ខេត្តស្ទឹងត្រែង ៖ ដោយគ្រាន់តែមានទំនាស់ ពាក្យសំដីតិចតួច ជាមួយគូដណ្តឹង អ្នកគ្រូក្រមុំវ័យក្មេងម្នាក់ បានសំរេចចិត្តផឹកថ្នាំ បំពុលសត្វកណ្តៀរ ធ្វើអត្តឃាត សម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៣ នៅលើផ្ទះរបស់នាង ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា អ្នកគ្រូក្រមុំដែលធ្វើអត្តឃាត សម្លាប់ខ្លួននោះមានឈ្មោះ សា ណាវី អាយុ១៧ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅព្រលប់ថ្ងៃកើតហេតុឈ្មោះ សា ណាវី បានឈ្លោះទាស់ទែង ជាមួយគូដណ្តឹងរបស់នាង បន្តិចបន្តួចនាងបែរជា ផឹកថ្នាំពុលធ្វើអត្តឃាត សម្លាប់ខ្លួនទាំងវ័យក្មេង ។
ពីដំបូងក្រុមគ្រួសារមិនបានដឹងថា មានរឿងអ្វីកើតឡើងទេ តែនៅពេលហូបបាយ ស្រាប់បាត់ឈ្មោះ សា ណាវី មិនឃើញមកហូបបាយ ក៏នាំគ្នាដើររកមើលក្នុងបន្ទប់ ស្រាប់តែឃើញនាងបែកពពុះមាត់ និងមានដបថ្នាំកណ្តៀរ នៅជិតខ្លួនទើបដឹងថា នាងបានផឹក ថ្នាំកណ្តៀរដើម្បីធ្វើអត្តឃាត ហើយក្រុមគ្រួសារក៏បាន ដឹកបញ្ជូននារីរងគ្រោះមក កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្គ្រោះជីវិត តែពេលមកដល់អ្វីៗបានហួសពេលអស់ទៅហើយ៕