​​​​អង្គការ​សហប្រជាជាតិ​ ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ទាន់​លើ​ករណី​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី

, , Leave a comment

អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​លោក​ បាន​ គីមូន ​បាន​មាន​ប្រសាសន៍​ថា ​ការ​ចោទប្រកាន់​​លើ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ក្បែរ​រដ្ឋធានី​ស៊ីរី​ ​ ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាប់​ មិន​អាច​​ពន្យារ​បាន​ឡើយ​។ ​​​ប្រមុខ​ស្ថាប័ន​កំពូល​ដដែល​បាន​បញ្ជូន​ប្រធាន​​​សព្វាវុធ​លោកស្រី Angela Kane ​ទៅ​កាន់​ទីក្រុង Damascus ​​ដើម្បី​ជំរុញ​ការ​ស៊ើបអង្កេត។ ​នេះ​បើ​តាម​សម្ដី​អ្នក​នាំ​ពាក្យ​របស់​លោក​និយាយ​កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​។

 

​​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ស៊ីរី​​អនុញ្ញាត​ឲ្យ​​ក្រុម​ត្រួតពិនិត្យ​អាវុធ​​របស់​ខ្លួន​ដែល​កំពុង​ឈរ​ជើង​នៅ​ស៊ីរី​ស្រាប់​​​ធ្វើ​ការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​ចុងក្រោយ។ ទោះ​ជា​យ៉ាង​ណា​ ​រដ្ឋាភិបាល​ស៊ីរី​ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​នេះ​ បាន​មិន​បង្ហាញ​ពី​សញ្ញាណ​ណាមួយ​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើយ។

 

ស្រប​គ្នា​នោះ​ដែរ​ រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Laurent Fabius ​បាន​ព្រមាន​ថា ​បើ​ការ​អះអាង​ចុងក្រោយ​រក​ឃើញ​ថា​ពិត​មែន​នោះ​ ​ការ​ឆ្លើយ​តប​ដោយ​ប្រើប្រាស់​អាវុធ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង។ ​​ទោះ​ជា​បែប​នេះ​ក្ដី​ ​រដ្ឋមន្ត្រី​ដដែល​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​ការ​ឆ្លើយ​តប​ដោយ​អាវុធ​ខាង​លើ​នឹង​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​ការ​ជួយ​ជា​អាវុធ​ដល់​ក្រុម​ប្រឆាំង​ស៊ីរី ​ឬ​បារាំង​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់​នោះ​ទេ។

ងាក​ទៅ​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ប្រកាស​ក្ដែងៗ​​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​​ថា ​​បើ​ស៊ីរី​ប្រើប្រាស់​អាវុធ​គីមី​នឹង​ផុត​គំនូស​ក្រហម​របស់​ខ្លួន​នោះ​ ​ហាក់​នៅ​ស្ងាត់ស្ងៀម​​ដោយ​និយាយ​ថា ​រង់ចាំ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន។ ​អ្នក​នាំ​ពាក្យ​សេតវិមាន​លោក​ Josh Earnest ​បាន​លើក​ឡើង​ថា ​អាមេរិក​មាន​ក្ដី​រន្ធត់​នឹង​របាយការណ៍​ដ៏​​អាក្រក់​ពី​ស៊ីរី​ ​និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ចូលរួម​ជាមួយ​ UN ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ។ អាមេរិក​ហាក់​មិន​សូវ​បង្ហាញ​មុខ​ដូច​មុន​ ទំនង​ដោយសារ​​ចង់​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន​​ជា​អាទិភាព​លើ​កិច្ចការ​បរទេស។

​​ចំណែក​ឯ​ រុស្ស៊ី​ដែល​ជា​សម្ពន្ធមិត្ត​ដ៏​កៀក​កិត​របស់​ស៊ីរី​ឯណោះ​វិញ​​ក៏​បាន​​បើក​ភ្លើង​ខៀវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ខាង​លើ​ដែរ។ វិបត្តិ​​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​កំពុង​ធ្វើ​ឲ្យ​​​ពិភពលោក​​ភ្ញាក់​ ផ្អើល​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​ក្រុម​ប្រឆាំង​របស់​ប្រទេស​នេះ​បាន​បង្ហាញ​ ខ្សែ​វីដេអូ​ជា​ច្រើន​ឈុត​​ ដើម្បី​បញ្ជាក់​ថា របប​ដឹកនាំ​ដោយ​លោក​អាល់អាសាដ​បាន​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់​​ពលរដ្ឋ​ ស្លូតត្រង់​ប្រមាណ ​១.៣០០​នាក់​៕

e8200fa52302201c3b0f6a7067004d70 _69434308_damascus_chemattacks_624 Chemical-Weapon

 

Leave a Reply

(*) Required, Your email will not be published