ក្មេង​ពីរ​នាក់​ទៀត​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1

, , Leave a comment

ខេត្តកណ្តាល ៖ ក្រុម​មន្រ្តី​សុខាភិបាល​បាន​និយាយ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្មេង​ពីរ​នាក់​បាន​កើត​ជំងឺ​ផ្តាសាយ​បក្សី H5N1 ហើយ​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ គន្ធបុប្ផា នៅ​ភ្នំពេញ និង​ខេត្ត សៀមរាប។

 

លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៅ​ក្រសួង​សុខាភិបាល បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ថា ក្មេង​ពីរ​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន​មេរោគ H5N1 នេះ គឺ​ក្មេង​ប្រុស​វ័យ ៤ ឆ្នាំ​ម្នាក់​នៅ​ខេត្ត សៀមរាប និង​ក្មេង​ស្រី​ម្នាក់​ទៀត​វ័យ ៥ ឆ្នាំ​នៅ​ខេត្ត កណ្តាល​។ លោក​បន្ត​ថា ៖ «បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គន្ធបុប្ជា ខេត្ត សៀមរាប និង​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ហើយ​យើង​នឹង​ចេញ​ព័ត៌មាន​នេះ​នៅ​ថ្ងៃ​ស្អែក»។

 

លោក ទីន ពិសិទ្ធ អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត កណ្តាល បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្មេង​ស្រី​ឈ្មោះ ហាក់ គឹមឡុង បាន​ធ្លាក់​ខ្លួន​ឈឺ​ចាប់​តាំង​ពី​ដើម​ខែ​នេះ ប៉ុន្តែ​ម្តាយ​របស់​នាង បាន​ព្យាបាល​នាង​នៅ​ក្នុង​ភូមិ។ លោក បាន​ថ្លែង​បន្ត​ថា៖ «មុន​ពេល​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ គន្ធបុប្ផា ម្តាយ​របស់​នាង​បាន​ព្យាបាល​នាង​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ​នៅ​មូលដ្ឋាន ប៉ុន្តែ​នាង មិន​បាន​ធូរ​ទេ»។ លោក ទីន ពិសិទ្ធ បាន​ថ្លែង​ថា ក្រុម​មន្រ្តី​សុខាភិបាល​បាន​ចុះ​ទៅ​បូម​ឈាម​អ្នក​ភូមិ ដែល​បាន​ប៉ះ​ពាល់​ក្មេង​ស្រី​នោះ​ដើម្បី​ធ្វើ​តេស្ត​ក្រែង​លោ ពួក​គេ ឆ្លង​មេរោគ​នេះ។

 

លោក ពិសិទ្ធ បាន​ថ្លែង​បន្ត​ថា៖ «ក្រុម​មន្រ្តី​សុខាភិបាល​បាន​បូម​ឈាម​ពី​មនុស្ស​ប្រមាណ ៣០ នាក់​យក​ទៅ​ពិនិត្យ»។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ ហើយ​បាន​បង្វែរ​សំណួរ​នេះ​ទៅ​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង ដែល​មិន​អាច​ទាក់​ទង​បាន​កាល​ពី​ថ្ងៃ​ម្សិលមិញ។

 

នេះ​ជា​ករណី​លើក​ទី ១៦ ហើយ​នៅ​ឆ្នាំ​នេះ ហើយ​ក្មេង​ទាំង​ពីរ​នាក់​នេះ ជា​មនុស្ស​ទី៣៦ និង ៣៧ ដែល​បាន​ឆ្លង​មេរោគ H5N1 នៅ​ប្រទេស​កម្ពុជា៕ NR ប្រភព ភ្នំពេញប៉ុស្តិ៍

130813_04a

 

Leave a Reply

(*) Required, Your email will not be published