ការចាប់​កំណើត​នៃ​សាសនា​អ៊ីស្លាម​

, , Leave a comment

​ក្រោយ​ការដួលរលំ​នៃ​ចក្រភព​រ៉ូម នៅក្នុង​ពេលដែល​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​ភាពអនាធិបតេយ្យ នៅ​ខាងត្បូង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ឯណោះ​វិញ ពិភព​អារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន ជាមួយនឹង​ការចាប់​កំណើត​នៃ​សាសនា​ថ្មី​មួយ គឺ​សាសនា​អ៊ីស្លាម ដោយមាន​មហា​ម៉េ​ដ​ជា​ព្យា​ការី​។​
 
​មហា​ម៉េ​ដ​កើត​នៅ​អំឡុង​ឆ្នាំ​៥៧០​គ​.​ស នៅ​ទីក្រុង​ម៉ិ​ក​កា (Mecca) ក្នុង​ឧបទ្វីប​អារ៉ាប់ (​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​)​។ នៅក្នុង​អំឡុង​ពេលនោះ ទីក្រុង​ម៉ិ​ក​កា គឺជា​ក្រុង​ជំនួញ​ដ៏​សំខាន់​មួយ ដែលជា​ចំណុចកណ្តាល​ភ្ជាប់​ផ្លូវជំនួញ ពី​អឺរ៉ុប រហូតដល់​អាស៊ី​។​
 
​ដំណើរ​ជីវិត​ពិត​របស់​មហា​ម៉េ​ដ មាន​ភាពស្រពិចស្រពិល​ច្រើន ដែល​គេ​ពិបាក​នឹងធ្វើ​ការបែងចែក​ឲ្យ​បាន​ច្បាស់​រវាង​អ្វីដែល​បានកើត​ឡើង​ពិតប្រាកដ និង​អ្វី​ដែលជា​សាច់រឿង ដែល​គេ​និទាន​តៗ​គ្នា​។​
 
​ជាទូទៅ មហា​ម៉េ​ដ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ដ៏​ចំណាន​ម្នាក់ ដែល​ធ្វើដំណើរ​ចុះឡើង ចាប់តាំងពី​តំបន់​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រហូត​ទៅដល់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ធ្វើការ​ជួញដូរ​។ ក៏ប៉ុន្តែ តាម​ជំនឿ​របស់​អ្នក​កាន់សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហា​ម៉េ​ដ ដែលមាន​វ័យ ៤០​ឆ្នាំ បានទទួល​នូវ​សេចក្តី​បង្រៀន​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុង​ល្អាង​ភ្នំ​មួយ ក្បែរ​ទីក្រុង​ម៉ិ​ក​កា​។ មហា​ម៉េ​ដ បាន​យក​សេចក្តី​បង្រៀន​អស់ទាំងនោះ ទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀត​។​
 
​មាន​អ្នកខ្លះ​បានចាប់ផ្តើម​ជឿថា មហា​ម៉េ​ដ គឺជា​ព្យា​ការី​របស់​ព្រះ​។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មហា​ម៉េ​ដ ក៏មាន​សត្រូវ​ច្រើន​ដែរ ដោយសារតែ​មានការ​ប្រឆាំង​ជំទាស់​នឹង​សេចក្តី​បង្រៀន​របស់​មហា​ម៉េ​ដ ដែលថា ព្រះ​ពិត​មានតែ​មួយ ហើយ​ការ​ថ្វាយបង្គំ​រូបសំណាក គឺជា​ការខុសឆ្គង​។ ការគោរព និង​ថ្វាយបង្គំ​ព្រះ ដែលមាន​ច្រើនបែប ច្រើន​ប្រភេទ តំណាង​ដោយ​រូបសំណាក គឺជា​ជំនឿ​សាសនា​របស់​អ្នកក្រុង​ម៉ិ​ក​កា នៅក្នុង​អំឡុង​ពេលនោះ​។​
 
​ដោយមាន​ការប្រឆាំង និង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង នៅ​ឆ្នាំ​៦២២ មហា​ម៉េ​ដ រួមជាមួយ​នឹង​អ្នក​ស្មោះស្ម័គ្រ​មួយក្រុម​តូច ក៏បាន​រត់​ភៀសខ្លួន​ចេញពី​ម៉ិ​ក​កា ទៅកាន់​ក្រុង​មួយទៀត ឈ្មោះថា មេ​ឌី​ណា (Medina) ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៣២០​គីឡូម៉ែត្រ​ខាងជើង​ម៉ិ​ក​កា (​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​នេះដែរ​)​។ នៅ​ទីនោះ មហា​ម៉េ​ដ បាន​ទាក់ទាញ​មនុស្ស​កាន់តែច្រើន​ឲ្យ​ជឿ​លើ​សាសនា​អ៊ីស្លាម​។ ក្នុងពេល​ជាមួយគ្នា​នោះ ដោយសារតែ​ម៉ិ​ក​កា និង​មេ​ឌី​ណា មាន​ជម្លោះ​ប្រដាប់អាវុធ​នឹង​គ្នា មហា​ម៉េ​ដ ដែលជា​ព្យា​ការី និង​ជា​មេដឹកនាំ​សាសនា​អ៊ីស្លាម ក៏បាន​ក្លាយទៅជា​មេដឹកនាំ​កងទ័ព​ផងដែរ​។​
 
