រាជធានីភ្នំពេញ ៖ ខណៈដែលប្រជាប្រិយភាពកើនឡើងមួយប្រាវនិងចាប់បានឱកាសបណ្តើរគ្នាជាមួយពិធីករពោះម៉ាយក្តៅៗសម្ដីប៉ប៉ាច់ប៉ប៉ោច លោក អ៊ឹង រដ្ឋាហៅទុយ ចេញទៅកើបប្រាក់នៅឯសហរដ្ឋអាមេរិកទាំងមន្ទិលស្នេហ៍ដ៏ក្តៅគគុកជាមួយគ្នាផងនោះពេលនេះទីផ្សារសិល្បៈរបស់អតីតតារាចម្រៀងដែលធ្លាប់មានសន្ទុះកេរ្តិ៍ឈ្មោះនិងទីផ្សារខ្ពស់គួរសមកាលពីនៅក្នុងផលិតកម្មM កញ្ញា ស៊ឹម ថៃណាបានកម្រើកគួរឲ្យចាប់អារម្មណ៍ ក្រៅពីដំណឹងថានៅផ្ទះដេកស៊ីនោះ។
នាង ស៊ឹម ថៃណា បានទទួលស្គាល់ថា មួយរយៈកន្លងមកនេះនាងពិតជាទំនេរពីការងារសិល្បៈមិនដែលបានចេញថតចម្រៀងឬក៏សម្តែងឈុតអ្វីនោះទេ ប៉ុន្តែនាងបែរជាបដិសេធមិនពន្យល់ពីភាពអវិជ្ជមានពីការធ្លាក់ចុះការងារសិល្បៈរបស់នាងនោះឡើយ ដោយនាងលើកហេតុផលថា នាងមិនមានអ្វីថ្មីនិងមិនមានអ្វីដែលត្រូវសារព័ត៌មានសម្ភាសយកទៅចេញផ្សាយដែរ ព្រោះវាជារឿងដដែលៗ។
បន្ថែមលើពាក្យសម្ដីចុងមាត់ចុងកបែបការវាយឫកនោះ តារាដែលផ្តើមស្រអាប់ពន្លឺបន្ទាប់ពីចុះចេញពីទ្រនំM រូបនេះបញ្ជាក់ទៀតថា កន្លងមកមានទស្សនាវដ្តីច្រើនណាស់ តែងយករឿងនាងទៅចុះផ្សាយ ដោយមិនដែលបានធ្វើបទសម្ភាសជាមួយនាង ដែលការចេញផ្សាយរបស់ពួកគេនោះមិនមែនជាការពិតផង តែចេះតែយកទៅចុះផ្សាយ។
នាងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«មួយរយៈនេះខ្ញុំមិនមមាញឹកនឹងការងារសិល្បៈឡើយ អាចនិយាយបានថា នៅតែផ្ទះដេកស៊ីៗហ្នឹង។ មិនថាច្រៀងខនសឺតតាមខេត្តឬការប្រគំតន្រ្តីចុងសប្តាហ៍ទេមិនមានគេហៅទេ មួយថ្ងៃៗនៅតែផ្ទះចំពោះដំណឹងចេញច្រៀងក្រៅប្រទេសក៏មិនមានដែរ»។
បើទោះជាស្រីស្រស់ដើមទ្រូងសិចស៊ីត្អូញត្អែរពីការងារសិល្បៈនៅមួយរយៈចុងក្រោយយ៉ាងនេះក្តីប៉ុន្តែនាងបែរជាបង្ហាញការរំពឹងដោយមុតមាំទាំងខ្លួនមិនមានទ្រនំជ្រកថា ដាច់ឆ្នាំ ២០១៣នេះការងារសិល្បៈរបស់នាងនឹងកម្រើកឡើងវិញ ទាំងការងារក្នុងស្រុក និងក្រៅស្រុក។ នាងនិយាយថា៖«មួយរយៈនេះ ខ្ញុំនៅផ្ទះក៏មិនដេកស៊ីៗអត់អំពើដែរ ក៏មានការហាត់សមខ្លះៗដែរទាំងក្បាច់រាំ និងរិះរកនូវអ្វីប្លែកថ្មីសម្រាប់យុវវ័យសម័យថ្មីខ្លះដែរ»។
តារាចម្រៀងនិយមតុបតែងខ្លួនខើចលើខើចក្រោមសម្ញែងដើមទ្រូងធ្វើឲ្យបុរសជាច្រើនឈ្លក់វង្វេងនាងស៊ឹមថៃណាកាលពីមុនចុះចេញពីផលិតកម្មអឹមក៏លេចឮព័ត៌មានថានាងមានទ្រនំថ្មីហើយត្រៀមវាយលុកទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែរហូតដល់ពេលនេះ មិនត្រឹមតែធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំអ៊ុតឡើងផ្សារភ្នែកនោះទេ តែផ្ទុយទៅវិញគេបែរជាកេរ្តិ៍ឈ្មោះរបស់នាងហាក់កាន់តែស្ងាត់ដូចចោរលួចសេះមិនសូវឃើញនាងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍និងមានបទចម្រៀងថ្មីៗចេញលក់នៅលើទីផ្សារដូចការរំពឹងទុកនាងមុនពេលដើរចេញពីផលិតកម្មចាស់នោះទេ។
មហាជនពិសេសយុវវ័យដែលតែងគាំទ្រនាងបានសម្តែងការព្រួយបារម្ភខ្លាចធ្លាក់ប្រជាប្រិយភាពព្រោះតែភាពស្ងាត់ជ្រងំរបស់នាង។ ដោយពួកគេនាំគ្នានិយាយថា បើ ស៊ឹម ថៃណា នៅតែស្ងប់ស្ងាត់មិនមានវត្តមានក្នុងនាមជាសិល្បៈចម្រៀងទៀតនោះ ថាមិនបានប្រជាប្រិយភាពរបស់នាងអាចនឹងពិបាកដើរទាន់មិត្តភក្តិក្នុងអាជីពមួយនេះណាស់ ហើយមួយទៀតអ្នកជំនាន់ក្រោយៗក៏អាចនឹងបំបាក់ប្រជាប្រិយភាពនាងផងដែរ៕
ប្រភព ភ្នំពេញប៉ុស្តិ៍