ការដឹក​​ជញ្ជូន​​​ឈើ​​របស់​​​​ឧកញ៉ា ​​ហេង តុលា និង​​​ឈ្មោះ ហេង ហៅ​​​ម៉ាង តាម​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ មាន​​​ម​ន្ត្រី​​​ប៉េអឹម​​លើ​​​ផ្ទៃ​ប្រ​​ទេស ជួយ​​​សម្រប​​សម្រួល​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ភាពអនា​​ធិប​​តេយ្យ​​​នៃ​ការ ដឹក​​ជញ្ជូន​​​ឈើ​​​​​គ្រ​​​​​ញូង​​​ខុសច្បាប់ ចេញពី​ច្រក​​ព្រំដែន​​​កម្ពុជា​-​ថៃ នៅ​​​ចំណុច​​​ស្រុក​​សំពៅ​លូន ស្រុក​​​ភ្នំព្រឹក និង​​​ស្រុក​ម៉ាឡៃ មិនបាន​​​ថម​​ថយ​​​​​​នោះ​​​ទេព្រោះ​​​ឈ្មួញ​ធំៗ​​​ប្រចាំខេត្ត​​​បាត់ដំបង ដូច​​ជា​​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ចំណុច​ច្រកព្រំដែន​យកមក​ស្តុក​ទុក នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅ​កណ្តាល​ក្រុង​បាត់ដំបង ហើយ​បន្ត​យកមក​ស្តុក​ទុក នៅ​ស្រុក​មោង​ប្ញ​ស្សី ដើម្បី​បន្ត​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៥  ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ​បំផុត​។​

 

​ជាធម្មតា​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា បាន​ពឹង​អាស្រ័យ​ឲ្យ​លោក វាសនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​រត់ការ​សម្របសម្រួល សម្រាប់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ពួកគេ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ សឹងតែ​ផ្តាច់មុខ​ទៅហើយ​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​រថយន្ត​ដឹកឈើ​គ្រប់​ធុន បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ជាច្រើន​ករណី គឺ​ភាគច្រើន​សុទ្ធតែជា​ឈើ​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ដែល​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​រត់ការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ប្រសិនបើ​រថយន្ត​ដឹកឈើ របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា មិន​ខូច​ឬ​ក្រឡាប់​តាមផ្លូវ​ទេនោះ គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។​

 

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ដែលជា​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល ប្រចាំខេត្ត​បាត់ដំបង មាន​សមត្ថកិច្ច​មួយចំនួន ជួយ​សម្របសម្រួល​រត់​ការ​តាំងពី​ចំណុច​ព្រំដែន រហូតដល់​ក្រុង​បាត់ដំបង និង​ស្រុក​មោង​ប្ញ​ស្សី គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់ បង្ក្រាប​ម្តងណា​ឡើយ​។ ពេលខ្លះ​មន្ត្រី​មួយចំនួន បានចាត់ទុក​ថាស​កម្ម​ភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា កាន់តែ​កក្រើក ពួកគេ​កាន់តែ​សើម​មាត់ អាច​ប្រមូល​ផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​ដោយ​មិន​ខ្វល់ខ្វាយ ពីបទ​បញ្ជា​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

ការដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​ចូល​ពី​ស្រុកថៃ តាម​ច្រកព្រំដែន​នៅ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​ម៉ាឡៃ  អាច​ដំណើរការ​ដោយ​រលូន​ល្អ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​មិនអាច​រំខាន​ដល់​សកម្មភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា នោះដែរ ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ជួយ​សម្របសម្រួល​ឲ្យ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ដឹកជញ្ជូន​ឈើ​យកមក​ស្តុក​ទុក នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅ​កណ្តាល​ក្រុង​បាត់ដំបង រួច​បន្ត​នាំយកមក​ស្តុក​ទុក នៅក្នុង​ឃ្លាំង​ចំនួន ២​កន្លែង​ទៀត ក្នុងស្រុក​មោង​ប្ញ​ស្សី ដែល​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា មានការ​យាមកាម​យ៉ាង​តឹងរ៉ឹង​។

 

​យ៉ាងណាក៏ដោយ​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តបាត់ដំបង ហាក់ដូចជា​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ទើប​មិនដែល​ចាត់វិធានការ បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ​ទាំង​២​នាក់​នេះ ឲ្យ​ស្របតាម​បទបញ្ជា​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តងណា​ឡើយ បើទោះបីជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ ឆ្លង​កាត់មុខ​សាលាខេត្ត​បាត់ដំបង​សឹង​ខូង​ផ្លូវ ទៅហើយ​ក៏ដោយ​។ រៀងរាល់​ការដឹកជញ្ជូន​ឈើ​ម្តងៗ គេ​រៀបចំ​កញ្ចប់​លុយ​សម្រាប់​បែងចែក ជូន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច កងរាជអាវុធហត្ថ តាម​ស្នាក់ការ​សន្តិសុខ មិនដែល​រំលង​ប៉ុស្តិ៍​ណាមួយ​ឡើយ ដើម្បី​កុំ​ឲ្យ​ការដឹកជញ្ជូន​ឈើ របស់​ពួកគេ​ជួប​ឧបសគ្គ​។

ជា​រៀងរាល់​យប់​មាន​រថយន្ត​ទំនើបៗ ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ដូច​គេ​ហែ​ខ្មោច​មិនតិចជាង ២០​គ្រឿង​នោះទេ ប៉ុន្តែ​មិនដែល​មានការ​បង្ក្រាប ម្តងណា​ឡើយ ក៏​ព្រោះតែ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ដងផ្លូវ​ពុករលួយ​ទទួលបាន ផលប្រយោជន៍​គ្រប់ៗ​គ្នា​។ អាច​បញ្ជាក់បាន​ថា ការរកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ឡើង​ដុះ​ស្លែ​ទៅហើយ​តាមផ្លូវ​ជាតិ​លេខ​៥ មាន​ភាពរលូន​ល្អ មិនដែល​មានការ​បង្ក្រាប លើកលែងតែ​រថយន្ត​ដឹកឈើ​ត្រូវ​ក្រឡាប់ ឬ​ខូច​តាមផ្លូវ ទើប​សមត្ថកិច្ច​អូស​យកទៅ បំពេញបែបបទ​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​។

លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ជា​អ្នកទទួលខុសត្រូវ​ធំ​បំផុត ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា​ការ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គួរតែ​ពិនិត្យឡើងវិញ​ពី​ភាព​អសកម្ម និង​អំពើពុករលួយ​របស់​ម​ន្ត្រី​និង​សមត្ថកិច្ច ដែល​ឃុបឃិត​ឲ្យ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើងវិញ​ផង ដែល​យ៉ាងហោចណាស់​ដើម្បី​បង្ហាញ ពី​ការយកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតមាន យ៉ាង​អនាធិបតេយ្យ​៕

Wat-4363

 

Leave a Reply

(*) Required, Your email will not be published