៨​ឆ្នាំ​ក្រោយពី​បាន​ភៀសខ្លួន​ទៅ​មេ​ឌី​ណា មហា​ម៉េ​ដ បាន​វិលត្រឡប់​មកកាន់​ទីក្រុង​ម៉ិ​ក​កា​វិញ ក៏ប៉ុន្តែ មក​ជាមួយនឹង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​បាន​វាយលុក​ចូលកាន់​កាប់​ក្រុង​ម៉ិ​ក​កា ទីកន្លែង​កំណើត​របស់លោក និង​ជាទី​ដែល​លោក​ទទួលមរណភាព ២​ឆ្នាំក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​៦៣២​។ ម៉ិ​ក​កា និង​មេ​ឌី​ណា បាន​បន្ត​ជាទី​ក្រុង​ដ៏​សក្ការៈ បំផុត​របស់​សាសនា​អ៊ីស្លាម​រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ​។​
 
​សេចក្តី​បង្រៀន​របស់​មហា​ម៉េ​ដ ត្រូវបាន​គេ​កត់​ត្រាទុក​នៅក្នុង​គម្ពីរ​កូ​រ៉ា​ន ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សាសនា​អ៊ីស្លាម​។ គោល​ជំនឿ​របស់​សាសនា​អ៊ីស្លាម មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ជំនឿ​របស់​សាសនា​យូ​ដា និង​គ្រឹ​ស្ត​សាសនា​ដែរ គឺ​ជឿថា ព្រះ​ពិត​មានតែ​មួយ គឺ​ព្រះ​ជា​ម្ចាស់ ដែល​បង្កើត​អ្វីៗ​ទាំងអស់​នៅក្នុង​ចក្រវាល​ទាំងមូល​។​
 
​តាម​ការពិត អ្នក​កាន់សាសនា​អ៊ីស្លាម​ជឿថា ព្រះ​ជា​ម្ចាស់​ដែល​ពួកគេ​គោរព និង​ព្រះ​របស់​ពួក​ជ្វី​ហ្វ និង​គ្រី​ស្ទា​ន គឺជា​តួអង្គ​ព្រះ​ដូចគ្នា​តែមួយ គឺ​អា​ឡា​ហ៍ (Allah) ហៅ​តាម​ភាសា​អារ៉ាប់ ឬ​យេ​ហូ​វ៉ា (Jehovah) ហៅ​តាម​ភាសា​ហេ​ព្រើ ហើយ​ដំណើររឿង​នៃ​សាសនា​ទាំង​៣​នេះ មាន​ដើមកំណើត​ចេញពី​ប្រភព​តែមួយ ចាប់តាំងពី​អា​ប្រា​ហាំ និង​ម៉ូ​សេ រហូតដល់​ព្រះ​យេស៊ូ​វ​។​
 
​តាម​ជំនឿ​របស់​សាសនា​អ៊ីស្លាម ប្រជាជន​អារ៉ាប់ និង​ជ្វី​ហ្វ មាន​បុព្វបុរស​ដើម​តែមួយ គឺ​អា​ប្រា​ហាំ (Abraham) ដែល​អ្នក​កាន់សាសនា​អ៊ីស្លាម​ហៅថា អ៊ីប្រាហ៊ីម (Ibrahim)​។ អា​ប្រា​ហាំ ឬ​អ៊ីប្រាហ៊ីម មានកូន​ប្រុស​ពីរ​នាក់ គឺ​អ៊ី​ស្មា​អែល (Ismaël) ជា​កូនច្បង ក៏ប៉ុន្តែ ជា​កូន​ក្រៅច្បាប់​ជាមួយនឹង​ស្រី​បម្រើ​ឈ្មោះ​ហា​ការ និង​អ៊ី​សាក់ (Isaac) ជា​កូន​ទី​ពីរ តែ​ជា​កូន​ស្របច្បាប់​។ អ្នក​កាន់សាសនា​អ៊ីស្លាម​ជឿថា ពួក​អារ៉ាប់​គឺជា​កូនចៅ​របស់​អ៊ី​ស្មា​អែល ចំណែកឯ​ពួក​ជ្វី​ហ្វ គឺជា​កូនចៅ​របស់​អ៊ី​សាក់​។​
 
