សួស វីហ្សា​បដិសេធ ជម្លោះ​ជា​មួយ​រៀម​ច្បង

, , Leave a comment

មុន​នេះ​បន្តិច​កញ្ញា សួស វីហ្សា តារា​ចម្រៀង​ចំណូល​ថ្មី របស់​ផលិតកម្ម​រស្មី​​ហង្ស​មាស ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញ​ផ្សាយ​ថា បាន​បង្ក​ជម្លោះ​ពាក្យ​សម្ដី ជា​មួយ​តារា​ចម្រៀងរៀម​ច្បង​ តាម​រយៈ​ការ​ប្រើ​ពាក្យ មើលងាយ​​​​តារា​ចម្រៀង​ជើង​ចាស់​ម្នាក់ ។ ដំណឹង​នេះ​​សួស វីហ្សា​អត់​ទ្រាំ​មិន​បាន នាង​ចេញ​បក​ស្រាយថា អត់​មាន​រឿង​នេះ​កើត​ឡើង​ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក​ ដែល​ចេញ​ផ្សាយ​ពី​ជម្លោះ​ជា​មួយ​​តារា​ចម្រៀង​ជើង​ចាស់​នោះ បាន​រំលេច​ចំណង​ជើង​ថា “សួស វីហ្សា ជាប់​មន្ទិល មាន​ជម្លោះ​ពាក្យ​សម្ដី ជា​មួយ​តា​រា​រៀម​ច្បង” ។ នៅ​ក្នុង​សារព័ត៌មាន​នោះ​បាន​លើក​យក​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​មួយ​មក​បង្ហាញ។

 

ប្រភព​នោះ​បាន​​​បង្ហាញ​ថា ហេតុការណ៍​ជម្លោះ​ពាក្យ​សម្ដី​នេះ បាន​កើត​ឡើង​ក្នុង ស្ទូឌីយោ​ហង្ស​មាស ពេល​ដែល​កញ្ញា ​សួស វីហ្សា ចូល​រួម​ថត​បទ​ចម្រៀង​ចាស់ៗ ឲ្យ​​ផលិតកម្ម​ជ័យជម្នះ​​មួយ​នេះ កាល​ពី​ពេល​កន្លង​ទៅ។ សារព័ត៌មាន​​​ដដែល​នោះ​បាន​បន្ត​ថា កញ្ញា​សួស វីហ្សា បាន​ប្រើ​ពាក្យ​មិន​គប្បី​ជា​មួយ​និង​តារា​ចម្រៀង​ជើង​ចាស់​ម្នាក់​ដែល​ស្នើ​សូម​មិន​បញ្ចេញ​ឈ្មោះ ដោយ​នៅ​ក្នុង​នោះ​មាន​បាន​និយាយ​ទៅ តារា​ចម្រៀង​ជើង​ចាស់​​នោះ​ថា “ស្លៀកពាក់​ឲ្យ​ស្រែ​ង៉ោង មិន​ទាន់​សម័យ​សោះ ធ្វើ​ខ្លួន​មិន​ចេះ​មើល​គេ​ឯង”។ ជា​មួយ​គ្នា​នោះ​តារា​ចម្រៀង​ជើង​ចាស់​នោះ​បាន​តប ទៅ​វិញ​ភ្លាម​ទាំង​កំហឹង​ថា” ធ្វើ​ម៉េច​ខ្ញុំ មិន​សូវ​ចេះ​ធ្វើ​ខ្លួន​ ដូច​ហ្អែង..!” ។

 

ទោះ​បី​ជា​ប្រភព​នេះ​បាន​លើក​ឡើង​បែប​នេះ​ក្ដី តែ​សារព័ត៌មាន​ដដែល​នោះ មិន​​​បាន​ទាក់​ទង​ស្នើសុំ​ការ​អត្ថាធិប្បាយ ពី​កញ្ញា​សួស វីហ្សាឡើយ។ ​កញ្ញា​សួស វីហ្សា បាន​ភ្ញាក់​ផ្អើល​ទៅ​នឹង​ដំណឹង​​នេះ​ជា​ខ្លាំង ដោយ​នាង​បាន​អត្ថាធិប្បាយ​ថា អត់​មាន​រឿង​នេះ​កើត​ឡើង​បែប​នេះ​ឡើយ ព្រោះ​នាង​មិន​មែន​ជា​មនុស្ស​​ចរិត​ប្រភេទ​នេះ​ទេ។ នាង​ប្រាប់​​ថា នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស នាង​គឺ​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​លេង​​សើច​ច្រើន ដូច​នេះ​គ្រប់​មនុស្ស​ទាំង​អស់ រាប់​តាំង​ពី​ថ្នាក់​លើ រហូត​ដល់​ក្រោម បាន​ស្រលាញ់​រាប់​អាន​នាង​ខ្លាំង​ណាស់ ជា​ពិសេស​តារា​ចម្រៀង​រៀម​ច្បង​ស្រីៗ បាន​​ណែនាំ​ពី​ការ​ស្លៀកពាក់ ក៏​ដូច​ជា​តិចនិក​នៃ​ការ​ច្រៀង ឲ្យ​ថែម​ទៀត​ផង។

 

វីហ្សា​បាន​ឲ្យ​ដឹង​ថា នាង​និង​តារា​ចម្រៀង​ចាស់ៗ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ជា​ពិសេស​តារា​ស្រីៗ​នោះ ឧស្សាហ៍​ផឹកស៊ី​ជា​មួយ​គ្នា​​ញឹកញាប់​ខ្លាំង​ណាស់ អត់​មាន​អ្នកណា​ច្រណែន​និង អ្នក​ណា​ឡើយ។ តារា​ចម្រៀង​ចំណូល​ថ្មី​ដែល​កំពុង​ល្បី​បទ “កុំ​លើក​ទូរស័ព្ទ​គេ​ពេល​នៅ​ក្បែរ​អូន” បន្ថែម​​ថា  រៀម​ច្បង​ទាំង​អស់​នៅ​រស្មី​ហង្ស​មាស សុទ្ធតែ​ល្បី​ដល់​កំពូល​អស់​ហើយ គ្មាន​ហេតុ​ផល​ណា មក​ច្រណែន​និង​តារា​​ស្រករ​ក្រោយ​នោះ​ឡើយ ម្យ៉ាង​សម្រាប់​នាង​ជា​តារា​ចម្រៀង​ស្រករ​ក្រោយ  តែងតែ​គោរព​ស្រលាញ់ តារា​រៀម​ច្បង​ជា​និច្ច៕​

Sus-Viz Sus-Viz (1)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published