ប្រពន្ធ​ជាប់​សង្ស័យ​​ជាអ្នក​សម្លាប់ប្តី​​​ ជាបុគ្គលិកគ្រឹះ​​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ

, , Leave a comment

ខេត្ដស្វាយរៀង​ ៖​ អំពើ​ឃាតកម្ម​ដ៏​ឃោ​ឃៅ​លើ​បុរស​ម្នាក់​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​ក្រុង​ស្វាយ​រៀង​ ហើយ​ត្រូវ​បាន​ប្រពន្ធ​អះអាង​ថា​ សង្ស័យ​មិត្ដ​ភក្ដិ​សម្លាប់​ពេល​បបួល​ទៅ​ផឹកស៊ី​ប្លន់​យក​ចិញ្ចៀនពេជ្រ​ និង​ទូរស័ព្ទ​ទំនើប​មួយ​ គ្រឿង​នោះ​ តាម​ការ​ពិត​ឃាតក​គឺជា​ ប្រពន្ធ​សោះ​ ។​ ​នៅ​ក្នុង​សន្និសីទកាសែត​បង្ហាញមុខ​ ស្ដ្រី​ជា​ឃាតករ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៣​លោក​ ហែម​ សាបាន​ ស្នងការ​រង​ខេត្ដស្វាយរៀង​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​ កម្លាំង​ ជំនាញ​នៃ​ស្នងការ​ខេត្ដ​បាន​សហការ​ជា​ មួយ​នគរបាល​មូលដ្ឋាន​ ហើយ​ឈាន​ទៅ​ រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ ជន​រង​គ្រោះ​ ។​ បន្ទាប់​មក​ស្ដ្រី​ឈ្មោះ​ គូ​ ចាន់​ដា​នី​ អាយុ​២២​ឆ្នាំ​ ជា​ប្រពន្ធ​ជន​រង​ គ្រោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​ ៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ ដើម្បី​យក​មក​សួរ​ចម្លើយ​ជុំ​ វិញ​អំពើ​ឃាតកម្ម​ទៅ​លើ​ជន​រង​គ្រោះ​ ដែល​ជា​ប្ដី​ស្ដ្រី​ខាងលើ​នេះ​ ។​

 

លោក​វរសេនីយ៍ឯក ហែម សាបាន ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា តាម​ការពិនិត្យ​ទៅ​លើ​សព​និង​តាមដាន​ស្រាវជ្រាវ​រយៈពេល​៨១​ម៉ោង​ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​​បាន​ ហើយ​ឃាតក​នោះ​ជា​ប្រពន្ធ​ជនរងគ្រោះ​តែម្ដង គឺ​មាន​​ឈ្មោះ គូ ចាន់​ដា​នី អាយុ​២២​ឆ្នាំ ដោយ​ធ្វើ​សកម្មភាព​កាប់​ប្ដី​នៅ​លើ​ផ្ទះ​នឹង​កាំ​បិត​ប៉័ងតោ​ត្រូវ​ចំក្បាល​១១​កាំបិត ចំ​.ក​មួយ​ប៊ិះ​ដាច់​.ក។ ពេល​នោះ​ដោយ​ខ្លាច​ប្ដី​មិន​ស្លាប់​ ក៏​យក​ខ្សែភ្លើង​ឆក់​បន្ថែម​ទៀត​ រួច​ក៏​អូស​ពី​លើ​ផ្ទះ​មក​ដី​ដាក់​ខ្មោច​ចោល​មុខ​ជណ្ដើរ​ផ្ទះ ហើយ​យក​ស្បែកជើង​កោស​លុប​ឈាម​រួច​ក៏​ឡើង​ទៅ​ផ្ទះ​វិញ​លាង​ជូត​ផ្ទះ​ឲ្យ​បាត់​ស្នាម​ឈាម​ទាំងនោះ ដើម្បី​បំបាត់ភស្ដុតាង។

 

ស្នងការ​រង​បាន​បន្ត​ថា​ លុះ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​មនុស្ស​ស្លាប់​មុខ​ផ្ទះ​ ​ពេល​នោះ​ជន​សង្ស័យ​ជា​ប្រពន្ធ​​បាន​ធ្វើ​ជា​យំ​ស្រែកហៅ​ប្ដី​យ៉ាង​កំសត់​បំផុត រួច​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​នោះ​មាន​អ្នក​ទូរស័ព្ទ​ហៅ​ប្ដី​ទៅ​ផឹកស៊ី​ខាងក្រៅ ហើយ​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​ប្ដី​ពីរ​បី​ដង ប៉ុន្តែ​គាត់​មិន​ទទួល​ទូរស័ព្ទ​រហូតដល់​ទូរស័ព្ទ​លែង​ចូល​ទៀត។ លុះ​ព្រឹក​ឡើង​មាន​គេ​ផ្អើល​មើល​ខ្មោច​ច្រើន​ឈូឆរ ​បែរជា​ឆ្លើយ​បំភាន់​សមត្ថកិច្ច​ថា ប្ដី​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​ប្លន់​យក​ចិញ្ចៀនពេជ្រ​តម្លៃ​១៥០០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​តម្លៃ​៧០០​ដុល្លារ។

 

លោក​ស្នងការ​រង​បាន​បន្ត​ទៀត​ថា​ សមត្ថកិច្ច​យើង​បាន​តាមដាន​រក​មិត្តភក្ដិ​ដែល​ជិតស្និទ្ធ​ ហើយ​ធ្លាប់​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ​មក​សាកសួរ មិត្តភក្ដិ​ទាំងនោះ​បាន​ឆ្លើយ​ថា រយៈពេល​ជាង​១០​ថ្ងៃ​ហើយ​ពុំ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​នោះ​ទេ ហើយ​សមត្ថកិច្ច​យើង​បាន​ទៅ​ឆែក​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៀត​ទើប​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ពុំ​មាន​លេខ​ទូរស័ព្ទ​ណា​ទំនាក់ទំនង​មក​សោះ។ នៅ​ថ្ងៃជា​បន្ត​បន្ទាប់​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​ជនរងគ្រោះ​រក​ឃើញ​កាំបិត​ប៉័ងតោ​មួយ​ប្រឡាក់​សុទ្ធតែ​ឈាម, ចិញ្ចៀនពេជ្រ​​លាក់​ទុក​ក្នុង​ស្បោង, ​សំឡី​ត្បារ​ត្រចៀក, រូ​ឡូ​ភ្លើង​យក​ទៅ​ដុត​ចោល, ​ ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ដាក់​ស្បោង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ចានដែក​បោក​ខោអាវ, កន្ត្រក​ដាក់​ខោអាវ​ប្រឡាក់​សុទ្ធតែ​ឈាម រួម​ទាំង​កង្ហារ​នៅ​លើ​ផ្ទះ​ប្រឡាក់​ឈាម។ ដោយ​រក​ឃើញ​បែបនេះ​ទើប​សមត្ថកិច្ច​យើង​ហៅ​ជនសង្ស័យ​ជា​ប្រពន្ធ​មក​សាកសួរ រួច​ធ្វើការ​ឃាត់ខ្លួន​តែម្ដង។

 

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ គូ ចាន់​ដា​នី បាន​សារភាព​ថា ខ្លួន​នាង​ពិតជា​បាន​កាប់សម្លាប់​ប្ដី​នោះ​មែន ហើយ​ការ​កាប់​សម្លាប់​នោះ​មិន​មាន​អ្នកណាម្នាក់​ចូលរួម​នោះ​ទេ​គឺ​តែ​ម្នាក់​ឯង ក្រោយពី​សម្លាប់​ហើយ​លើកខ្មោច​ក៏​លើក​មិន​រួច ពេលនោះ​នាង​ក៏​ចាប់​ចង្កេះ​អូស​រំកិល​យក​មក​ដី​ទុក្ខ​ចោល​មុខ​ជណ្ដើរ​ផ្ទះ រួច​ឡើង​ទៅ​លើ​ផ្ទះ​ជូត​លាង​ឈាម​ដើម្បី​បំបាត់ភស្ដុតាង។

 

ឆ្លើយ​នឹង​សំណួរ​ថា​តើ​ហេតុ​អី​បាន​ជា​សម្លាប់​ជនរងគ្រោះនោះ​ នាង​​បាន​ឆ្លើយ​ថា ខ្លួន​ខឹង​ប្ដី​ដើរ​ទៅ​ផឹកស៊ី​ខាងក្រៅ​ញឹកញាប់​និយាយ​មិន​ស្ដាប់ ហើយ​ម្យ៉ាងទៀត​នាង​មាន​ប្រុស​ស្នេហ៍​ម្នាក់ទៀត​ដែល​ទាក់ទង​គ្នា​តាម​ហ្វេស​ប៊ុក​ ហើយ​ចេះតែ​ក្ដៅក្រហាយ​បាន​ជា​ចិត្តដាច់​បែបនេះ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

rith-14-08-13-d-full 222222

 

Leave a Reply

(*) Required, Your email will not be published