យក​ជីវិត​ចុងក្រោយ​​​​ធាក់​កង់​អូស​រទេះ​​ជួយ​និស្សិត​ក្រីក្រ​​​ជាង​៣០០​នាក់​​ឱ្យ​ទទួលបាន​ការ​អប់រំ

, , Leave a comment

ប្រទេសចិន ៖ ​បុរស​ចំណាស់​ជនជាតិ​ចិន​ម្នាក់​​​បាន​បង្ហាញ​ពិភពលោក​ថា ​មិន​មែន​ទាល់​តែ​ជា​សេដ្ឋី​ ឬ​អ្នក​មាន​ប្រាក់កាស​ហូរហៀរ​ទើប​អាច​ធ្វើ​បុណ្យបាន​​នោះ​ទេ។ ​បុរស​ចំណាស់​រូប​នោះ​មាន​ឈ្មោះ​ថា Bai Fangli ​បាន​ចំណាយ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​​សរុប ៣៥ ​ម៉ឺន​យន់​ (ប្រហែល ៥៧ ០០០ ដុល្លារ) ​ជួយ​ដល់​និស្សិត​ក្រីក្រ​ជាង​ ៣០០ ​​នាក់​ឲ្យ​បន្ត​ការ​សិក្សា​ដោយ​ការ​ធាក់​​រទេះ​កង់​បី។

 

បុរស​រូប​នេះ​ បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៥ ​​នៅ​អាយុ ៩៣ ​ឆ្នាំ​​ហើយ ​តែ​សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ត្រូវ​បាន​​កម្មវិធី​ Unsung Heroes ​របស់​ស្ថានីយ​ទូរទស្សន៍​ចិន​ CCTV ​ចាត់​បញ្ចូល​​ជា​វីរបុរស​ម្នាក់​ និង​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ទូទាំង​សាកល​បាន​ដឹង។ ​រយៈពេល​ជិត​ ២០ ​ឆ្នាំ​ក្នុង​ការ​សន្សំ​ប្រាក់​ដើម្បី​បរិច្ចាគ​ លោក​តា Bai Fangli ​ត្រូវធាក់​កង់​​អូស​រទេះ​ជា​រៀងរាល់​ថ្ងៃ។ ​ការ​បរិច្ចាគ​របស់​លោក​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ១៩៨៧ ​​ពេល​លោក​អាយុ ៧៤ ​ឆ្នាំ ​ដែល​កាល​ណោះ​លោក​ត្រៀម​ខ្លួន​ចូលនិវត្តន៍​​ពី​ការងារ។​

 

លោក​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​ ​និង​បាន​ឃើញ​ក្មេងៗ​ជា​ច្រើន​ធ្វើ​ស្រែ​ ចម្ការ​ជាជាង​ការ​ចូល​សាលារៀន​ ​​ដែល​នោះ​ជា​មូលហេតុ​ជំរុញ​ចិត្ត​លោក។ ​កូនស្រី​របស់​លោក​ឈ្មោះ Bai Jinfeng ​​បាន​រៀបរាប់​ថា ​ឪពុក​របស់​គាត់​បាន​សួរ​ថា ​ហេតុអ្វី​បាន​ជា​ក្មេងៗ​ទាំង​នោះ​មិន​ទៅ​សាលារៀន? ​អ្នក​ជិតខាង​ម្នាក់​បាន​ប្រាប់​គាត់​វិញ​ថា ​​ដោយសារ​តែ​ពួកគេ​ក្រីក្រ​ខ្លាំង​មិន​​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា។

 

​ដោយ​​ក្ដី​បារម្ភ​ ​ឪពុក​របស់​គាត់​បាន​បរិច្ចាគ​ប្រាក់​ ៥០០០​ យន់​ (ប្រហែល ៨១៧ ​ដុល្លារ) ​នៅ​ពេល​នោះ​ ​ដល់​សាលា​នានា​នៅ​ក្នុង​តំបន់។ ​​បើ​ទោះ​​ជា​នោះ​ជា​ចំនួន​ទឹកប្រាក់​តិចតួច​ក្ដី​​ តែ​សម្រាប់​លោកតា​ Bai ​ជា​​ប្រាក់​ទាំង​អស់​​ដែល​លោក​មាន​ជាប់​នឹង​ខ្លួន។

