ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់ បុរសបីនាក់ដែល ដែលជា មន្ត្រីប៉េអឹមខេត្តស្ទឹងត្រែង បើករថយន្តប្រដេញឡានដឹកឈើប្រណីតក្រឡាប់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៣នាក់ ក្នុងហេតុការណ៏ក្រឡាប់ រថយន្តម៉ាកប្រ៊ូស ពណ៌ទឹកប្រាក់១គ្រឿងដែលគេដឹងថា ជារបស់មន្ត្រីប៉េអឹមខេត្តស្ទឹងត្រែងជិះគ្នាច្រើននាក់ បានព្យា យាមបើក តាមប្រមាញ់ស្ទាក់ចាប់ ឡានដឹកឈើប្រណីតមួយគ្រឿង ត្រូវបានជ្រុលទៅបុក ចូលផ្ទះរបស់ប្រជាពលរដ្ឋ រួចក្រឡាប់ភ្លាមៗ។ ហេតុការណ៏ក្រឡាប់រថយន្តនេះ បានកើតឡើងកាលពី វេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៥ សីហា ២០១៣ ស្ថិតនៅចំណុចភូមិអូរប្ញស្សីកណ្តាល ឃុំអូរកណ្តាល ស្រុកសៀមបូក ។
បណ្តាលឱ្យមន្ត្រីប៉េអឹម៣នាក់ដែលជិះក្នុងរថយន្តរងរបួសធ្ងន់-ស្រាល ទោះជាយ៉ាងណា គេនៅពុំទាន់កំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ព្រោះបន្ទាប់ពីកើតហេតុ ត្រូវបានគេជម្លៀសចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ ចំណែករថយន្តក៏ត្រូវបានគេស្ទូចយកទៅបាត់ដែរ បន្សល់ទុកតែកាងរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ រីឯឡានដឹកឈើក៏រត់ទៅបាត់ស្រមោលដែរ ។ ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឱ្យម្ចាស់ផ្ទះរងរបួសនោះទេ គ្រាន់តែបាក់សំយាបផ្ទះ និងបាក់ស្លាកហាងជាច្រើនទៀត ។
បើតាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ រថយន្តជនរងគ្រោះបានបើកប្រដេញរថយន្តដឹកឈើក្រញូងរបស់ជនល្មើសចំនួន៤គ្រឿងដែលគេសង្ស័យថា ជារបស់ថៅកែឈ្មោះដួងដែលដឹកចេញពីខេត្តស្ទឹងត្រែង រាល់យប់ឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាមហើយមិនដឹងរថយន្តល្មើសបើកខោកឬយ៉ាងណាក៍ស្រាប់តែរថយន្តមន្ត្រីប៉េអឹម បានជ្រុលទៅបុក ចូលផ្ទះរបស់ប្រជាពលរដ្ឋ រួចក្រឡាប់ភ្លាមៗតែម្តង រីឯឡានដឹកឈើក៏រត់ទៅបាត់ស្រមោល ៕