ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​បញ្ឈប់ ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​លទ្ធផល​បោះឆ្នោត​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ដោយសារ​​​មាន​​ប្រតិកម្ម ពី​​ប្រ​​ជា​​ពល​​រដ្ឋ​​​ជា​​​បន្ទ​​​បន្ទាប់ ក្រសួង​​មហា​​ផ្ទៃ​​​បាន​​ស្នើ​​​ឲ្យ​​​អា​​ជ្ញាធរ រាជ​​ធានី​-​​​ខេត្ត ត្រូវ​​​បញ្ឈប់​​​ជា​​បន្ទាន់ នូវ​​​ការ​​ប្រមូល​​​ស្នាម​មេដៃ ពី​ប្រ​​ជា​​ពល​​រដ្ឋ​​​ដើម្បី​​​គាំទ្រ​​​លទ្ធផល​​​បោះឆ្នោត  ខណៈ​​ដែល​​​ចលនា នៃ​ការប្រមូល​ស្នាម​មេដៃ នេះ បាន​កើតឡើង​កាន់តែច្រើន​ឡើងៗ ហើយ​ត្រូវ​អង្គការ​សង្គម​ស៊ីវិល​រិះគន់ថា បានបង្ហាញ​ពី​ភាពមិន​ឯករាជ្យ របស់​អាជ្ញាធរ​មូលដ្ឋាន​។

 

​នៅក្នុង​សេចក្តីប្រកាស មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា ការបញ្ជា​ឲ្យ​បញ្ឈប់​នូវ​ការប្រមូល ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺជា​ការរក្សា «​ពង្រឹង​អព្យាក្រឹតភាព របស់​អាជ្ញាធរ​សាធារណៈ នៅ​គ្រប់​ថ្នាក់​»​។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​សរសេរ​ទៀតថា​៖ «​អភិបាល​រាជធានី ខេត្ត ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ការធ្វើ​ញត្តិ​គាំទ្រ​លទ្ធផល នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៥ និង​បញ្ឈប់​ជាបន្ទាន់ នូវ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចលនា​ប្រជាពលរដ្ឋ ឲ្យ​ផ្តិតមេដៃ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​»​។​

ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន សេចក្តីរាយការណ៍​ជាច្រើន​ថា អាជ្ញាធរ​នៅតាម​ភូមិ សង្កាត់ ឃុំ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​បង្ខំចិត្ត​ផ្តិតមេដៃ​ឲ្យ ដោយ​អ្នកខ្លះ​ខ្លាច​មានការ​រើសអើង ពី​អាជ្ញាធរ​នៅពេល​ពួកគេ​ធ្វើលិខិត​បញ្ជាក់​ផ្សេងៗ ឬ​ត្រូវការ​ពឹងពាក់​អាជ្ញាធរ​ឃុំ​សង្កាត់​។ មិន​ត្រឹមតែ​អាជ្ញាធរ​ឃុំ សង្កាត់​ទេ សូម្បីតែ​នៅ​ខេត្តសៀមរាប មាន​ទាំង​មន្ត្រី​ថា្នក់​មន្ទីរ ក៏បាន​ហៅ​ក្រុម​អ្នក​សមាគម​ទេសចរណ៍​ផ្សេងៗ ឲ្យ​ផ្តិតមេដៃ​គាំទ្រ​លទ្ធផល​បោះឆ្នោត​បឋម​ផងដែរ​៕

Wat-0882_41n

 

Leave a Reply

(*) Required, Your email will not be published