ប្រទេសចិន ៖ ម្ចាស់អចលនទ្រព្យចិនម្នាក់ បានចាប់ផ្តើមរុះរើផ្ទះវីឡារបស់គាត់ ដែលសាងសង់ដោយខុសច្បាប់ តុបតែងលំអរដោយសួនច្បារ, មានរុក្ខជាតិដុះជិតជុំដូចព្រៃភ្នំ ស្ថិតនៅកំពូលនៃប្លុកអគារផ្ទះល្វែង១កន្លែង ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានការប្តឹងផ្តល់ ពីសំណាក់អ្នកជិតខាងរបស់គាត់ និងការព្រមានពីរដ្ឋាភិបាល ។ រូបភាពថតពីលើអាកាស បង្ហាញឲ្យឃើញពីរចនាសម្ព័ន្ធផ្ទះវីឡដូចកូនភ្នំតូច ១ នេះ ស្ថិតនៅលើដំបូល នៃប្លុកអគារផ្ទះល្វែងកម្ពស់ ២៦ ជាន់ ១ កន្លែង ស្ថិតនៅជិតបឹងមួយ និងផ្លូវហាយវ៉េដែលមានមនុស្សធ្វើដំណើរកកកុញ ត្រូវបានបញ្ជូនរីករាលពាសពេញបណ្តាញអ៊ីនធើរណេត កាលពីសប្តាហ៍មុនបានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជន ចំពោះគំនិតសាងសង់ដែលគ្មានគិតពីគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ ។
អាជ្ញាធរបានចេញបញ្ជារឲ្យម្ចាស់សំណង់នេះដែលមានឈ្មោះ Zhang Biqing ត្រូវរុះរើចេញជាបន្ទាន់ក្នុងរយៈពេល ១៥ ថ្ងៃ ព្រោះវាជារចនាសម្ព័ន្ធខុសច្បាប់ទាំងស្រុង បន្ទាប់ពីពលរដ្ឋរស់នៅក្នុងប្លុកនេះ បានដាក់ពាក្យបណ្តឹងទៅរដ្ឋអំណាចក្នុងតំបន់ ។ ភ្នាក់ងារសារព័ត៌មានស៊ីហួរ បាននិយាយថា Zhang ជាគ្រូពេទ្យដែលមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់ គឺជាម្ចាស់ផ្ទះវីឡានេះ បានសន្យារុះរើររចនាសម្ព័ន្ធសំណង់របស់គាត់ ដែលមានទំហំ ៨០០ ម៉ែត្រការ៉េនេះ បន្ទាប់គាត់ត្រូវបានជូនដំណឹងពីគ្រោះថ្នាក់កើតឡើងដល់សាធារជន ដោយប៉ូលីស និង អាជ្ញាធរគ្រប់គ្រងក្រុង ។
ដោយឡែកពលរដ្ឋដែលរស់នៅក្នុងប្លុកនេះ បានប្រាប់ទូរទស្សន៍ Reuters ថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទម្ងន់បន្ថែមដែលកំពុងកើនឡើងនេះស្ថិតនៅពីខាងលើក្បាលរបស់ពួកគាត់ ។ លោក Chen Yu មន្ត្រីមកពីការិយាល័យអនុវត្តន៍ច្បាប់ និងគ្រប់គ្រងក្រុងស្រុក Haidian នៅប៉េកាំង ក៏បាននិយាយផងដែរថា អាជ្ញាធរនឹងចុះរុះរើផ្ទះវីឡានេះ ប្រសិនបើ Zhang មិនអនុវត្ត ៕