ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលត្រូវជាកូនស្រីសំណព្វចិត្តរបស់លោកស្នងការរងខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំទីប្រជុំជនផ្សារត្រាច ក្នុងស្រុកកំពង់ត្រឡាច ដោយការចាប់ខ្លួននេះ គឺយោងតាមដីកាចាប់ខ្លួនរបស់តុលាការសាលាដំបូងខេត្ត ដោយសង្ស័យជនល្មើសខាងលើនេះ មានជាប់ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើនេះមានឈ្មោះ យឹម ឌីណា មានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវជាកូនស្រីសំណព្វចិត្តរបស់លោកស្នងការរងខេត្តកំពង់ឆ្នាំង។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មនៅក្នុងខេត្តកំពង់ឆ្នាំង។ លុះដល់វេលាកើតហេតុ សមត្ថកិច្ចស៊ើបដឹងថា ជនសង្ស័យ កំពុងតែជិះរថយន្តធ្វើដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ទើបត្រូវសមត្ថកិច្ចដែលយាមល្បាតនៅតាមដងផ្លូវធ្វើការស្ទាក់ចាប់បានតែម្តង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការស៊ើបសួរជាបន្តទៀត។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលចំណាត់ការរបស់តុលាការ លើករណីកូនអ្នកមានអំណាចបុណ្យស័ក្តិ ដែលប្រព្រឹត្តខុសបែបនេះ តើនឹងត្រូវមានជោគវាសនាជាប់ក្នុងពន្ធនាគារបានយូរប៉ុនណា?