ខេត្ដព្រះសីហនុ ៖ បុរសអ្នកមានមុខរបរជាអ្នកលក់សាច់ជ្រូកខ្វៃត្រូវបានក្រុងចោរប្លន់បាញ់សម្លាប់យកម៉ូតូ និងទ្រព្យសម្បត្ដិ បានដេកស្លាប់ក្នុងថ្លុក ឈាមយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៨និង១៥នាទី យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ នៅចម្ងាយប្រមាណជាង ២០ ម៉ែត្រមុខផ្ទះរបស់ជនរងគ្រោះដែលមានទីតាំងស្ថិត នៅខាងក្រោយអតីតសណ្ឋាគារភ្នំមាសក្នុងក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុង- ខេត្ដព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុខម៉េង ភេទប្រុស អាយុ ៤៩ ឆ្នាំ មានមុខរបរជាលក់សាច់ ជ្រូកខ្វៃ ត្រូវចោរបាញ់ចំក្បាលចំនួន ៣ គ្រាប់ ដោយកាំភ្លើងមិនស្គាល់ម៉ាកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរមានចម្ងាយ តែជាង២០ម៉ែត្រពីមុខផ្ទះរបស់ខ្លួន ។
សមត្ថកិច្ចបានបន្ដថា ក្រុមចោរប្លន់ បានយកម៉ូតូមួយគ្រឿង និងខ្សែកមាស មួយខ្សែទម្ងន់ ៣ តំឡឹង ៨ ជី គេចខ្លួនដោយសុវត្ថិភាព ។ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចំពោះករណីប្លន់ប្រដាប់អាវុធ ដែលតែងតែកើតមានជាបន្ដបន្ទាប់ នៅក្រុងព្រះសីហនុ ហើយក៏បង្ហាញពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា នៅក្រុងព្រះសីហនុគ្រាន់ តែពាក់កណ្ដាលខែសីហា ឆ្នាំ២០១៣ មានករណីប្លន់ប្រដាប់អាវុធបានកើត ឡើងចំនួន២លើក ហើយការប្លន់នៅផ្សារ លើចាត់ទុកថា សំណាងល្អមួយពាន់គ្រោះ ថ្នាក់ទៅលើជនរងគ្រោះ ពេលដែលក្រុម ចោរប្រើប្រាស់កាំភ្លើងខ្លី ហើយបាញ់ មិនចេញ ក្លាយទៅជាការប្រតាយប្រតប់ រហូតដល់ប្រជាពលរដ្ឋឃាត់ចាប់ចោរ ប្លន់ម្នាក់បញ្ជូនឱ្យសមត្ថកិច្ចចាត់ការ តាមនីតិវិធី ។ ជនរងគ្រោះដែលត្រូវបានចោរប្លន់ បាញ់សម្លាប់ខាងលើ បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យក៏ប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