រថយន្ត​ដឹក​កម្មកររោងចក្រ បើក​បរ​ក្នុង​ស្មារតី​ធ្វេស​ប្រហែស​ បណ្តាល​ឲ្យ​​ស្ត្រី​ពោះធំ​ម្នាក់របួសធ្ងន់​

, , Leave a comment

រាជធានីភ្នំពេញ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៦ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្សារ​សារឿន​យ៉ា​នី ផ្លូវ​លេខ ​២១៧ ភូមិ​តា​ឡីសង្កាត់ជើងឯក ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះជិត​គ្រប់​ខែម្នាក់​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ដែល​រថយន្ត​ដឹក​កម្មករមួយគ្រឿង បាន​បើក​បុក អ្នកជិះ​ម៉ូតូឌុប​គ្នា ៣​នាក់។

 

​តាម​ប្រភពពី​សាក្សីនៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគេ​ឃើញ​រថយន្តបង្កហេតុ​បើក​មកពី​ត្បូង មក​ដឹកកម្មករ​ពេញ​រថយន្ត លុះ​មកដល់​កន្លែងកើតហេតុ គឺ​នៅ​មុខ​ផ្សារ សារឿន​យ៉ា​នី ក៏​បាន​ជ្រុល​ទៅ​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា​ ៣ ​នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​តាមផ្លូវ​ ២១៧ បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ជិត​គ្រប់​ខែ​ម្នាក់​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​រថយន្ត​កិន​ដាច់​ប្រអប់ជើងឆ្វេង​។​

 

​ប្រភពខាងលើ​បាន​បន្តទៀត​ថា ជនរងគ្រោះ​មានឈ្មោះ ភាព ឆ​វិ​ន ភេទ​ស្រី អាយុ​ ២៤ ​ឆ្នាំ ជា​កម្មការិនី រោងចក្រ​កាត់ដេរ មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់​ដាច់​ប្រអប់​ជើងឆ្វេង​ ឈ្មោះ​លី ភក្តី ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ កម្មករសំណង់​ត្រូវ​ប្អូន​ថ្លៃ​​ស្ត្រី​រងគ្រោះ និង​ឈ្មោះ​ឆេង ឆេ​ឡា ភេទ​ប្រុស អាយុ ​១៩ ​ឆ្នាំ កម្មករសំណង់​ជា​អ្នកបើក​ម៉ូតូ​ ។ ជនរងគ្រោះ​៣ នាក់​ខាងលើនេះជិះ​ម៉ូតូ​ម៉ាក​ CUP ជ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1E-5827 និង​មាន​ទី​លំនៅ​ភូមិ​កោះ​ស្នោ ឃុំ​ព្រែក​ខ្នុរ ស្រុក​បាទី ខេត្តតាកែវ​ ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​ HYUNDAI កូរ៉េ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះវិហារ ​3A-0050 បើកបរ​ដោយ​​បុរស​ម្នាក់​ឈ្មោះ​យ៉ង់ ធី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លា​កូន ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ​។​

 

ក្រោយ​ពេល​កើត​ហេតុ​​សមត្ថកិច្ច​​ បាន​​វាស់​វែង និង​​ឃាត់​ខ្លួន​អ្នកបើកបរ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ជាមួយ​នឹ​ង​រថយន្ត​ផងដែរ ចំពោះ ស្ត្រី​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​៕​

Hong-0611

 

Leave a Reply

(*) Required, Your email will not be published