ទ សារុន ធ្វើដំណើរ​ដោយ​ស្ងាត់ៗ​ទៅកាន់​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​សង្កេតមើល​ដោយផ្ទាល់​ភ្នែក ថា​តើ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាមផ្លូវ​ទឹក​និង តាមផ្លូវ​គោក ឆ្លងកាត់​ខេត្តស្ទឹងត្រែង​នាពេល​បច្ចុប្បន្ននេះ​មាន ទំហំ​ប៉ុនណា ចៀសវាង​ការទទួល​សេចក្តីរាយការណ៍​ភូតកុហក​ពី​លោក អ៊ីវ ឯក​សាវ​ត្តី ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​លាភសក្ការៈ​បិទ​ភ្នែក​បិទ​ត្រចៀក​មិន​ឲ្យ ឮមាត់ឮក​អ្វី​ទាំងអស់​។ សូមបញ្ជាក់ថា សម្រាប់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​រាលដាល​នាពេល​បច្ចុប្បន្ននេះ គឺមាន​តែ​លោក ច័ន្ទ សារុន ប៉ុណ្ណោះ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​ណាមួយ លោក ច័ន្ទ សារុន មិនគួរ​មើលរំលង​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់ ឈ្មួញ​ឈ្មោះ នួន និង ឈ្មោះ ភី នោះទេ ហើយ​បើ​ចង់ដឹង​រឿងនេះ​លោក ច័ន្ទ សារុន អាច​សួរ​អ្នករត់ម៉ូតូឌុប​នៅ​ក្រុង​ស្ទឹងត្រែង​ក៏​ពួកគេ​អាច​ផ្តល់ព័ត៌មាន ពិត​ទាក់ទិន​សកម្មភាព​រក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ធំៗ​នៅ ខេត្តស្ទឹងត្រែង​ផងដែរ​៕ ដោយ បុត្តា និង មានពរ​

155 (1) 155 (2) 155 (3) 155

 

Leave a Reply

(*) Required, Your email will not be published