ខេត្តបាត់ដំបង ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១១សីហា ២០១៣ នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីនារីម៉ាស្សាម្នាក់ប្ដឹងចោទថា បានល្បូងនាងយកទៅរំលោភដល់ក្នុងផ្ទះ។ ជនបរទេសនោះឈ្មោះរ៉ូប៊ឺត ភិធ័ររ៉ូឆត់ អាយុ៦១ឆ្នាំជាជនជាតិអូស្ត្រាលី មានផ្ទះស្នាក់នៅក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ បុរសនេះអះអាងថា ខ្លួនចូលមកប្រទេសកម្ពុជា៣ឆ្នាំហើយ ធ្វើជាគ្រួបង្រៀននៅសាកលវិទ្យាល័យ UBB និងនៅACD ក្នុងក្រុងបាត់ដំបង។
សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនជនបរទេសរូបនេះ គឺបន្ទាប់ពីនារីម៉ាស្សាម្នាក់ អាយុ២៧ឆ្នាំ បម្រើការក្នុងហាងម៉ាស្សាយីហោ«៩៩៩»ក្នុងភូមិព្រែកព្រះស្ដេច ក្រុងបាត់ដំបង ប្ដឹងចោទថា បានហៅនាងទៅម៉ាស្សា ប៉ុន្តែបែរជាចាប់នាងរំលោភគ្មានប្រណីនៅក្នុងផ្ទះ រហូតនាងរត់ចេញក្រៅដើរស្ទើរមិនរួច។ នារីម៉ាស្សា បានបំភ្លឺថា បុរសជនបរទេសនេះបានហៅ នាងទៅម៉ាស្សាឲ្យតាំងពីម៉ោង៤រសៀលនាថ្ងៃនោះ ក្នុងតំលៃ១០ដុល្លាអាមេរិក។ ប៉ុន្តែ នាងស្មានថា ឲ្យទៅម៉ាស្សានៅផ្ទះសំណាក់ឬសណ្ឋាគារ បែរជាដឹកនាងទៅផ្ទះដែលជននេះស្នាក់នៅទៅវិញ។ នាងនិយាយថា ពេលទៅដល់ផ្ទះភ្លាម បុរសនេះបានបង្ខំឲ្យនាងដោះសម្លៀកបំពាក់ងូតទឹក ដោយខ្លាចជននេះធ្វើបាបនាងក៏ធ្វើតាម លុះងូតរួចជននេះចាប់នាងអោបថើប និងអូសនាងចូលបន្ទប់ចាប់នាងរំលោភតាមអំពើរចិត្ត ថែមទាំងប្រើប្រាសកាមេរ៉ាថតពីសកម្មភាពចាប់រំលោភនោះទៀតផង។
នារីម៉ាស្សា បញ្ជាក់ថា បុរសនោះបានបង្ខំរួមរ័ក្សជាមួយនាងជិត១ម៉ោង ធ្វើឲ្យនាងទ្រាំមិនបាន ក៏ប្រឹងរើបំរាស់រត់ចេញក្រៅផ្ទះ ស្រែកឲ្យគេជួយ និងរត់ទៅសម្ងំក្នុងផ្ទះអ្នកជិតខាង លុះបន្តិចក្រោយជនបរទេសនោះបានចេញដើររកនាង តែរកមិនឃើញក៏ជិះម៉ូតូទៅតាមនាងដល់ហាងម៉ាស្សាទៀត ប៉ុន្តែគ្រានោះនាងក៏បានទូរស័ព្ទប្រាប់ថៅកែឲ្យប្ដឹងសមត្ថកិច្ចភ្លាមៗដែរ។ នាងប្រាប់ថា នាងដើរស្ទើរមិនរួចដោយសារជនបរទេសនៅរំលោភនាងខ្លាំងពេក។ ជនបរទេសឈ្មោះរ៉ូប៊ឺត ភិឆ័ររ៉ូឆត់ បានបដិសេដចំពោះការចោទប្រកាន់នេះ នៅពេលសមត្ថកិច្ចសួរនាំជាបឋមដំបូង។ ជនបរទេសរូបនេះបាននិយាយផ្ទុយពីនារីរងគ្រោះថា ខ្លួនបានបង់ប្រាក់ឲ្យនាង១០ដុល្លាអាមេរិក ជាថ្នូរនិងការយកទៅរួមរ័ក្ស១ម៉ោង ដូច្នេះ ខ្លួនមិនបានបង្ខំនាងទេ។
លោកកុយ ហ៊ាង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដែលកំពុងចាត់ការលើករណីនេះបានបញ្ជាក់ដែរថា លោកមិនទាន់ធ្វើការសន្និដ្ឋានបែបណាទេ ជុំវិញករណីនេះ ព្រោះកំលាំងជំនាញកំពុងសាកសួរ និងកំពុងស្រាវជ្រាវនៅឡើយ។ លោកបន្ថែមថា នៅព្រឹកថ្ងៃទី១២ សីហា នេះលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញ ចុះឆែកឆេរលំនៅឋានជនបរទេសនោះ ដែលមានតំណាងអយ្យការចូលរួមផងដែរ ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោកមិនទាន់ទម្លាយឲ្យដឹងនៅឡើយទេ ព្រោះកំពុងប្រតិបត្តិការឆែកឆេរនៅឡើយ៕