បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​​ទៅ​​តុលាការ​ ពាក់​ព័ន្ធ​​អំពើ​ពេស្យា​កម្ម​​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២២ សីហា នេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ស្ត្រី​មេអណ្តើក​ម្នា​ក់មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​លោក​ព្រះរាជអាជ្ញារង គឺ ប៊ុណ្ណា​រ៉ា សាកសួរ​ករណី នាំ​នារី​ពីរ​នាក់​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅធ្វើ​ស្ត្រី​ពេស្យារ​នៅ​ប្រទេស​ថៃ​។​ ស្ត្រី​រូបនេះ​ឈ្មោះ ជ្រា លីន​ដា ហៅ​វីន អាយុ​២៣​ឆ្នាំ ជា​អ្នករត់​តុ​នៅ​ភោជនីយដ្ឋាន​ជីកា​ហ្គោ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ រូបគេ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ សីហា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​នារី​២​នាក់​។​

 

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ សីហា ឈ្មោះ ជ្រា លីន​ដា បាន​ទៅ​ជួល​បន្ទប់​ស្នាក់​នៅក្បែរ​បន្ទប់​របស់​ពួកនាង ហើយ​ឈ្មោះ​នេះ បាន​និយាយថា មាន​បុរស​ម្នាក់​បបួល​ដើរលេង​ក្នុង​១​យប់ ដោយ​គេ​ឱ្យ​៣០០​ដុល្លារ ។​ ដោ​យសារ​ពួក​នាង​​ចង់បាន​ប្រាក់​ក៏​យល់ព្រម​ទៅតាម​ឈ្មោះ លីន​ដា ដោយ​ណាត់​ជួបគ្នា​នៅ​ក្លឹប​កម្សាន្ត​ស្កា​យ ម្តុំ​ផ្សារ​ដី​ហុយ និង​មាន​រថយន្ត​តាក់ស៊ី​មួយគ្រឿង​នៅចាំ​ទទួល​ពួកនាង ។

 

នៅពេល​ជួបជុំគ្នា​ហើយ​ឈ្មោះ លីន​ដា បាន​នាំ​ពួកនាង​ធ្វើដំណើរ​ទៅកាន់​ខេត្តកោះកុង និង​បាន​ឈប់​រថយន្ត​នៅ​ផ្សារ​មួយ​ដែល​ពួកនាង​មិន​ស្គាល់ បន្តិច​មក​ក៏មាន​មនុស្ស​ស្រី​ម្នាក់​ទៅ​ជួប ហើយ​នាំ​ពួកនាង​ដើរចេញ​ពី​ផ្សារ​ក្នុង​ខេត្តកោះកុង ឆ្លងកាត់​បន្ទាយ​ទាហាន ។​ អស់​រយៈពេល​ជាង​៣​ម៉ោង ទើប​ពួកនាង​ចូលទៅ​ដល់​ដី​ថៃ​គឺ​ស្រុក​ខ្លងស្រ៊ុន ដែលជា​តំបន់​ទេសចរណ៍​ផ្លូវភេទ រួច​ក៏មាន​អ្នក​ជូន​ពួកនាង​ចូល​ផ្ទះបន​មួយកន្លែង ដោយ​មនុស្ស​ស្រី​ម្នាក់​នោះបាន​ទៅ​ទំនាក់ទំនង​ជាមួយ​ថៅកែ​បន ។ ពេល​នោះគេ​បាន​សួរ​ពួកនាង​ថា តើ​ព្រមធ្វើ​ស្រី​បនទេ ?​ប៉ុន្តែ​ពួកនាង​បានប្រកែក ទើប​មេបន​នៅ​ស្រុក​ខ្លងស្រ៊ុន ប្រទេស​ថៃ ដេញ​ពួកនាង​ឱ្យ​វិល​មកវិញ ។

 

ក្នុង​ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ពួកនាង​មកដល់​ប្រទេស​កម្ពុជា ពួកនាង​បាន​ដើររក​ឈ្មោះ លីន​ដា ឃើញ​នៅ​បន្ទប់​ផ្ទះជួល ទើប​ទូរស័ព្ទ​ទាក់ទង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែម្តង ។ នៅ​​​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ លីន​ដា បាន​បដិសេធថា នាង​មិន​បានដឹង​ទេ ពោលគឺ​នាង​ធ្វើ​ទៅតាម​មនុស្ស​ស្រី​ម្នាក់​នោះ ដែល​មក​ទទួល​ពួកនាង​ទៅ​កោះកុង​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ស្ត្រី​រូបនេះ​មក​តុលាការ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន ជួញដូរ​មនុស្ស​ឆ្លងដែន​៕

1-4617

 

Leave a Reply

(*) Required, Your email will not be published