គណបក្ស​ប្រជាជនខាតបង់​សន្លឹកឆ្នោត​ នៅ​មណ្ឌល​​ព្រះសីហនុ ដោយ​សារ​ អំពើពុករលួយ​ដុះ​ស្លែ របស់​ប្រធាន​មន្ទីរ​សុរិយោដី​ និង​សំណង់ សូ សុខ

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​មួយចំនួន បាន​រអ៊ូរទាំ​ថា ដំណើរការ​ បោះឆ្នោតជាតិ អាណត្តិ​ទី​៥ ដែល​ទើបតែ​បញ្ចប់ បានធ្វើ​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ ខាតបង់​សន្លឹកឆ្នោត​ ច្រើនសន្ធឹក​សន្ធាប់ ហើយ​គេ​សង្ស័យថា រឿង​ធំ​បំផុត​នោះ​ គឺ​ផ្តើមចេញពី អំពើពុករលួយ​ដុះ​ស្លែ និង​ការតាំង​ខ្លួន​ជា​ស្តេចត្រាញ់ លើ​បញ្ហា​គ្រប់គ្រង​ដីធ្លី​របស់លោក សូ សុខ ឬ លូ សុខ ដែលជា​ប្រធាន​មន្ទីរ​ សុរិយោដី​និង​សំណង់ ខេត្ត​ព្រះសីហនុ ដែល​តែងតែ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ក្តៅក្រហាយ មិនចេះចប់​។​

 

​ប្រជាពលរដ្ឋ បាន​លើកឡើងថា លោក សូ សុខ ដែលជា​ប្រធាន​មន្ទីរ សុរិយោដី​និង​សំណង់ ខេត្ត​ព្រះសីហនុ គឺជា​មនុស្ស​ក្រាញ​អំណាច​ដុះ​ស្លែ និង​កំពុង​តាំងខ្លួន​ជា​ស្តេចត្រាញ់ លើ​បញ្ហា​គ្រប់គ្រង​ដីធ្លី ជាពិសេស​លោក សូ សុខ ធ្លាប់បាន​បង្ក​ឲ្យ​មាន ជម្លោះដីធ្លី​យ៉ាង​រាលដាល តាមរយៈ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជាន់​លើ​គ្នា ឬ​ការចេញ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​អ្នកមាន​លុយ មានអំណាច​ដោយ​ខុសច្បាប់​។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បានទទួល​ប័ណ្ណកម្មសិទ្ធិ គ្រប់គ្រង​ដីធ្លី​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ប្រហែល ៧០​ភាគ​ផ្សេងទៀត គ្មាន​លទ្ធភាព​រកលុយ​ទៅធ្វើ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះទេ ព្រោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ត្រូវ​ចំណាយលុយ ច្រើនសន្ធឹក​សន្ធាប់ ។​

 

​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ទៀតថា បើ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ យកមកប្រើ​ប្រាស់​ប្រជាពលរដ្ឋ ទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ សុរិយាដី​របស់លោក សូ សុខ ហើយ​មានការ​តម្រូវ ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ចាប់ពី ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ អាស្រ័យ​ទៅតាម​ទំហំ​ដី​តូច​ឬ​ធំ ហើយ​តម្លៃ​សេវា​ដ៏​ខ្ពស់កប់ពពក​បែបនេះ សម្រាប់តែ​ដី​នៅក្នុង​ក្រុង និង​ដី​តាម​ទីប្រជុំជន​ស្រុក​។ ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធគ្រប់គ្រង​តាមបែប ក្រុមហ៊ុន​អាជីវកម្ម​ផ្តាច់មុខ​មួយ ដោយ​ជ្រក​ក្រោម​ស្លាក​រដ្ឋ ព្រោះថា​ក្នុង​មន្ទីរ​មួយ​នេះ មានការ​ចាត់តាំង​ឲ្យ​មន្ត្រី​ចាំ​គាប​ជំរិត យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅសុំ​ច្បាប់​សាងសង់ ឬ​ទៅសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​