 

​​​​ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​ត្រឡប់​ទៅ​កាន់​ទីក្រុង Tianjin ​នោះ​វិញ​​​ ហើយ​បន្ត​ធ្វើការ​​ទៀត​ បើ​ទោះ​ជា​វ័យ​ជ្រេ​ខ្លាំង​ហើយ​ក៏ដោយ។ ​​ចំណូល​គ្រប់​កាក់​គ្រប់​សេន​ដែល​លោក​រក​បាន​គឺ​ ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​សិស្ស​ដែល​ក្រីក្រ​លំបាក។ ​​កូនៗ​របស់​លោក​​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​លោក​តា​ Bai ​​​ឈប់​ធ្វើការ​ និង​​​រីក​រាយ​ពី​ជីវិត​ចុងក្រោយ​​ដែល​លោក​នៅ​សល់​ ​តែ​ត្រូវ​លោក​ធ្វើ​គ​ធ្វើ​ថ្លង់​​មិន​ដឹង​មិន​ឮ។ ​

 

​អ្នក​ស្រី Bai Jinfeng ​បន្ត​ថា ​​នៅ​ពេល​នោះ​ ឪពុក​របស់​គាត់​ចេញ​ធ្វើ​ការ​តាំង​ពី​ព្រហាម ​​ទល់​ព្រលប់​ទើប​ត្រឡប់​មក​វិញ។ ​​ការ​ធ្វើ​ការ​ដ៏​លំបាក​នោះ​​​ បាន​ផ្ដល់​មក​វិញ​ជា​ចំណូល​ដល់​គាត់​ត្រឹម ២០ ទៅ​ ៣០​ យន់ (៣ ទៅ ៥​ដុល្លារ) ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​លោក​​បាន​យក​ប្រាក់​ទាំង​នោះ​ដាក់​ទុក​យ៉ាង​ប្រុងប្រយ័ត្ន។ បុរស​ចំណាស់​​​មាន​វិប្បដិសារី​ជា​ខ្លាំង​ដោយសារ​ខ្លួន​ជា​មនុស្ស​អវិជ្ជា។ ​ដូច្នេះ​ ក្ដី​សង្ឃឹម​របស់​លោក​គឺ​ ឃើញ​​ក្មេងៗ​ជំនាន់​​ក្រោយ​អាច​ផ្លាស់ប្ដូរ​វាសនា​ពួកគេ​តាម​រយៈ​ការ​អប់រំ។

 

​បន្ទាប់​មក​ទៀត​ ​ដើម្បី​ទទួល​ចំណូល​បន្ថែម​លោកតា​ Bai ​បាន​រើ​ទៅ​រស់នៅ​​ក្នុង​បន្ទប់​ដ៏​តូច​មួយ​ក្បែរ​ស្ថានីយ​រថភ្លើង​ Tianjin ​ដើម្បី​​ឲ្យ​លោក​អាច​រង់ចាំ​ភ្ញៀវ​បាន​​ពេញ​ ២៤ ​ម៉ោង។ ​នៅ​ទីនោះ​លោក​ទទួលទាន​អាហារ​​ថោកៗ ​និង​ស្លៀក​សំលៀកបំពាក់​ចាស់ៗ​​ប៉ុណ្ណោះ។ ​ពេល​លោក​ឈាន​ដល់​វ័យ ៨២​ឆ្នាំ ​​លោក​បាន​ធ្វើការ​សម្រេច​ចិត្ត​ថ្មី​មួយ​ទៀត​ដែល​កាន់​តែ​ធ្វើ​ឲ្យ​កូនៗ​របស់​លោក​ភ្ញាក់ផ្អើល​ជាង​មុន​ទៀត​គឺ ​ការ​បង្កើត​មូលនិធិ​គាំទ្រ​ការ​អប់រំ​​ផ្ដល់​កម្ចី​ដែល​និស្សិត​ត្រូវ​ការ​ជំនួយ​ខ្លាំង។ ​លោក Xu Xiuxiang ​ដែល​ជា​អ្នក​ធ្វើការ​ម្នាក់​ក្នុង​មូលនិធិ​គាំទ្រ​ការ​អប់រំ​​បាន​និយាយ​ថា៖ “គាត់ (លោកតា​ Bai) ​​មិន​ដែល​ភ្លេច​​ផ្ដល់​ប្រាក់​ដល់​សាលារៀន​នានា​ និង​ជារឿយៗ​​​បាន​ជំរុញ​ឲ្យ​ពួក​លោក​បរិច្ចាគ​ប្រាក់​ដែល​រក​បាន​ដល់​សាលា​ទាំង​នោះ​ផង​ដែរ។ ​​រៀងរាល់​ពេល​ដែល​លោក​​ បរិច្ចាគ​ប្រាក់ ​​លោក​មាន​​ក្ដី​រីករាយ​ជា​ខ្លាំង ​និង​តែង​និយាយ​ថា ​​លោក​បាន​បញ្ចប់​បេសកកម្ម​ថ្មី​ទៀត​ហើយ”។

