ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០៦សីហា ២០១៣នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ពីបទសង្ស័យថាបានចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំរបស់ខ្លួនជាច្រើនដង ។ សមត្ថកិច្ចស្រុកមោងប្ញស្សីឲ្យដឹងថា ជនសង្ស័យឈ្មោះ ខុន ខេន អាយុ៣១ឆ្នាំ ត្រូវបានភរិយា ឈ្មោះ ឆេម ឈុត អាយុ៣៥ឆ្នាំ ប្ដឹងចោទថា បានបង្ខំចាប់រំលោភកូនស្រីខ្លួនឈ្មោះ ខ.ច.រ អា យុ១៣ឆ្នាំស្ទើររាប់ភ្លេចនៅប្រទេសថៃ និងចុងក្រោយនៅរសៀលថ្ងៃទី០១ សីហា ក្បែរមាត់បឹងខាងក្រោយផ្ទះក្នុងភូមិឃុំខាងលើ ។
ប្រភពដដែលបានបន្តថា ក្រោយពីទទូលពាក្យបណ្ដឹងសមត្ថកិច្ចជំនាញ បានចុះទៅនាំខ្លួនជនរូបនោះភ្លាមៗយកមកសួរនាំ។ ជុំវិញករណីនេះអ្នកស្រី ឆេម ឈុត ដែលជាភរិយាបានប្រាប់សមត្ថកិច្ចថា អ្នកស្រី ប្ដី និងកូនស្រីច្បងខាងលើនេះ ភាគច្រើនទៅធ្វើកម្មករនៅប្រទេសថៃ ហើយបាននាំគ្នាត្រឡប់មកស្រុកវិញមុនថ្ងៃបោះឆ្នោត។ អ្នកស្រីបញ្ជាក់ថា កូនស្រីមិនដែលប្រាប់រឿងរ៉ាវ អាស្រូវនេះឲ្យដឹងទេ តែអ្នកស្រីបានដឹងនៅពេលកូនស្រីទម្លាយអំពីរឿងនេះ ខណៈគាត់និងស្វាមីត្រៀមបំរុងចេញទៅធ្វើកម្មករនៅប្រទេសថៃជាថ្មីទៀត ក៏ដាក់ពាក្យប្ដឹងតែម្ដងទៅ។
កុមារីរងគ្រោះបានរៀបរាប់នៅក្នុងកំណត់ហេតុរបស់សមត្ថកិច្ចថា ឪពុកនាងតែងចាប់រំលោភនាងគ្មានប្រណី ពេលបាំងភ្នែកពីម្ដាយ ។ រឿងនេះនាងមិនដែលបង្ហើបឲ្យម្ដាយដឹងទេ ព្រោះខ្លាចឪពុកធ្វើបាប។ នាងបន្ថែមថា ពេលត្រឡប់មកដល់ផ្ទះនៅស្រុកខ្មែរវិញ មុនបោះឆ្នោត និងបោះឆ្នោតរួច រូបនាងត្រូវបានឪពុកចាប់រំលោភបាន២ដងទៀត ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខុន ខេន បានសារភាពថា ខ្លួនពិតជាបានប្រព្រិត្ត អំពើមិនគាប់បីទៅលើកូនស្រី ដូចការចោទប្រកាន់របស់ភរិយា និងកូនស្រីមែន។ អធិការនគរបាលស្រុកមោងប្ញស្សីលោក គិត ហៀង បានឲ្យដឹងថា លោកស្នងការខេត្តបានបញ្ជាឲ្យរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យរូបនេះទៅកាន់តុលាការហើយ ដើម្បីចាត់ការតាមនីតិវិធី ