ខៀវ សុខារ៉ាវី​ គ្រោង​សម្ពោធ​ហាង​ផឹកស៊ី

, , Leave a comment

ក្រោយ​ពី​ស្ងាត់​ដំណឹង​​មួយ​ខ្យល់​ធំ​ពី​សិល្បៈ​ស្រាប់​តែ​​ថ្មីៗ​នេះ​ អ្នក​នាង​ ខៀវ សុខារ៉ាវី បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ នាង​គ្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ហាង​​ផឹកស៊ី​ផ្ទាល់​ខ្លួន​១កន្លែង​បន្ថែម​ទៀត លើ​មុខរបរ​២ ផ្សេង​ទៀត​ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន។ ហាង​ផឹក​ស៊ី​ដែល​អ្នក​នាង ខៀវ សុខារ៉ាវី គ្រោង​និង​ដំណើរ​ការ​នេះ​ត្រូវ​បាន​​នាង​ប្រាប់​ថា មាន​ទីតាំង​​នៅ​ចន្លោះ​ពី​ផ្សារ​កណ្ដាល  ទៅ​ផ្សារ​ចាស់ ដោយ​​បច្ចុប្បន្ន​​កំពុង​ឲ្យ​ដេគ័រ និង​ជ្រើស​រើស​បុគ្គលិក​ចូល​បម្រើ​ការងារ ហើយ​គ្រោង​ដំណើរ​ការ​ចុង​ខែ សីហា នេះ ។

 

នាង​បាន​ប្រាប់​ទៀត​​ថា ហាង​នោះ ជា​ភោជនីយដ្ឋាន​កូន​កាត់ ដែល​អាច​ទទួល​បាន​ទាំង​​ភ្ញៀវ​បរទេស​និង​ខ្មែរ ដោយ​នៅ​ក្នុង​នោះ នាង​​បាន​គ្រោង​ដើម​ទុន​ជាង២ម៉ឺនដុល្លារ ដើម្បី​ដំណើរ​ការ ។ តារា​សម្ដែង​ស្រី​អតីត​គួរ​ដណ្ដឹង​ ស៊ុក សុភា រូប​នេះ​បាន​ឲ្យ​ដឹង​​បន្ថែម​ទៀត​ថា  មូល​ហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​បោះ​ទុន បើក​ហាង​ផឹកស៊ី​នេះ​ក៏​ព្រោះ​តែ​នាង​គិត​ថា ជា​មុខរបរ​មួយ​ដែល​​ងាយ​រក​ប្រាក់​ចំណេញ ព្រោះ​អី​មនុស្ស​គ្រប់រូប​ត្រូវ​អាហារ ហេតុ​នេះ​នាង​វិនិយោគ​លើ​​ភោជនីយដ្ឋាន​នោះ​ពិត​ជា​មិន​ខុស​ឡើយ។

 

សុខារ៉ាវី បាន​ឲ្យ​ដឹង​ទៀត​ថា ភោជនីយដ្ឋាន​ដែល​នាង​គ្រោង​នឹង​បើក​ខាង​មុខ​នេះ គឺ​ជា​មុខ​ជំនួញ​ទី៣ របស់​នាង​ហើយ ដោយ​មុខ​ជំនួញ​២​ផ្សេង​ទៀត​នោះ គឺ​ហាង​អនលី​ម៉ាត  និង ហាង​ម៉ាស្សា​បែប​បូរាណ ដែល​មាន​ទីតាំង ក្បែរៗ​នោះ។ តារា​សម្ដែង​ដែល​សម្បូរ​រឿង​រ៉ាវ​ស្នេហា​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ថា ហាង​អនលីម៉ាត​ ដែល​នាង​បាន​បើក​ជិត១០​មក​នោះ  នាង​បាន​បោះ​ទុន​រកស៊ី​ជា​មួយ​ម្ដាយ​របស់​នាង ចំណែង​ហាង​ម៉ាស្សា​បែប​បូរាណ និង ភោជនីយដ្ឋាន ដែល​គ្រោង​នឹង​ដំណើរ​ការ​នេះ គឺ​នាង​បាន​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង។

 

នាង​ប្រាប់​ថា ក្នុង​ចំណោម​​មុខ​ជំនួញ​ទាំង៣​​ខាង​លើ មាន​តែ​ហាង​អនលីម៉ាត​មួយ​ប៉ុណ្ណោះ ដែល​បាន​ប្រើ​ទុន​ច្រើន​ជាង​គេ គឺ​ខ្ទង់​​ជាង​៦ម៉ឺន​ដុល្លារ ចំណែក​ហាង​ម៉ាស្សា​បែប​បូរាណ និង ភោជនីយដ្ឋាន ចំណាយ​ប្រហាក់​ប្រហែល​គ្នា ជាង​២ម៉ឺន ដុល្លារ។