 

ក្នុង​ឆ្នាំ​ ២០០១ ​​លោក​តា​ Bai ​បាន​ធាក់​កង់​អូស​រទេះ​របស់​លោក​ទៅ​កាន់​អនុវិទ្យាល័យ YaoHua ​​ដើម្បី​ផ្ដល់​ប្រាក់​ចុងក្រោយ​បង្អស់​​របស់​លោក។ ​ក្នុង​វ័យ​ជិត ​៩០ ​ឆ្នាំនោះ​​ លោក​តា​​បាន​និយាយ​ប្រាប់​​ដល់​សិស្ស​នៅ​ទីនោះ​ទាំង​អស់​ថា ​លោក​​អស់​កម្លាំង​ធ្វើការ​ទៀត​បាន​ហើយ។ ​សិស្ស​ និង​គ្រូ​ទាំង​អស់​នៅ​សាលា​នោះ​មាន​ការ​រំភើប​នឹង​ទឹកចិត្ត​របស់​លោក​រហូត​ស្រក់​ទឹកភ្នែក​គ្រប់ៗ​គ្នា។ ​​ពេល​នោះ​លោក​បាន​បញ្ជាក់​ថា៖ “ខ្ញុំ​សង្ឃឹម​ថា ​​សិស្ស​ទាំង​អស់​នឹង​ប្រឹងប្រែង​រៀនសូត្រ​ និង​ទទួល​បាន​ការងារ​ដ៏​​ល្អ​មួយ ​ហើយ​អាច​ចូលរួម​ចំណែក​ជួយ​ដល់​ប្រទេស​របស់​យើង​វិញ”។

 

​ដំណើរ​​​គាំទ្រ ​ផ្ដល់​ជំនួយ​​ដែល​លោកតា​ Bai Fangli ​បាន​ធ្វើ​គឺ​មាន​រយៈពេល​ជិត​ ២ ​ទសវត្ស។ ​នៅ​ឆ្នាំ​ ២០០៥ ​លោក​ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ថា ​មាន​ជំងឺ​មហារីក​សួត​ដំណាក់កាល​ចុងក្រោយ​ និង​បាន​ស្លាប់​នៅ​ពេល​នោះ។ ​​​បើ​ទោះ​​ជា​រូបលោក​បាន​ស្លាប់​ទៅ​ហើយ​ក្ដី​ តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​នៅ​តែ​​ត្រូវ​បាន​គេ​ចងចាំ​ជាប់​ជានិច្ច។ ​​សកម្មភាព​របស់​លោក​តា Bai ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​មិនមែន​ទាល់​តែ​មាន​ប្រាក់​ទើប​អាច​ធ្វើ​បុណ្យ​បាន​នោះ​ទេ។ ​អ្វី​ៗ​គឺ​អាច​ទៅ​រួច​ ដរាប​ណា​ ​អ្នក​ចង់​​សម្រេច​ក្ដី​ប្រាថ្នា​របស់​អ្នក៕

1 001ec94a1ee410a569632d 001ec94a1ee410a5699d2f

 

Leave a Reply

(*) Required, Your email will not be published