ខេត្តបាត់ដំបង ៖ ជនសង្ស័យ ៤ នាក់ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃចន្ទម្សិលមិញពីបទចែកចាយថ្នាំញៀនបន្ទាប់ពីកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍។
លោក អ៊ុក សុវណ្ណារិទ្ធ ចៅ ក្រមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា៖«ខ្ញុំបានចេញដី-ការឃុំខ្លួនជនត្រូវចោទទាំងនោះ រួចបានបញ្ជូនទៅឃុំខ្លួននៅពន្ធ-នាគារអស់ហើយ»។ លោកវរសេនីយ៍ត្រីខៀវ ឈឿត ប្រធានស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងកាលពីម្សិលមិលថា ជនសង្ស័យមានឈ្មោះ ហេង ស្រីយ៉ា (ស្រី) អាយុ ២២ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រកឃើញម៉ា ទឹកកក ១ ថង់តូច និងសម្ភារ ប្រើប្រាស់មួយចំនួនទៀត រួចទើបឈានទៅចាប់ខ្លួន ជន សង្ស័យ ៣ នាក់ទៀតគឺ អឹុង វុទ្ធី ហៅសក់វែង (ប្រុស) អាយុ ៣០ ឆ្នាំ នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង អាំ សំណាង (ប្រុស)អាយុ ២៩ ឆ្នាំ នៅភូមិសំរោង ក្នុងឃុំសំរោង ក្នុងស្រុកឯកភ្នំ និងសម រី(ប្រុស)អាយុ ១៨ ឆ្នាំ នៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង។
លោកបន្ថែមថា នៅវេលាម៉ោង ៤ កន្លៈល្ងាចថ្ងៃសៅរ៍ កម្លាំងរបស់លោក ទទួលបានព័ត៌មានថា មានការចែកចាយថ្នាំញៀន នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត។ នៅពេលនោះលោកបានបញ្ជា ឲ្យកងកម្លាំង ១ ក្រុមចុះធ្វើការស្រាវជ្រាវ ហើយបានធ្វើការឃាត់ខ្លួនស្រ្តី ហេង ស្រីយ៉ា ដកហូតបានវត្ថុតាង មានថ្នាំញៀន និងសម្ភារៈប្រើប្រាស់ មួយចំនួន ជាបទល្មើសជាក់ស្តែងនិងឈានទៅឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់ផ្សេងទៀត នៅម៉ោង ៧ និង ៤៥ នាទីយប់ថ្ងៃដដែល នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ។ ជនសង្ស័យទាំងនោះត្រូវនាំយកមកការិយាល័យជំនាញ ដើម្បីសាកសួរ។ ជនសង្ស័យទាំង ៤ នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀន ពិតប្រាកដមែន៕