ឥណ្ឌូណេស៊ី​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ចេញ​ពី​​ភ្នំភ្លើង

, , Leave a comment

ប្រទេសឥណ្ឌូណេស៊ី​ ៖ ប្រជាជន​ឥណ្ឌូណេស៊ី​រាប់ពាន់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ពី​​លំនៅឋាន​របស់​ពួកគេ​​បន្ទាប់​ពី​មាន​បន្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំង​មួយ​កាល​ពីម្សិលមិញ​ ស្ថិត​នៅ​​ភាគ​ខាងកើត​នៃ​ខេត្ត​Tenggara។ ជា​មួយ​នឹង​បន្ទុះ​​ដ៏​ខ្លាំង​លាយឡំ​នឹង​ផ្សែង​អួអាប់ ​ភ្នំ​ភ្លើង​Rokatenda បាន​ព្រុស​កម្អែល​ភ្លើង​​របស់​វា​រហូត​ដល់​កម្ពស់​៦០០​ម៉ែត្រ​ ​និង​បាន​បណ្តាល​ឲ្យ​​មនុស្ស​៦​នាក់​បាន​ស្លាប់​។ ប្រភព​ពី​ទីភ្នាក់ងារ​សិក្សាស្រាវជ្រាវ​លើ​បន្ទុះ​ភ្នំភ្លើង​បាន​​បញ្ជាក់​ថា ​ខ្លួន​មិន​អាច​កំណត់​ពី​សញ្ញាណ​ណាមួយ​ពី​ភាព​ធូរស្រាល​នៃ​ការ​ផ្ទុះ​នេះ​នៅ​ឡើយ​ទេ  ហើយ​នៅ​ពេល​នេះ វា​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​​ខ្ពស់​នៅ​ឡើយ។​

 

​ក្រុម​ជួយសង្គ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​​​កើតហេតុ​ខាងលើ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​រួចហើយ​​​ នៅ​មុន​ថ្ងៃ​សៅរ៍​កន្លងមក​នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ​៨០០០​នាក់​មិន​ទាន់​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​ឡើយ​ទេ។ អាជ្ញាធរ​កំពុង​ប្រកាស​​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ត្រូវ​ជម្លៀស​ចេញ​ពី​ទីនោះ ដើម្បី​គេច​ចេញ​ពី​គ្រោះ​មហន្តរាយ​ដ៏​គ្រោះថ្នាក់​នេះ។

 

​គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ ២០១០ បន្ទុះ​ភ្នំភ្លើង​Merapi ​ដែល​ស្ថិត​នៅ​ចំកណ្ដាល​កោះ​Java បាន​សម្លាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​៣៥០​នាក់ និង​រាប់ពាន់​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កន្លែង​គ្រោះ​មហន្តរាយ​នេះ​ផង​ដែរ។ ​បន្ទុះ​ភ្នំភ្លើង​ធំៗ​ជា​​ច្រើន​នា​ពេល​កន្លង​មក ​​បាន​ធ្វើ​ឲ្យ​គេ​ចាត់​ទុក​ថា ​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​​​ដែល​មាន​​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​មួយ​​នៅ​លើ​ពិភពលោក​​នា​ពេល​បច្ចុប្បន្ន​៕

1515

 

Leave a Reply

(*) Required, Your email will not be published