ពេល​ថ្នាក់ដឹកនាំ​ស្នងការ​មើលមុខ​គ្នា​មិន​ត្រង់ លោក ចៅ ម៉េង គិតតែ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ យកទៅ​ស្រង់ដើម

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ចាប់តាំងពី​លោក ចៅ ម៉េង បាន​​ឡើង​កាន់​តំណែង​​ជា ប្រធាន​ការិ​យា​ល័យ​​នគរ​បាល ប្រឆាំង​​បទល្មើស​​សេដ្ឋ​កិច្ច ប្រចាំ​ខេត្ត​​ព្រះ​សី​ហនុ ជំនួស​លោក ប៊ួ​រ សុ​ទ្ធី គេ​​សង្កេត​ឃើញ​​មន្ត្រី​នគរ​បាល សេដ្ឋ​កិច្ច​​មួយ​ចំនួន​​ដែល​​ពូកែ​កាប់​ដាវ ប្រមូល​លុយ​ពី​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ត្រូវបាន​បញ្ជូន​ឲ្យ​ចុះទៅ​ឈរជើង នៅតាម​ដងផ្លូវ​ដើម្បី​ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​រាប់​ក្បាល​ឡាន​ដឹកជញ្ជូន ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ បង្ខំ​ឲ្យ​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ ដែល​ករណីនេះ​គេ​អាច​វាយតម្លៃ​បាន​ថា អំឡុងពេល​ថ្នាក់ដឹកនាំ​ស្នងការ​មើលមុខ​គ្នា​មិន​ត្រង់ លោក ចៅ ម៉េង កំពុង​ព្យាយាម​តាម​គ្រប់​មធ្យោបាយ ក្នុងការ​ប្រមូល​លុយ​យកទៅ​ស្រង់ដើម​។​

ខេត្ត​ព្រះសីហនុ គឺជា​ចំណុច​យុទ្ធសាស្ត្រ នៃ​ការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​គ្រប់​ច្រកល្ហក​ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ហើយ​នៅតាម​ចំណុច​សំខាន់ៗ ដែលមាន​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ គេ​ឃើញ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង​បាន​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​អនាធិបតេយ្យ​បំផុត ចាំ​រាប់​ក្បាល​ឡាន​ដឹកទំនិញ​យកលុយ​។ ជាក់ស្តែង​នៅ​ចំណុច​ក្បែរ​ស្ថានីយ៍ រថភ្លើង​ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ មកពី​ផ្លូវ​សមុទ្រ​គេ​ឃើញ​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង បានដាក់​តុ​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ឲ្យ​រថយន្ត​ដឹកទំនិញ ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ ហើយ​មាន​ក្រុម​ចល័ត​ផ្សេងទៀត ទៅ​ឈរជើង​នៅតាម​ផ្លូវ​ជិត​ផែ​ទំនប់រលក ដើម្បី​ចាំ​ប្រមូល​លុយដុំៗ​ពី​ឈ្មួញ​ធំៗ​តែម្តង​។​

 

​ដោយឡែក​ការដឹកជញ្ជូន​ទំនិញ មកពី​ខេត្តកំពត និង​ខេត្តកោះកុង ដែល​ត្រូវ​ឆ្លងកាត់​ទឹកដី​ខេត្ត​ព្រះសីហនុ ក៏​មិនអាច​គេច​ផុតពី​ក្រសែភ្នែក​របស់លោក ចៅ ម៉េង នោះដែរ ហើយ​គេ​ដឹងថា​នៅតាម​ផ្លូវ​សំខាន់ៗ ទី​ដែលមាន​ដាក់​ប៉ុស្តិ៍​ជជុះ គឺ​មន្ត្រី​ជំនិត​របស់លោក ចៅ ម៉េង បាន​ឈរជើង​នៅ​ទីនោះ ហើយ​រូបភាព​ខ្លះ​ក៏មាន​ការជួល ប្រជាពលរដ្ឋ​ឬ​កូនក្មេង ឲ្យ​ចាំ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដើម្បី​បិទបាំង​រឿងអាស្រូវ​ផងដែរ​។ សម្រាប់​ការដឹកជញ្ជូន​ទំនិញ របស់​ឈ្មួញ​ជាច្រើន​មកពី​ខេត្តកំពត បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច ក្នុង​ខេត្តកំពត​រួចហើយ ត្រូវ​មក​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង មួយ​ជាន់​ទៀត ហើយ​ទម្រាំ​មកដល់​រាជធានី​ភ្នំពេញ គ្រាន់តែ​ការចំណាយ​លើ​ការ​បង់លុយ​ថ្លៃ​ក្បាល​ឡាន តាម​ប៉ុស្តិ៍​ជជុះ​អស់​ច្រើនសន្ធឹក​សន្ធាប់ សឹង​ថា​រកប្រាក់​ចំណេញ​មិនឃើញ​ទេ​។​

សូម្បីតែ​ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​រាប់រយ​កន្លែង ដែលមាន​ទីតាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​លោក ចៅ ម៉េង ពង្រាយ​កូនចៅ​ជំនិតៗ​របស់ខ្លួន ឲ្យ​ចុះទៅ​ឃ្លាំមើល​សកម្មភាព​ដឹកជញ្ជូន លើកដាក់​ទំនិញ បើ​មាន​ភាពមិនប្រក្រតី​ណាមួយ គេ​សុំ​ចុះ​ត្រួតពិនិត្យ​លើកដាក់​ទំនិញ នាំ​ឲ្យ​ខូចខាត​បាក់បែក​ឬ​ខាតបង់​ថ្លៃ​ពលកម្ម​។ ប៉ុន្តែ​សម្រាប់​ម្ចាស់​ឃ្លាំងទំនិញ មួយចំនួន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​វែងឆ្ងាយ ក៏​សុខចិត្ត​បង់លុយ​ប្រចាំខែ ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ ហើយ​មកដល់ពេលនេះ នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មិនទាន់មាន​ស្នាដៃ​អ្វី​ជា​ដុំកំភួន​ទេ ព្រោះ​លោក ចៅ ម៉េង គិតតែ​ពី​ការប្រមូល​លុយ ដើម្បី​យកមកចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

 

​គេ​ចង់ឃើញ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ចៅ ម៉េង ឡើងវិញ​ផង ព្រោះ​ស្នងការរង​ទទួល​ផែន ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក តាក វណ្ណ​ថា ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ចំពោះ​ភាពអនាធិបតេយ្យ​របស់​នគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង  ដែល​ករណីនេះ​គេ​សង្ស័យថា លោក ចៅ ម៉េង ចេះ​សែនព្រេន​ថ្នាក់លើ​ដើម្បី​ឲ្យ​អ្វីៗ​មាន​ភាពរលូន​ល្អ​គ្មាន​ឧបសគ្គ​។ សូម​រម្លឹកថា កាលពី​ជំនាន់​លោក ប៊ូរ សុ​ទ្ធី កាន់តំណែង​ជា​មេ​នគរបាល​សេដ្ឋកិច្ច ប្រចាំខេត្ត​ព្រះសីហនុ ធ្លាប់មាន​ស្នាដៃ​ល្អ ក្នុងការ​បង្ក្រាប​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ ទោះជា​មាន​ខ្នង​ប៉ុណ្ណា​ក៏ដោយ តែ​សម្រាប់​លោក ចៅ ម៉េង វិញ​គឺ​គិតតែ​ប្រមូល​លុយ​ស្រង់ដើម​៕

Wat-Choa-Meng

 

Leave a Reply

(*) Required, Your email will not be published