អំពើពុករលួយ​ជា​ប្រព័ន្ធ ក្នុង​អង្គភាព​​​កង​​ទ័ព​​ជើង​​ទឹក ធ្វើ​ឲ្យ​​​ពល​​ទាហាន​ ឈឺចាប់​​​ចុក​​ចាប់​គ្មាន​​​ទីបញ្ចប់ សូម​​​ថ្នាក់​​លើ​​​ជួយ​​​រក​​​យុត្តិ​​ធម៌​​​ផង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សារលិខិត​​​អនាមិក​​​ជាច្រើន​​​ច្បាប់ របស់​​​ពល​​ទាហាន​​​តូច​​តាច នៅ​​ក្នុង​​​អង្គ​​ភាព​​​បញ្ជា​​ការ​​ដ្ឋាន កង​​ទ័ព​​ជើងទឹក បាន​​​រៀប​​រាប់​ពី​​អំពើពុក​​រលួយ ភាព​អស​កម្ម និង​​អំពើ​​បក្ខពួក​និយម រួម​ទាំង​ការ​តែង​តាំង មុខ​តំណែង​ នាយទាហាន ពលទាហាន មិន​ត្រឹមត្រូវ​តាម​ក្រឹត្យក្រម និង​អតីតភាព​ការងារ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ ត្រួតពិនិត្យ​ភាពមិនប្រក្រតី​របស់លោក ទៀ វិញ ឡើងវិញ​ជាបន្ទាន់ ព្រោះ​ភាពមិនប្រក្រតី​ទាំងនេះ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ របស់​ពលទាហាន​តូចតាច​។​

 

​ពលទាហាន​បាន​ទទូច​សុំ​ឲ្យ ក្រសួងការពារជាតិ ចុះ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ជាបន្ទាន់ ចំពោះ​ការដឹកនាំ​តាមរបៀប​ពុករលួយ អសកម្ម​របស់លោក ទៀ វិញ ជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​សន្តិសុខ​លំហ​សមុទ្រ ។ បច្ចុប្បន្ននេះ​លោក ទៀ វិញ បាន​ដឹកនាំ​ការងារ​ក្នុង​អង្គភាព ដូចជា​ក្រុមគ្រួសារ​របស់ខ្លួន ហើយ​មនុស្ស​មួយចំនួន ដែល​កាន់​ការងារ​សំខាន់ៗ ក្នុង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក សុទ្ធសឹង​ជា​សាច់ញាតិ និង​មាន​អាយុ​ក្មេងខ្ចី​បំផុត ដូចជា​ឈ្មោះ ឈួន ដែលជា​លេខា​ផ្ទាល់ បានធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍ កងទ័ពជើងទឹក​ទាំង​មូល ហើយ​សង្ឃឹមថា​ថ្នាក់លើ មិន​មើលរំលង​ពី​បញ្ហា​ដែល​កំពុង​កើតមាន ក្នុង​អង្គភាព​កងទ័ពជើងទឹក​នោះទេ​។​

ក្នុងចំណោម​បញ្ហាសំខាន់ៗ ដែល​ពលទាហាន​តូចតាច បានលើកឡើង​ទាក់ទិន ភាព​អសកម្ម​និង​ការដឹកនាំ ដ៏​អសមត្ថភាព​របស់លោក ទៀ វិញ មានដូចជា លោក ទៀ វិញ ជា​មនុស្ស​រៀនសូត្រ មិនបាន​ជ្រៅជ្រះ ធ្វើការ​តាមបែប​អត្តនោម័ត ធ្វើ​ការមិន​គោរព​ក្រឹត្យក្រម អាង​អំណាច រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មិន​ស័ក្តិសម​ទទួល​តំណែង ជា​ប្រធាន​អង្គភាព​ដល់​ទៅ ២​ស្ថាប័ន​នោះទេ​។ មាន​ករណី​រៃ​ង្គា​ស​ប្រាក់ ពី​នាយទាហានជាន់ខ្ពស់ ក្នុង​អង្គភាព​កងទ័ពជើងទឹក ក្នុង​ម្នាក់ៗ​ជាង ១​លាន​រៀល ដោយ​សំអាងថា យកទៅ​បង់​ជូន​ថ្នាក់លើ និង​ករណី​បង្ខិតបង្ខំ​ឲ្យ កង​វរៈ​ទាំងអស់​ប្រមូលប្រាក់ បង់​មក​ឲ្យ​លោក ទៀ វិញ យ៉ាងហោចណាស់ ៣​លាន​រៀល​ជា​កំណត់ ដើម្បី​ជួយឧបត្ថម្ភ​ដល់ ស្ថាប័ន​មួយចំនួន​។​

 

