ក្រោយ​ការដោះដូរ​ទីតាំង​សង្កាត់​បឹងកក់​១ ក្នុងតម្លៃ ៣​លាន​ដុល្លារ ក្រុមហ៊ុន ឃុន​សៀ​គ្រុប របស់លោក យឹម លៀង ប៉ុនប៉ង​រំលោភ​យក​ដី​រាស្ត្រ​ក្រីក្រ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បើទោះបីជា​បានរស់នៅ អាស្រ័យ​ផល​ លើដី​មួយកន្លែង អស់​រយៈពេល ៣០​ឆ្នាំ​ទៅហើយ​ក៏ដោយ ក៏​ពលរដ្ឋ​ ចំនួន ៣​គ្រួសារ រស់នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោករាជធានី​ភ្នំពេញ រង​នូវ​ការ ប៉ុនប៉ង រំលោភបំពាន​ដីធ្លី ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​យ៉ាង​អយុត្តិធម៌​បំផុត បន្ទាប់ពី​មានការ​ដោះដូរ​ទីតាំង សង្កាត់​បឹងកក់​១ ក្នុងតម្លៃ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។​

 

​ក្នុង​សន្និសីទកាសែត​មួយ​លោក លី ស្រ៊ា​ខេង ជា​តំណាង​ប្រជាពលរដ្ឋ រងគ្រោះ​ចំនួន ៣​គ្រួសារ​បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន ឃុន​សៀ​គ្រុប​អភិវឌ្ឍន៍ បាន​ជួល​មនុស្ស ឲ្យ​មក​អុកឡុក​ផ្ទះ​របស់គាត់ ដោយបាន​ប្រ​ហិង្សា​មកលើ​គាត់ ធ្វើ​រងរបួស​ក្បាល​យ៉ាងដំណំ កូនស្រី​ម្នាក់ទៀត​ក៏​រងរបួស ហើយ​បាន​បំពុល​ឆ្កែ ដោយសារតែ​ក្រុមគ្រួសារ​របស់គាត់ មិន​ព្រម​ចាក​ចេញពី​ដី​នោះ ព្រោះតែ​មិនមាន​សំណង​សមរម្យ​។ សកម្មភាព​អុកឡុក​នេះ បានកើត​ឡើង ក្រោយពេល​បញ្ចប់ ការបោះឆ្នោតជាតិ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។​

លោក លី ស្រ៊ា​ខេង បានបញ្ជាក់​ទៀតថា ដោយ​ភាពភ័យខ្លាច ពលរដ្ឋ​ពីរ​គ្រួសារ​ទៀត មិន​ហ៊ាន​ចេញមុខ​តវ៉ា គាត់​សំណូមពរ​ដល់​ស្ថាប័ន ពាក់ព័ន្ធ មេត្តាជួយ​អន្តរាគមន៍ ព្រោះ​សកម្មភាព​នេះ បានធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​គំរាម​ឲ្យ​គ្រួសារ​គាត់ ដើរ​ចេញពី​លំនៅឋាន​ដោយ​ខ្លួនឯង​។ ដី​មួយកន្លែង​នេះ ប្រជាពលរដ្ឋ​បានរស់នៅ អស់​រយៈពេល ៣០​ឆ្នាំ​ហើយ ដោយមាន​ការទទួលស្គាល់ ពី​អាជ្ញាធរ​ត្រឹមត្រូវ តែ​រហូតដល់​ខែមេសា ឆ្នាំ​២០១៣​នេះ អាជ្ញាធរ​ក៏បាន​អះអាងថា ដី​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ ១៥០០០​ដុល្លារ រួចហើយ​។​

យ៉ាងណាក៏ដោយ​លោក យឹម លៀង ប្រធាន​ក្រុមហ៊ុន ឃុន​សៀ គ្រុប​អភិវឌ្ឍន៍ និង​ជាម​ន្ត្រី​ខុទ្ទកាល័យ​សម្តេច​ជា ស៊ីម បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​លោក​បាន​អះអាងថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ តែ​លើដី​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ទេ​។ ដើម្បី​កុំ​ឲ្យ​មាន​ភាព​រំជើបរំជួល អាជ្ញាធរ​បាន​សន្យា​ជួយ​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​គេ​គ្មាន​សង្ឃឹមថា អាច​រកបាន​នូវ​ភាពយុត្តិធម៌​នោះទេ ។​

សូម​រំលឹកថា ក្រុមហ៊ុន ឃុន​សៀ គ្រុប​អភិវឌ្ឍន៍ បាន​គ្រប់គ្រង​ទីតាំង សង្កាត់​បឹងកក់​១ តាម​កិច្ចព្រមព្រៀង ជាមួយ​អាជ្ញាធរ ដែល​ពលរដ្ឋ​អះអាងថា មាន​ទំហំ​ទឹកប្រាក់ ៣​លាន​ដុល្លារ​។ ពលរដ្ឋ​ដែល​រស់នៅ ក្នុង​សង្កាត់​បឹងកក់​១ ចំនួន​៤​គ្រួសារ គឺមាន​តែមួយ​គ្រួសារ​ប៉ុណ្ណោះ បាន​ព្រមព្រៀង​ចាកចេញ ដោយទទួលយកសំណង ១ម៉ឺន៥ពាន់ដុល្លារ តែ​បី​គ្រួសារ​ទៀត មិន​ព្រម​ចេញ​ទេ ដោយ​ទារ​សំណង​បន្ថែម​។

 

​ពេល​ក្រុមហ៊ុន​ចុះ​រុះរើ​ទីតាំង​នោះ ក៏​មានការ​ប្រទាក់ប្រទង​គ្នា​ខ្លះ​តែម្ដងទៅ ហើយ​ពលរដ្ឋ​ទាំងបី​នាក់ មានឈ្មោះ លី ស្រ៊ា​ខេង អាយុ ៧០​ឆ្នាំ លី ប៊ុន​ហៀ​ង អាយុ ១៦​ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន បោះ​របង​លើដី​គាត់​ធ្លាប់​រស់នៅ​ទេ​។ ហេតុការណ៍​នេះ​ជា​លេស​ដែល​ក្រុមហ៊ុន ដាក់ពាក្យ​ប្ដឹង​ពលរដ្ឋ​ទាំង បីនាក់​នោះ ពីបទ​ល្មើស​ព្រហ្មទណ្ឌ ក្នុងពេល​កន្លងមក ៕

dd (1) dd (2)

 

Leave a Reply

(*) Required, Your email will not be published