រាជធានីភ្នំពេញ ៖ បុគ្គលិកបម្រើការរបស់សហគ្រាសផលិតឱសថ PPM ម្នាក់ បានស្លាប់ក្នុងសហគ្រាស ពេលបំពេញភារកិច្ចដោយបែកផ្លែ ដែកឆាប ត្រូវចំដោះម្ខាងហូរឈាម រហូតខ្សោះពីខ្លួនដាច់ខ្យល់ស្លាប់តែម្តង ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ ១ និង ៣០ នាទី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបរិវេណ សហគ្រាស ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលមកពីភាពយឺតយ៉ាវ និងខ្វះទំនួលខុសត្រូវក្នុងការបញ្ជូនជនរងគ្រោះទៅសង្គ្រោះ របស់ម្ចាស់សហគ្រាស ។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហ៊ុយ សុភា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ ជាបុគ្គលិកទូទៅ របស់សហគ្រាស រស់នៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅ ស្រុកកោះធំ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ និល វាសនា អាយុជិត៣០ឆ្នាំ រស់នៅជាមួយគ្នា។
មុនពេលកើតហេតុ ជនរងគ្រោះបានយក ម៉ូតូឆាបមួយ ទៅកាត់ផ្តាច់ ទុយោជ័រទំហំ ប្រហែលជា១តឹក ខណៈពេលកំពុងតែឆាបនោះ ស្រាប់តែបែកផ្លែដែក ឆាបបុកចំដោះ ខាងឆ្វេង ជម្រៅប្រហែល ជិត១ថ្នាំងដៃ ហូរឈាមស្រោចខ្លួនជោគ មួយសន្ទុះក្រោយ មកក៏ដាច់ខ្យល់ស្លាប់ក្នុង ថ្លុកឈាមគួរឲ្យអាណោចអធ័មបំផុត ។
សាក្សីខាងលើ បានបន្តទៀតថា ការស្លាប់នេះក៏ដោយសារ តែភាពយឺត យ៉ាវរបស់ក្រុមហ៊ុនផងដែរ ប្រសិនបើគ្រោះថ្នាក់ កើតភ្លាម បញ្ជូនទៅសង្គ្រោះភ្លាមៗ នោះ ជនរងគ្រោះ ទំនងជាអាចជួយសង្រ្គោះបាន ប៉ុន្តែដោយសារភាពរយីករយាក ទើបហូរឈាម ខ្សោះពីខ្លួនស្លាប់តែម្តង។ ម្យ៉ាងវិញទៀតក៏ដោយសារតែខ្លាចបែកធ្លាយ ព័ត៌មានទៅខាងក្រៅ ទុករហូត ដល់ជនរងគ្រោះស្លាប់។ ជាក់ស្តែង នៅខាងមុខសហគ្រាសគេឃើញ អ្នកសារព័ត៌មាន និងសមត្ថកិច្ចរួមជាមួយ ក្រុមគ្រួសារជនរងគ្រោះ ត្រូវបាន អ្នកយាមប្រចាំការនៅទីនោះ ហាមមិនឲ្យចូល។
សមត្ថកិច្ចមួយចំនួនទំរាំបានចូលអ្នកយាម ប្រចាំការនៅទីនោះឆ្លង យោបល់ចុះ ឆ្លងយោបល់ឡើង ប្រើរយៈកន្លះម៉ោង ឬជាងកន្លះម៉ោង ដែលនាំឲ្យប្រជាពលរដ្ឋឆ្ងល់ថា មនុស្សស្លាប់មួយ ទាំងមូលម្តេចក៏បិទបាំងព័ត៌មាន យ៉ាងដូច្នេះ គេមិនដឹងថា ក្រុមហ៊ុន មានបំណងយ៉ាងណានោះទេ ។ រហូតពេលនេះ គេពុំដឹងថា សាកសពត្រូវបញ្ជូនទៅណាមកណានោះទេ ។ទាក់ទិននិងរឿងរ៉ាវខាង លើពុំមានប្រភពមួយណាដើម្បីសុំការបំភ្លឺឲ្យដឹងពីមូលហេតុច្បាស់បានទេ ៕