ម៉ាក សែន​សូ​នី​តា លែង​ត្រូវ​ការ​ជំនួយ​ពី​បុរស​ណា​ទៀត​ហើយ !

, , Leave a comment

រាជធានីភ្នំពេញ ៖ កន្លងមកនេះ​មាន​ព័ត៌មានជាច្រើន​បាន​ចុះផ្សាយ​ជារឿយៗ​ថា ដើមទង​ដែល​ជួយ​ឱ្យ​តារា​សម្តែង​កញ្ញា ម៉ាក សែន​សូ​នី​តា វិវឌ្ឍន៍ខ្លួន​មកជា​តារា​មាន​ទាំង​កេរ្តិ៍ឈ្មោះ និង​ ទ្រព្យសម្បត្តិ​ទាំង​វ័យក្មេង គឺបណ្តាលមកពី​នាង​មាន​អ្នក​ជួយ​ទំនុកបម្រុង​ពីក្រោយ​ខ្នង ។ ចំពោះព័ត៌មាន​នេះ​បើទោះបីជា​តារា​វ័យ​ ១៩ ​ឆ្នាំ​រូបនេះ​មិន​ធ្លាប់បាន​បដិសេធក្តី ប៉ុន្តែ​មកដល់ពេលនេះ​នាង​បាន​និយាយថា នាង​លែង​ទទួលយកជំនួយ​ពី​បុរស​ណា​ទៀតហើយ គឺ​នាង​មានលទ្ធភាព​អាច​រកប្រាក់ដោយ​ខ្លួនឯងបាន ។ ​បើ​និយាយ​ពី​ភាពល្បីល្បាញ និង​រឿងរ៉ាវ​លេចឮ​របស់​តារា​សម្តែងរាងស្តើង ម៉ាក សែន​សូ​នី​តា ត្រូវបាន​គេសម្លឹង​ឃើញថា បាន​ដើរ​លើ​គន្លង​ផ្លូវព្រមៗ​គ្នា​តែម្តង​ហើយ ពីព្រោះ​តាំងពីតារា​រូបនេះ​ចាប់ផ្តើម​ចូលប្រឡូក​អាជីពសិល្បៈ​មកការងារ​របស់​នាង​ទទួលបានជោគជ័យ​គួរឱ្យកត់សម្គាល់ ហើយ​ថែមទាំង​ស្នេហា​ក្រៅ​ឆាក​វិញ​នោះ​ក៏បាន​ផុសផុល​ឡើង​មិនចេះចប់​ដែរ ។ ប៉ុន្តែ​មុននេះ​បន្តិច ម៉ាក សែន​សូ​នី​តា ហាក់​មាន​អារម្មណ៍ មិនសូវ​សប្បាយចិត្ត​ជាមួយ​បុរសៗ​ ដែលតែងតែ​ព្យាយាម​តាម​ស្រឡាញ់ ដោយនាង​បាន​និយាយប្រាប់​ថា នាងឈឺចិត្ត​ត្បិត​ចាញ់កល​ប្រុស​ព្រាន​ ពេលស្រឡាញ់​ថា​ល្អ ឃើញ​ភ្លាម​ស្រឡាញ់ភ្លែតតែ​មិនអាច​រក្សា​ក្តី​ស្រឡាញ់​ឱ្យយូរអង្វែង​បាន ។​

 

​ចំពោះ​ការបង្ហាញ​នូវ​អារម្មណ៍​មិនសូវសប្បាយចិត្ត​បែបនេះ​គឺ​ក្រោយ​ពេលដែល​តារា រូបនេះ​ចាប់ផ្តើម​មាន​ភាព​ហ៊ឺហា​ជិះ​រថយន្តទំនើប​មាន​លុយ​ចាយវាយ​ពេញដៃ និង​បានបង្កើត​មុខរបរ​ពីរ​ក្នុង​ពេល​មួយប៉ប្រិចភ្នែក​ដូច ជា​បើកហាង​សម្អាងការ វង់ភ្លេង​សម័យឱ្យ​បងប្រុស​របស់​នាង​ជា​អ្នកចាត់ចែង ។ ការបង្ហាញភាព​ថ្កុំថ្កើង​នេះ​ដូចជា​កាលពី​ពាក់កណ្តាល​ខែមីនាកន្លងទៅ នាង​បានរៀបចំ​ធ្វើ​ពិធី​ខួបកំណើត​យ៉ាងគគ្រឹកគគ្រេង​នៅ​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ហៅភ្ញៀវ​ចំនួន ​៥០ ​តុ ដោយ​ចំណាយ​ថវិកា​អស់​ជាងមួយ​ម៉ឺន​ដុល្លារ​ថែមទៀត​ផង ។ ការចំណាយប្រាក់​ដ៏​ច្រើន​ធ្វើ​ពិធី​ខួបកំណើត​នេះ ត្រូវបាន​គេគិតថា ប្រហែលជា សូ​នី​តា ទទួលបាន​កាដូពិសេស​ពី​បុរស​ណា​ម្នាក់​ហើយ​ទើប​មានលទ្ធភាពធ្វើ​ពិធី​ខួបកំណើត​ដែល​កម្រ​មាន​តារា​សិល្បៈ រូប​ណា​ធ្វើ​ដូច​នាង​បែបនេះ​? ។​

