ខេត្តសឹ្ទងត្រែង ៖ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ប៉ាង បានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនៅតាមដងទន្លេមេគង្គ នៃឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ ក្បែរបន្ទាយយោធាវរៈសេនាធំលេខ ១ បានក្លាយទៅជាកន្លែងស្តុកឈើខុសច្បាប់គ្រប់ប្រភេទ សម្រាប់ដឹកចេញទៅកាន់ខេត្តក្រចេះ ដោយមានឈ្មោះ ប្រុស រស់នៅរការកណ្តាលខេត្តក្រចេះ ជាអ្នកនាំមុខ ហើយក៏មានការដោះដូរ ទៅកាន់កន្លែងផ្សេងៗទៀត ទាំងយប់ ទាំងថ្ងៃ គេមិនដែលឃើញសមត្ថកិច្ចឬមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងដែលមានលោក អ៊ីវ ឯកសាវត្តី ជាប្រធានចុះទៅបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់គ្រប់អាជ្ញាធរទាំងអស់ ជាពិសេសគឺក្រុម មេព្រៃតែម្តង កុំសម្ងំសោយសុខពេក ឬមូយក៏ត្រូវរ៉ូវ ជាមួយឈ្មួញបានជា ទុកឲ្យក្រុមឈ្មួញទុច្ចរិត បន្តកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូន ឥតឈប់ឈរ។ ម្យ៉ាងទៀតប្រជាពលរដ្ឋព្រួយបារម្ភចំពោះផ្លូវធ្វើដំណើរក្នុងមូលដ្ឋានរបស់ពួកគាត់ដែលត្រូវបានសាងសង់ ដោយចំណាយថវិកាមូលនិធិឃុំ និងវិភាគទានមួយចំនួនរបស់ប្រជាពលរដ្ឋ កំពុងប្រឈមនឹងការបំផ្លិចបំផ្លាញដោយសារការដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមឈ្មួញ។
មានការបញ្ជាក់ផងដែរថា ឈើដែលក្រុមឈ្មួញស្តុកទុកតាមដងទន្លេនោះមានមុខកាត់ចាប់ពី ៥ ទៅ ៦ តឹកឡើងទៅមានរាប់ពាន់កំណាត់ដែលលាក់ទុកក្នុងព្រៃ និងក្នុងទឹកតាមបណ្តោយមាត់ទន្លេ ។ ឈ្មួញដែលសកម្មដឹកឈើចេញពីតំបន់នោះត្រូវគេដឹងថា មានឈ្មោះ នួន និងឈ្មោះ ភី គឺដឹកចេញពីស្រុកសៀមបូក និងស្រុកថាឡាបរិវាត់ទៅកាន់ខេត្តក្រចេះ តាមផ្លូវទឹកដោយប្រើទូកប៉ុកចាយធំៗ រឿងអីដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមើលមិនឃើញ។
មេភូមិកំពង់ប៉ាង នៃឃុំកាំងចាម បានឲ្យដឹងថា ពួកឈ្មួញរកស៊ីដឹកឈើឆ្លងកាត់ភូមិសាសស្ត្ររបស់គាត់ជាយូរឆ្នាំមកហើយ ជាពិសេសមុនបោះឆ្នោត និងក្រោយបោះឆ្នោតតែម្តងមិនដែលឃើញសមត្ថកិច្ចជំនាញចាប់បានម្តងណាទេ បើទោះបីជាអាជ្ញាធរមូលដ្ឋានខិតខំរាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវាត់ និងស្រុកសៀមបូក ជារឿយៗក៏ដោយ ។ នេះបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជំនាញជាអ្នកបើកដៃឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមតែអំពើចិត្តធ្វើយ៉ាងណាឲ្យតែបានលុយច្រកហោប៉ៅ មិនខ្វល់ខ្វាយពីបទបញ្ជារបស់ថ្នាក់លើនោះទេ ។ ប៉ុន្មានថ្ងៃនេះមានក្រុមរដ្ឋបាលព្រៃឈើទៅពីភ្នំពេញ ចុះទៅដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកដល់ពេលនេះមិនទាន់បង្ក្រាបបទល្មើសព្រៃឈើណាមួយនៅឡើយទេ។
គេចង់ឃើញរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ច័ន្ទ សារុន ធ្វើដំណើរដោយស្ងាត់ៗទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរង់ចាំសង្កេតមើលដោយផ្ទាល់ភ្នែក ថាតើភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ឆ្លងកាត់ខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ននេះមាន ទំហំប៉ុនណា ចៀសវាងការទទួលសេចក្តីរាយការណ៍ភូតកុហកពីលោក អ៊ីវ ឯកសាវត្តី ដែលត្រូវក្រុមឈ្មួញប្រើលាភសក្ការៈបិទភ្នែកបិទត្រចៀកមិនឲ្យ ឮមាត់ឮកអ្វីទាំងអស់។ សូមបញ្ជាក់ថា សម្រាប់ឧក្រិដ្ឋកម្មព្រៃឈើដ៏រាលដាលនាពេលបច្ចុប្បន្ននេះ គឺមានតែលោក ច័ន្ទ សារុន ប៉ុណ្ណោះ ជាអ្នកទទួលខុសត្រូវធំជាងគេ ដូច្នេះដើម្បីកុំឲ្យមានការថ្លោះធ្លោយណាមួយ លោក ច័ន្ទ សារុន មិនគួរមើលរំលងពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់ឈ្មួញឈ្មោះ នួន និង ឈ្មោះ ភី នោះទេ ហើយបើចង់ដឹងរឿងនេះលោក ច័ន្ទ សារុន អាចសួរអ្នករត់ម៉ូតូឌុបនៅក្រុងស្ទឹងត្រែងក៏ពួកគេអាចផ្តល់ព័ត៌មានពិតទាក់ទិនសកម្មភាពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញធំៗនៅខេត្តស្ទឹងត្រែងផងដែរ៕ ដោយ បុត្តា