មេភូមិ​ម្នាក់​ និង​មេ​ឃុំ​ម្នាក់​ បាន​​ស្លាប់​ ខណៈ​ដែល​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ

, , Leave a comment

ខេត្ត​ព្រះសីហនុ​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​ត្រូវ​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ហើយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ ត្រូវ​គេ​ស្គាល់​ថា​ ម្នាក់​ជា​មេឃុំ ​និង​ម្នាក់​ទៀត​ជា​មេ​ភូមិ​ ។ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ ១២ ​រំលងអធ្រាត្រ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០២-២០៣ ត្រង់ចំណុច​អូរ​កំបុត​(​ផ្លូវ​កោង​) ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

 

បុរស​ដែល​រងគ្រោះ​ដល់​ស្លាប់​ទាំងពីរ​នាក់​មានឈ្មោះ គា វូ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​ជា​មេឃុំ ឧកញ៉ា​ហេង រស់នៅ​ភូមិ​អូរ​តាប៉ាង ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង ឈ្មោះ អ៊ុំ ខ្នា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​ជា​មេភូមិ ឧកញ៉ា​ហេង មាន​ទីលំនៅ​ភូមិ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ អ្នក​ទាំងពីរ​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ដោយ​ខ្ទាត​ចេញពី​រថយន្ត​ចំងាយ​ប្រមាណ​៦​ម៉ែត្រ ។​

 

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​អ្នក​ទាំង​ពីរបាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​កា​មេ​រី​ហើម​ពណ៌​ស សេរី​១៩៩៥ ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ជន​រងគ្រោះ​ដែលជា​មេភូមិ បើក​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង នៅ​តំបន់​ស្មាច់​ដែង ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ ជា​ចំណុច​ផ្លូវ​កោង ស្រប​ពេលដែល​អ្នក​ទាំង​ពីរ​មាន​សភាព​ស្រវឹង​ផង​នោះ ក៏​បណ្តាល​ឲ្យ​រថយន្ត​ទៅបុក​បង្គោល​សុវត្ថិភាព​ផ្លូវជាតិ​អស់​ចំនួន​២​ដើម ហើយក៏​ក្រឡាប់​ជាច្រើន​ត្រឡប់ ផ្ងារជើង​ឡើងលើ​ទៅខាង​ស្តាំ​ដៃ ចំងាយ​ពី​ផ្លូវ​ប្រហែល​៧​ម៉ែត្រ ចំណែក​ជនរងគ្រោះ​ខ្ទាត​ចេញពី​រថយន្ត​ប្រមាណ​៦​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅក្បែរ​ព្រៃ  ។  សាកសព​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់  ៕

22 22 (1) 22 (2)

 

Leave a Reply

(*) Required, Your email will not be published