របង​ថ្ម​កម្ពស់ ៣​ម៉ែត្រ របស់​ឧកញ៉ា ថោង សារ៉ាត់ ដែល​សាងសង់​មិន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស បាក់​រលំ​សង្កត់​កម្មករ​ស្លាប់ ២​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់ កម្មករ​ពីរ​នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម ដោយសារ របង​ផ្ទះ​លោក​ឧកញ៉ា ថោង សារ៉ាត់ ប្រវែង​ប្រមាណ​ជា ១៥​ម៉ែត្រ កម្ពស់​៣​ម៉ែត្រ បាន​ដួលរលំ​សង្កត់ កាលពី​ម៉ោង​ប្រមាណ ១០ ព្រឹក ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។​

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា របង​ថ្ម​នេះ​បាន​ដួលរលំ ខណៈដែល​កម្មករ​ជាច្រើន​នាក់ កំពុងធ្វើការ​ក្នុង​ការដ្ឋាន ផ្ទះល្វែង​ស្ថិតក្នុង​ទីតាំង​កើតហេតុ​ខាងលើ​។ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​យក​អេស្កាវ៉ាទ័រ​ជួយ​កកាយ រុករក​ជនរងគ្រោះ​ភ្លាមៗ​ផងដែរ​។

 

​រហូតដល់​ម៉ោង ១០ និង​៣៤​នាទី​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​រកឃើញ​កម្មករ​ម្នាក់ នៅក្រោម​គំនរ​របង​នោះ​ផងដែរ តែ​មិនទាន់​ដឹង​មាន​ស្ថានភាព យ៉ាងណា​នៅឡើយ​ទេ​។ បើតាម​កម្មករ​ធ្វើការ នៅក្នុង​ការដ្ឋាន​ខាងលើ បាន​សង្ស័យថា មាន​កម្មករ​ប្រមាណ​ជា ២​នាក់ ត្រូវ​របង​ថ្ម​បាក់​រលំ​សង្កត់​លើ​។ កម្មករ​រងគ្រោះ ដែល​អាជ្ញាធរ​ជីក​កកាយ​រកឃើញ មានឈ្មោះ ទូច ចម អាយុ ១៧​ឆ្នាំ​។​

 

ក្រុម​អ្នកជំនាញ​ផ្នែក​សំណង់ បាន​ឲ្យ​ដឹងថា របង​ផ្ទះ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ធ្វើ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន បច្ចេកទេស​នោះទេ ពោលគឺ​មិនបាន​ចាក់គ្រឹះ គ្រាន់តែ​ចាក់​ធ្នឹម​ប៉ុណ្ណោះ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​។ យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​លោក​ឧកញ៉ា ថោង សារ៉ាត់ ជា​មនុស្ស​ខ្វះ​ការទទួលខុសត្រូវ ធ្លាប់​បង្កបញ្ហា​ជាមួយ ប្រជាពលរដ្ឋនៅក្នុង​ភូមិ ច្រើនលើកច្រើនសារ​រួចមកហើយ​៕

gg (1) gg (3) gg (2)

 

Leave a Reply

(*) Required, Your email will not be published