នៅពេល​ចូលទៅ​ដល់​បរិវេណ មន្ទីរ​សុរិយោដី​របស់លោក សូ សុខ គេ​សង្កេតឃើញ​រចនាសម្ព័ន្ធ នៃ​ការិយាធិបតេយ្យ ជា​ចំហ ហើយ​មាន​មន្ត្រី​អង្គុយ​ត្រៀបត្រា នៅតាម​តុ​ដែល​គេ​រៀប​ជា​ជួរ គឺ​នៅ​តុ​ណា​ក៏ត្រូវ​បង់លុយ​ដែរ ដោយមាន​មន្ត្រី​អង្គុយចាំ​រាប់​លុយ មិន​ឲ្យ​បាត់​មួយ​កាក់ មួយ​សេន​ណា​ឡើយ មុនពេល​បញ្ជូន​ឯកសារ​ដែលមាន​ភ្ជាប់​លុយ ឲ្យ​ថ្នាក់លើ​របស់​ពួកគេ​ពិនិត្យ និង​សម្រេច​។ ការ​អង្គុយ​បណ្តាក់​គ្នា​ដូច​ខ្យង របស់​មន្ត្រីក្រោមឱវាទ​លោក សូ សុខ គឺ​គេ​មាន​បា​រ៉ែ​ម សម្រាប់​កំណត់​ឲ្យ ប្រជាពលរដ្ឋ​បង់លុយ មិន​ខុសពី​ក្រុមហ៊ុន​ឯកជន​នោះទេ បើ​មិនទាន់​បង់លុយ​គ្រប់​ចំនួន ឯកសារ​នៅជាប់​ទ្រឹង​មួយកន្លែង ទៅមុខ​អត់​រួច​ទេ ហើយ​កុំ​រំពឹងថា អាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ឬ​លិខិត​សាងសង់​ឲ្យ​សោះ ប្រសិនបើ​បង់លុយ​មិន​គ្រប់ ឬ​មិនចេះ​ឲ្យ​លុយ​ទៅ​មន្ត្រី​សុរិយោដី ចាយវាយ​ក្រៅផ្លូវការ​ទេនោះ​។​

ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បាន​បង្ហើប​ឲ្យ​ដឹងថា តាម​តម្លៃ​ហាងឆេង​ផ្ទេរសិទ្ធិ ទិញ​លក់​ដី​តម្លៃ​ទាប​បំផុត​គឺ​ត្រឹម ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​មាន​ចាប់ពី ៣​ពាន់​ដុល្លារ ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​បែបនេះ គេ​គិតតែ​សេវា​ដីធ្លី​ទាំងឡាយណា ដែលមាន​លក្ខណៈ​ស្របច្បាប់ គ្មាន​ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​។ ចំពោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​មិន​ស្របច្បាប់ ដូចជា​ប័ណ្ណកម្មសិទ្ធិ សម្រាប់​ដី​លើ​ចំណី​អូរ ចំណី​សមុទ្រ ដីព្រៃ​លិច​ទឹកជា​ដើម គឺ​បង់​ក្នុង​កម្រិត​ខ្ពស់ ១​គុណ​នឹង​៥​ឯណោះ បើទោះបីជា​តំបន់​ខ្លះ រដ្ឋ​បាន​ហាមឃាត់​មិន​ឲ្យ មាន​ការធ្វើ​កម្មសិទ្ធិ​ឲ្យ​ឯកជន ក៏​លោក សូ សុខ អាច​សម្របសម្រួល​ធ្វើបាន​ទាំងអស់ ឲ្យ​តែមាន​លុយ​បង់​ជូន​គាត់ ហើយ​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល ក៏​ធ្លាប់បាន​មោ​ឃៈ​ចោល​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ចេញ​ដោយ​លោក សូ សុខ ផងដែរ​។​

 

​ដូចជា​តំបន់​ដីព្រៃ​លិច​ទឹក ក្នុង​សហគមន៍​នេសាទ នៃ​ស្រុក​ស្ទឹងហាវ គេ​សង្កេតឃើញ​លោក សូ សុខ ចេញ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​ឈ្មួញ​រាប់សិប​ហិកតា ដោយ​បំពាន​ព្រះរាជក្រឹត្យ ហើយ​ប្រមូលបាន​លុយរាប់​ម៉ឺន​ដុល្លារ យកទៅដាក់​ចូលក្នុង​ហិប​ខ្មៅ របស់លោក សូ សុខ ពោលគឺ​ឲ្យ​តែមាន​លុយ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។ ដោយឡែក ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លុយ​បង់ ឲ្យ​មន្ត្រី​សុរិយោដី​របស់លោក សូ សុខ គ្មាន​ឱកាស​ទទួលបាន ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នោះទេ ហើយ​ការ​ក្រាញ​អំណាច​ដុះ​ស្លែ និង​អំពើពុករលួយ​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ដែល​លោក សូ សុខ កំពុង​ប្រព្រឹត្ត​នាពេល​បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ក្តៅក្រហាយ នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខាតបង់​សំឡេងឆ្នោត យ៉ាងច្រើន​សន្ធឹកសន្ធាប់ ៕

wat00yt

 

Leave a Reply

(*) Required, Your email will not be published