​ក្នុងករណី​ខុសឆ្គង​បន្តិចបន្តួច គឺ​ដៃជើង​របស់លោក ទៀ វិញ បានរៀបចំ​ឯកសារ​កា​ត់​ប្រាក់ខែ តាមរបៀប​ដាក់ពិន័យ លើ​ពលទាហាន​ទាំងនោះ រហូត​នាំ​ឲ្យ​ពលទាហាន​មួយចំនួន រង​នូវ​ភាពឈឺចាប់ ទ្រាំ​មិនបាន​ក៏​រត់ចោលជួរ ទៅ​រត់​ម៉ូតូឌុប​។ រាល់​ការនិយាយស្តី ឬ​បទបញ្ជា​ផ្សេងៗ​លោក ទៀ វិញ ធ្វើ​តាមរបៀប​ផ្តាច់ការ ហើយ​មានការ​ប្រកាស​ជា​ចំហ ឲ្យ​ពលទាហាន​នាយទាហាន​គោរព​បទបញ្ជា​របស់ខ្លួន ហើយ​ប្រសិនបើ​ពលទាហាន​ណា​ម្នាក់ មិន​ស្តាប់​តាម​បញ្ជា អាច​ប្រឈម​នឹង​ការ ដក​បញ្ឈរជើង ឬ​ដកហូត​ស័ក្តិ​ថ្មើ​ណា​ក៏បាន ព្រោះ​អ្នកសម្រេច​គឺជា​បង ទៀ បាញ់ របស់គាត់​។ មាន​ករណី​កាត់​ប្រាក់ខែ ពលទាហាន​ទាំងអស់​ជា​រៀងរាល់ខែ ប៉ុន្តែ​នៅពេល​យុទ្ធជន មាន​គ្រោះថ្នាក់​ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ គេ​មិនដែល​ឃើញ​យកប្រាក់ មកជួយ​ដោះស្រាយ​ទុក្ខលំបាក ដល់​ពលទាហាន​ទាំងនោះ​វិញ​ទេ​។​

មានការ​កាត់​ប្រាក់ខែ ពលទាហាន​ស្ទើរតែ​រាល់​ខែ មិនដឹង​ជា​យកទៅ​ធ្វើ​អ្វីខ្លះ​ទេ ហើយ​ពលទាហាន​ក៏​មិនអាច​សួរនាំ ពី​ហេតុផល​ដែល​ត្រូវ​កាត់​ប្រាក់ខែ​នោះដែរ គឺ​ត្រង់ចំណុច​នេះ​ពលទាហាន បាន​ទទូច​សុំ​ឲ្យ​ថ្នាក់លើ​មាន​ក្តី​សន្តោស​មេត្តា អាណិតអាសូរ​ដល់​ពល​ទាហាន​តូចតាច ដែល​ពួកគាត់​មាន​ប្រាក់ខែ​តិចតួច ខ្លះ​មាន​ប្រាក់ខែ​មិន​ដល់ ២០​ម៉ឺន​រៀល​ផង​ទេ ពេល​សង្គ្រាម​ពួកគាត់​បាន​ប្តូរ​សាច់ ប្តូរ​ឈាម ការពារ​ទឹកដី ជួយ​ឲ្យ​អស់លោក​មានអំណាច មិនគួរ​ធ្វើបាប​ពលទាហាន​តូចតាច​ទៀត​ទេ ។ សម្រាប់​ការដំឡើង​ឋានន្តរស័ក្តិ គឺ​ធ្វើ​តាមរបៀប​ពុករលួយ គេ​សង្កេតឃើញ​ពលទាហាន នាយទាហាន​ដែលមាន អតីតភាព​ការងារ បើ​គ្មាន​លុយ​បង់ថ្លៃ​ឡើង​ស័ក្តិ​ទេនោះ ច្បាស់​ជា​គ្មាន​ស័ក្តិ​ពាក់​ទេ ហើយ​មន្ត្រី​ដែល​ពូកែ​អែបអប ឬ​មាន​ប្រាក់ ៥​ពាន់​ដុល្លារ គឺអាច​ឡើង​ស័ក្តិ ឡើង​តំណែង​តាមចិត្ត​ចង់​។​

មានរឿង​រ៉ាវ​មិន​ប្រក្រតី​ជាច្រើន​ទៀត ដែល​ពលទាហាន នាយទាហាន​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​ដ៏​ពុករលួយ និង​អសកម្ម​របស់លោក ទៀ វិញ ដូចជា​ពេលកន្លងមក គ្រាន់តែ​នាយទាហាន​ធំៗ​មួយចំនួន ឡើង​ស័ក្តិ​ក៏មាន​ការតម្រូវ​ឲ្យ​កាត់​ប្រាក់ខែ ពលទាហាន​តូចតាច​ដែល​មិនបាន​ឡើង​ស័ក្តិ​នឹង​គេ យកទៅ​រៀបចំ​ពិធីជប់លៀង យ៉ាង​គគ្រឹកគគ្រេង គឺ​សប្បាយ​នៅលើ​គំនរ​ទុក្ខ របស់​ពលទាហាន​តូចតាច​។ គេ​តែងតែ​រំពឹងទុក​ថា ទុក្ខវេទនា​និង​អំពើ​ដែល​នាំ​ឲ្យ ប៉ះពាល់​ដល់​សតិអារម្មណ៍​នាយទាហាន ពលទាហាន​នៅពេលនេះ សមល្មម​ដល់ពេល​ថ្នាក់លើ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ មិនគួរ​ទុក​ឲ្យ​ពលទាហាន​តូចតាច បន្ត​ទទួលរង​នូវ​ការឈឺចាប់ ការកេងប្រវ័ញ្ច​ញើស​ឈាម​តទៅទៀត​ទេ​៕

Wat-Vinh

 

Leave a Reply

(*) Required, Your email will not be published