ចោរ​២​នាក់​ចូល​ប្លន់​ផ្ទះ​ដូរលុយនិងលក់​ឧបករណ៍​នេសាទ​ត្រូវ​ម្ចាស់ផ្ទះ​និង​អ្នក​ជិតខាង​ចាប់​បាន​ម្នាក់​

, , Leave a comment

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ ចោរប្លន់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​ម្ចាស់ផ្ទះ​ និង​អ្នក​ជិតខាង​ចាប់​បាន​ ខណៈ​ប្លន់​មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុងផ្ទះ​ដូរលុយនិងលក់​ឧបករណ៍​នេសាទ​មួយ​កន្លែង​ ស្ថិត​ក្នុង​ផ្សា​រលើ​ ក្រុម​២​ ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ​ម្ចាស់ផ្ទះ​ដែល​ជនសង្ស័យ​ចូល​ប្លន់​មិន​បាន​សម្រេច​នោះ​មានឈ្មោះ​ កៅ​ ថូ​ អាយុ​៤១​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ចាន់​ យី​ម​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​

 

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​រសៀល​ថ្ងៃ​ខាងលើ​មាន​បុរស​មិន​ស្គាល់​មុខ​២​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​លុយ​ពី​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ខាងលើ​ ដោយ​ម្នាក់​ជា​អ្នក​ចូល​ប្លន់​ និង​ម្នាក់​ទៀត​ចាំ​ផ្លូវ​ ។​ ពេល​ធ្វើ​សកម្មភាព​ប្លន់​ក្រុម​ចោរ​បាន​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​ជន​រង​គ្រោះ​ និង​គំរាម​យក​លុយ​ដាក់​ក្នុង​កាបូបដៃ​មួយ​ ។​ ពេល​នោះ​មាន​ក្មួយ​របស់​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ តាន់​ បូ​ឈួ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ បាន​មក​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ធ្វើ​ឲ្យ​ក្មួយ​ម្ចាស់ផ្ទះ​នោះ​បែកក្បាល​ដោយសារ​ជនសង្ស័យ​វាយ​នឹង​កាំភ្លើង​ ។​ ពេល​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ជួយ​អន្តរាគមន៍​ចាប់​កាំភ្លើង​មិន​ឲ្យ​ជនសង្ស័យ​បាញ់​បាន​ ព្រមទាំង​វាយ​ជនសង្ស័យ​ម្នាក់​យ៉ាង​ចាស់ដៃ​ទៀត​ផង​ ។​

 

​ប្រភព​បន្ត​ថា​ ក្រោយ​ពេល​ប្រតាយប្រតប់​គ្នា​នោះ​ជនសង្ស័យ​ម្នាក់​ដែល​នៅ​យាមផ្លូវ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ ។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ និង​ដកហូត​បាន​អាយុ​ខ្លី​២​ដើម​ មួយ​ដើម​ម៉ាក​ការ​៥៤​ និង​មួយ​ដើម​ទៀត​ម៉ាក​កា​៥៩​ ។​ ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ប្រគល់​ជនសង្ស័យ​ដែល​ចាប់​បាន​ខាងលើ​ឲ្យ​សមត្ថកិច្ច​ក្រុង​ចាត់ការ​ និង​ឲ្យ​បន្ត​ស្រាវជ្រាវ​ចាត់ការ​រក​ជនសង្ស័យ​ជា​បក្ខពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

 

Leave a Reply

(*) Required, Your email will not be published