លោក ថ្លាង ភី​រិន្ទ បិទ​ភ្នែក​ឲ្យ​មាន​​អំ​ពើ​ពុក​រលួយ លក់​​មេ​ដាយ​​កិ​ត្តិ​យស​​ការ​ងារ និង​​ការ​ទិញ​​ក្រប​ខ័ណ្ឌ នៅ​​ស្នង​ការ​​នគរ​បាល​​ខេត្តកំពត​

, , Leave a comment

​ខេត្តកំពត ៖ ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​​បង្ហើប​​ឱ្យ​ដឹង​ថា អំពើ​ពុក​រលួយ​​ដែល​​កំពុង កើត​ឡើង​​យ៉ាង​​ពេញ​បន្ទុក នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​កំពត ផ្តើម​ចេញ​ពី​ករណី​​លោក​ស្នង​ការថ្លាង ភី​រិន្ទ និង​​ស្នង​ការ​រង​មួយ​ចំនួន បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច លើ​កូនចៅ​ក្រោម​ឱវាទ តាម​អំពើ​ចិត្ត ដូចជា​ការលក់ដូរ​មេដាយ ការប្រឡង​ចូល​ក្របខណ្ឌ ជា​មន្ត្រីនគរបាល ត្រូវមាន​បក្ខពួក​និង​លុយ សូក​មេៗ​ចាប់ពី ២៥០០ រហូតដល់ ៣០០០ ដុល្លារ ទើប​អាច​ប្រឡង ចូលធ្វើការ​នៅតាម​ប៉ុស្តិ៍​ឃុំ​-​សង្កាត់ និង​នៅតាម​អធិការដ្ឋាន នគរបាល​នៃ​បណ្តា​ស្រុក​នានា ទូទាំង​ខេត្តកំពត​។​

 

មន្ត្រីនគរបាល​ជាច្រើន បានឱ្យដឹងថា អំពើពុករលួយ​បាន​នាំឱ្យ មាន​អំពើ​អយុត្តិធម៌​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​ដែល​បម្រើ​ការងារ យូរ​មកហើយ​មិនបាន​ឡើងបុណ្យស័ក្តិ ឬ​មាន​ស្នាដៃ ដែល​ថ្នាក់លើ លើកសរសើរ​នោះទេ​។ ផ្ទុយទៅវិញ​អ្នកមាន​លុយ និង​អ្នក​ពូកែ​អែបអប​ជាមួយ​ស្នងការ និង​ស្នងការរង បែរជា​ទទួល​បានការ ដំឡើង​បុណ្យស័ក្តិ និង​បានទទួល​មេដាយ កិត្តិយស​ការងារ យ៉ាង​ក្រអឺតក្រទម​ទៅវិញ​។ មេដាយ​កិត្តិយស​ការងារ ដែល​នគរបាល​គ្រប់រូប ត្រូវ​ទទួលបាន​បន្ទាប់​ពី​ធ្វើ​ការងារ ជួយ​ការពារ​សន្តិសុខ ជូន​រាជរដ្ឋាភិបាល​ដែល​ក្រសួងមហាផ្ទៃ ប្រគល់​មកឱ្យ​ថ្នាក់​ខេត្ត​នេះ កំពុង​ដាក់លក់​ក្នុងតម្លៃ​ពី ៥​ដុល្លារ ទៅ ២០​ដុល្លារ ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣​។​

 

មន្ត្រីនគរបាល​ដែល​ឈឺចាប់ ចំពោះ​អំពើ​អយុត្តិធម៌ របស់​ចៅហ្វាយនាយ បាន​បញ្ជាក់ថា របប​ជា​របស់​ក្រសួង ដូចជា​មេដាយ​ស្អីៗ​ហ្នឹង បើ​អត់​មាន​លុយ ឱ្យ​ការិយាល័យ​បុគ្គលិក ឱ្យ​ស្នងការ គឺ​មិនអាច​ទទួលបាន​មេដាយ​ទេ ទាល់តែ​មាន​លុយ​ពី ៥​ដុល្លារ​ទៅ ១០​ដុល្លារ ឬ​២០​ដុល្លារ ទើប​អាច​ទទួលបាន​មេដាយ​មួយ ។ មាន​មន្ត្រីនគរបាល​ខ្លះ ទើបតែ​បម្រើ​ការងារ បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ បែរ​ជាមាន​មេដាយ ពេញ​ហោប៉ៅ​អស់​ទៅហើយ ចំណែក​អ្នកបម្រើ​ការងារ រាប់សិប​ឆ្នាំ​បែរជា​អត់​មាន​មេដាយ អត់​មានគុណ​ស​ម្ប​តិ្ត​អ្វី​ទាំងអស់ ហើយ​នេះ​ជា​អំពើពុករលួយ ដ៏​ធ្ងន់ធ្ងរ​របស់លោក ថ្លាង ភី​រិន្ទ និង​ស្នងការរង​មួយចំនួន ដែល​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

 

លោក ថ្លាង ភី​រិន្ទ បានធ្វើការ​ជ្រើសរើស មន្ត្រីនគរបាល​ថ្មី​ជាង ៧០​នាក់​នៅមុន​ពេល​បោះឆ្នោត ដោយ​ទទួលបាន​សំណូក សូកប៉ាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ លក្ខខណ្ឌ​ដែល​មន្ត្រីនគរបាល​ថ្មី អាច​ប្រឡង​ចូល​ក្របខ័ណ្ឌ នគរបាល​បាន ត្រូវមាន​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ត្រូវមាន​បក្ខពួក​សាច់​ញាតិ ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ស្ថាប័ន​នគរបាល និង​ត្រូវ មាន​ប្រាក់​ចាប់ពី ២៥០០​ទៅ ៣០០០​ដុល្លារ​សម្រាប់​ទិញ​កន្លែង​ចូលធ្វើការ ជា​នគរបាល​តាម​បណ្តា ឃុំ​-​សង្កាត់ និង​តាម​ស្រុក​។ សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ មិនអាច​ប្រឡង​ចូល​ធ្វើជា​មន្ត្រីនគរបាល​បានទេ ព្រោះ​ពុំមាន​លុយរាប់​ពាន់​ដុល្លារ ដូច​កូនអ្នកមាន​ឡើយ ហើយ​ការជ្រើសរើស​នោះ ត្រូវគេ​ពិនិត្យ​ពី​ចុង​សក់​ដល់​ចុងជើង ហើយ​ការសម្រេច​គឺ​អាស្រ័យទៅលើ​លុយ​៕

Wat-Phirin

 

Leave a Reply

(*) Required, Your email will not be published