​ស្ទើរតែ​គ្រប់​ព្យា​ការី​ទាំងអស់ នៅក្នុង​គម្ពីរ​តូ​រ៉ា​នៃ​សាសនា​យូ​ដា និង​គម្ពីរ​ប៊ី​ប នៃ​សាសនា​គ្រឹ​ស្ត ក៏ត្រូវ​បាន​សាសនា​អ៊ីស្លាម​ទទួលស្គាល់ថា​ជា​ព្យា​ការី ដែលជា​អ្នក​នាំសារ​របស់​ព្រះ​ដូចគ្នា​ដែរ ដោយ​គ្រាន់តែ​ពួកគេ​យល់ថា សេចក្តី​បង្រៀន​របស់​ព្យា​ការី​អស់​ទាំងនេះ​ត្រូវបាន​ពួក​ជ្វី​ហ្វ និង​ពួក​គ្រី​ស្ទា​ន​យកមក​ផ្សព្វផ្សាយ និង​អនុវត្ត​ខុសពី​ខ្លឹមសារ​ដើម​។ ហេតុដូច្នេះ​ហើយ​បានជា​ព្រះ​បញ្ជូន​មហា​ម៉េ​ដ ឲ្យ​មក​ធ្វើជា​ព្យា​ការី​ចុងក្រោយបង្អស់ ដើម្បី​នាំ​បន្ទូល​ពិត​របស់​ព្រះ និង​កែតម្រូវ​សេចក្តី​បង្រៀន​មុនៗ​។​
 
​នៅក្នុង​ប្រវត្តិ​នៃ​សាសនា​អ៊ីស្លាម គេ​ឃើញថា មហា​ម៉េ​ដ​មិន​ត្រឹមតែ​បាន​បង្កើត​សាសនា​អ៊ីស្លាម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ក៏បាន​បង្រួបបង្រួម​ក្រុម​កុលសម្ព័ន្ធ​អារ៉ាប់ ហើយ​បង្កើត​ទៅជា​រដ្ឋ​មួយ​ផងដែរ​។ មហា​ម៉េ​ដ មាន​តួនាទី គឺជា​មេដឹកនាំ​សាសនា​ផង ជា​មេដឹកនាំ​នយោបាយ​ផង និង​ជា​មេដឹកនាំ​កងទ័ព​ផង​។ នៅពេល​មហា​ម៉េ​ដ​ទទួលមរណភាព នៅ​ឆ្នាំ​៦៣២ បញ្ហា​មួយ​ក៏បាន​ផ្ទុះឡើង គឺ​បញ្ហា​អ្នក​ស្នង​តំណែង ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​មហា​ម៉េ​ដ​បាន​បង្កើត និង​បន្សល់ទុក​។​
 
​នៅពេលនោះ សហគមន៍​អ៊ីស្លាម​ភាគច្រើន​យល់ថា កាល​នៅរស់ មហា​ម៉េ​ដ​បានជ្រើសរើស អា​ប៊ូ បា​គ័​រ (Abu Bakr) ដែលជា​មនុស្ស​ជំនិត​ឲ្យ​ស្នង​តំណែង​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​។ ក៏ប៉ុន្តែ មាន​សហគមន៍​អ៊ីស្លាម​មួយផ្នែក​តូច​ជំទាស់ ដោយ​ពួកគេ​យល់ថា អ្នក​ដែល​មហា​ម៉េ​ដ​ជ្រើសរើស​ឲ្យ​ស្នង​តំណែង​មហា​ម៉េ​ដ គឺ អា​លី (Ali) ដែលជា​មនុស្ស​ជំនិត​ផង ជា​កូនប្រសារ​ផង និង​ជា​បងប្អូន​ជីដូនមួយ​ផង​របស់​មហា​ម៉េ​ដ​។​
 
​នៅ​ទីបំផុត គឺ​អា​ប៊ូ បា​គ័​រ ដែល​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អ្នក​ស្នង​តំណែង​មហា​ម៉េ​ដ​។ ក៏ប៉ុន្តែ ការ​ប្រេះឆា​គ្នា​ក៏បាន​កើតឡើង​រវាង​សហគមន៍​អ៊ីស្លាម​ទាំងពីរ​។ ភាព​ប្រេះឆា ដែល​បាន​រាលដាល រហូត​ធ្វើ​ឲ្យ​សាសនា​អ៊ីស្លាម​ត្រូវ​ពុះ​ចែកជា​ពីរ​ក្រុម​ផ្សេងគ្នា រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន គឺ​និកាយ​ស៊ុន​នី​ត និង​និកាយ​ស្ហ៊ី​អ៊ី​ត​។ អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុន​នី​ត ដែលមាន​ភាគច្រើន ជឿថា អា​ប៊ូ បា​គ័​រ ជា​អ្នក​ដែល​មហា​ម៉េ​ដ​បានជ្រើសរើស​ឲ្យ​ឡើងមក​ស្នង​តំណែង​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​។ ចំណែក​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ី​អ៊ី​ត ជឿថា អ្នក​ដែល​មហា​ម៉េ​ដ​បានជ្រើសរើស​ឲ្យ​ឡើងមក​ស្នង​តំណែង​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម គឺ​អា​លី​។ អ្នក​កាន់​និកាយ​ទាំងពីរ​នេះ នៅតែ​មើលមុខ​គ្នា​មិន​ចំ រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ​៕​ ប្រភព​វិទ្យុបារាំង

Mohamed_1

 

Leave a Reply

(*) Required, Your email will not be published