 

​ទោះបីជា ម៉ាក សែន​សូ​នី​តា បាន​បដិសេធថា នាង​មិនបាន​ទទួលយក​ជំនួយ​ពី​អ្នកណាហើយ ការចំណាយ​ប្រាក់​ដ៏​ច្រើន​នេះ គឺជា​ប្រាក់​ផ្ទាល់ខ្លួនរបស់​នាង​ ប៉ុន្តែ​ជាមួយគ្នា​នោះ​អ្វីដែល​ធ្វើឱ្យមតិ​​ជាច្រើន​មានការ​ចាប់អារម្មណ៍ គឺ​នាង​បានពោល​ពាក្យ​ថា ចាប់ពីពេលនេះ​តទៅ​នាង​មិនត្រូវការ​ជំនួយ​ពី​បុរស​ណា​ម្នាក់​ឡើយ ពោលគឺ​នាង មានលទ្ធភាព​អាច​រកប្រាក់​ដោយ​ខ្លួនឯងបាន ត្បិត​នាង​មានមុខ​របរ​ពីរ​បី​ដែល​អាចឱ្យ​នាង និងជួយ​គ្រួសារ​រស់​យ៉ាង​ស្រួល ។​

 

​ទន្ទឹមគ្នា​នោះ​នៅពេល​ក្រុមអ្នកកាសែត​សួរ​បញ្ជាក់ថា តើ​មាន​មូលហេតុ​អ្វី​បានជា​នាងនិយាយថា លែងយក​ជំនួយ​ពី​អ្នកណាម្នាក់​? តើនាង​ធ្លាប់មាន​អ្នក​ជួយ​ជ្រោមជ្រែង​ពីមុនមក​មែនទេ​? ចំពោះ​សំណួរ​នេះ ម៉ាក សែន​សូ​នី ដំបូង ហាក់​វ៉ា​ក់​អើ​! រក​ឆ្លើយ​មិន​រួច​នោះទេ ប៉ុន្តែ​នាងក៏បាន​កែសម្រួល​ងាក​មក​ឆ្លើយថា​… កន្លងមក នាង​ធ្លាប់បាន​ទទួលយក​ការជួយជ្រោមជ្រែង​ពីប៉ា​ម៉ាក់ ទាំង​ថវិកា និង​កម្លាំងចិត្ត តែ​ពេលនេះនាង​អាចមាន​លទ្ធភាព​រកប្រាក់​ជួយ​ខ្លួនឯង និងពួកគាត់​វិញ​បាន ដូច្នេះហើយ​ទើប​នាង​និយាយ ថា លែង​ទទួលយក​ជំនួយ​ពី​អ្នកណា​នោះ​! ។​

 

​ថ្មីៗ​នេះ​មាន​ប្រភពព័ត៌មាន​ចេញពី​អ្នកសិល្បៈដែល​ជិតដិត​ជាមួយ សូ​នី​តា បាន​បង្ហើប​ប្រាប់ថា នៅពេលនេះ​នាង​កំពុងមាន​បុរស អ្នកមាន​ទ្រព្យ​ក្នុងស្រុក​ម្នាក់​ព្យាយាម​តាម ស្រឡាញ់ និង​ចង់​បាន​​ធ្វើជា​គូ​អនាគត​ពេញ​ច្បាប់ ថែម​ទៀតផង ។ ប្រភព​ដដែល​នេះ​បន្តថា បើតាម​ព័ត៌មាន​ដែល​គេ​បានដឹង​គឺ​បុរស​ម្នាក់​នោះ កំពុង​ត្រៀមខ្លួន​ចូល​ចែចូវ​តារា​រូបនេះ​ដល់​ចាស់ទុំ​ថែម​ទៀតផង ។ ចំណែក​ខាង​ប៉ា​ម៉ាក់​របស់​នាងក៏​ប្រហែលជា​មិន​បដិសេធ​ទេ ព្រោះ​កូនៗ​គេត្រូវ​គ្នា​អស់ហើយ ហើយ​កាលដែល​នាង​ធ្វើ​ពិធីខួបកំណើត​ក៏​បុរស​ម្នាក់​នោះ​ជា​អ្នក​ជួយផ្តល់​ថវិកា ស្ទើរ​ទាំងស្រុង​ផងដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង ព្រោះគេ​នៅក្រៅ​រង្វង់​សិល្បៈ​មិន​ចង់បង្ហាញ​មុខ ។​ ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ​ សូ​នី​តា នាង បដិសេធថា មិនមែនជា​ការពិត​ទេ ព្រោះ​នាង មិនបាន​បង្កើត​ចំណងស្នេហា​ជាមួយ​បុរស​ណា ម្នាក់​ឡើយ​នៅក្នុង​ពេលនេះ ៕

S1 02730ccb-00d7-4121-95cf-eb6839fe7810 Mak_Sensonita06 Mak_Sensonita-05

 

Leave a Reply

(*) Required, Your email will not be published