 

អ្នក​នាង ខៀវ សុខារ៉ាវី​បញ្ជាក់​បន្ថែម​ថា ដើម​ទុន​ដែល​នាង​បើក​រកស៊ី​កន្លង​មក​នេះ មិន​មាន​ការ​ជួយ​ឧបត្ថម្ភ ខាង​ក្រោយ​ខ្នង​នោះ​ឡើយ ដោយ​ទុន​ទាំង​នេះ គឺ​បាន​មក​ពី​ ក្រុម​គ្រួសារ​របស់​នាង និង ចំណេញ​ពី​ការ​រកស៊ី ប៉ុណ្ណោះ។

 

ខៀវ សុខារ៉ាវី​បាន​ព្រលយ​ថា ភោជនីយដ្ឋាន​ដែល​នាង​គ្រោង​ដំណើរ​ការ​ខាង​មុខ​នេះ មិន​មែន​ជា អាជីវកម្ម​ចុង​ក្រោយ​របស់​នាង​នោះ​ឡើយ នាង​គ្រោង​និង​រកស៊ី​មុខរបរ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​ទាន់​បង្ហើប​​ឲ្យ​ដឹង​នៅឡើយ ។ ជុំវិញ​ការ​វិល​ចូល​សិល្បៈ​វិញ អ្នក​នាង ខៀវ សុខារ៉ាវី ​បាន​​បញ្ជាក់​ប្រាប់​ថា អត់​ទាន់​ច្បាស់​នោះ​ឡើយ ព្រោះ​បច្ចុប្បន្ន​នេះ នាង​កំពុង​ជាប់​រវល់​រកស៊ី​ខ្លាំង​ណាស់ មិន​អាច​ដើរ​ចោល​បាន​​នោះ​ទេ។

 

ខៀវ សុខារ៉ាវី គឺ​ជា​អតីត គូ​ដណ្ដឹង​របស់​លោក ស៊ុក សុភា ប៉ុន្តែ​អ្នក​ទាំង២ បាន​​រំសាយ​ពិធី​មង្គលការយ៉ាង​តក់ក្រហល់​ និង​អាថ៌កំបាំង​​បំផុត​កាល​ពី ថ្ងៃ​ទី១ ខែ មករា ឆ្នាំ ២០០៨ ។ បច្ចុប្បន្ន​​លោក ស៊ុក សុភា បាន​រៀប​អាពាហ៍ពិពាហ៍ ហើយ​ថែម​ទាំង​មាន​កូន២​ថែម​ទៀត​ផង កាល​ពី​ឆ្នាំ​ចុង​ឆ្នាំ ២០១១ ជា​មួយ អ្នក​នាង ស៊ូហ្សាណា ដែល​ជា​អាណិកជន​ខ្មែរ អូស្ត្រាលី ។

 

បន្ទាប់​ខៀវ សុខារ៉ាវី បាន​ចែក​ផ្លូវ​ជា​មួយ​លោក ស៊ុក សុភា នាង​បាន​បាត់មុខ​ពី​សិល្បៈ​ភ្លាមៗ និង​ទទួល​រង​នូវ​ព័ត៌មាន​ស្នេហា​ជា​បន្តបន្ទាប់ ដោយ​នៅ​ក្នុង​នោះ​ដំណឹង​ស្នេហ៍​របស់​នាង ម្ដង​ថា រៀប​ការ​ជា​មួយ​អាណិកជន​រស់​នៅ​សហរដ្ឋ​អាមេរិក ម្ដង​មាន​ទំនាក់​ទំនង​ជា​មួយឧកញ៉ា ម្ដង​ចង់​វិល​ចូល​ពិភព​សិល្បៈ​វិញ។

 

ចំណុច​នេះ អ្នក​នាង ខៀវ សុខារ៉ាវី​​បាន​បក​ស្រាយ​ថា នាង​ពិត​ជា​បាន​រៀប​ការ​ជា​មួយ អាណិកជន​រស់​នៅ​សហរដ្ឋ​អាមេរិក​ពិតប្រាកដ​មែន បច្ចុប្បន្ន​ស្វាមី​របស់​នាង កំពុង​តែ​រស់​នៅ​អាមេរិក ហើយ​ទៅ​ថ្ងៃ​អនាគត​នាង​និង​ចេញ​ទៅ​​រស់​នៅ​ជា​មួយ​ស្វាមី របស់​នាង៕

Khieu-Sokharavy-ខៀវ-សុខារ៉ាវី-11 Khieu-Sokharavy-ខៀវ-សុខារ៉ាវី1

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published