ក្រុងតូក្យូ ៖ ជប៉ុនបានដាក់ឲ្យប្រើប្រាស់នាវាចម្បាំងធំបំផុតរបស់ខ្លួនដែលផលិតតាំងពីសង្គ្រាមលោកលើកទី ២ មក ក្នុងគោលបំណងប្រយុទ្ធប្រឆាំងទល់នឹងនាវាមុជទឹក និងបេសកកម្មការពារព្រំដែននានា។ នាវាដ៏ធំនេះមានប្រវែងរហូតដល់ ២៥០ ម៉ែត្រ និងអាចផ្ទុកឧទ្ធម្ភាគចក្របានជាង ៩ គ្រឿង។ ការបញ្ចូលនាវាចម្បាំងនេះទៅក្នុងវិស័យយោធាជប៉ុន ធ្វើឡើងស្របពេលដែលភាពតានតឹងជាមួយចិនរឿងបញ្ហាជម្លោះដែនកោះក្នុងសមុទ្រចិនខាងកើតកំពុងកើនកម្ដៅ។
ទន្ទឹមគ្នានោះ ហ្វីលីពីនក៏បានបង្កើនសមត្ថភាពការពារដែនទឹករបស់ខ្លួនដូចគ្នាតាមរយៈការទិញនាវាល្បាតឆ្នេរដែលអាមេរិកឈប់ប្រើប្រាស់ទីពីរបន្ថែមទៀត។ ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino បានស្វាគមន៍ការបញ្ជូនទៅដល់នាវាល្បាតខាងលើទៅកាន់ឆក Subic។ ប្រមុខរដ្ឋាភិបាលដដែលគូសបញ្ជាក់ថា នាវាថ្មីនឹងបង្កើនសមត្ថភាពល្បាតរបស់ហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះដែលប្រជាជាតិអាស៊ានជាច្រើនកំពុងមានជម្លោះជាមួយចិន។
ជម្លោះរវាងចិន និងជប៉ុនបានផ្ទុះឡើងកាលពីខែសីហាឆ្នាំទៅមិញ បន្ទាប់ពីជប៉ុនសម្រេចចិត្តទិញយកកោះជម្លោះពីម្ចាស់កម្មសិទ្ធិឯកជន ហើយបណ្ដាអ្នកជាតិនិយមនៃប្រទេសទាំងពីរបាននាំគ្នាធ្វើដំណើរទៅ កាន់កោះជម្លោះដើម្បីអះអាងថា ដែនកោះដែលជប៉ុនហៅ Senkaku និង ចិនហៅ Daiyo ជាកម្មសិទ្ធិរៀងៗខ្លួន៕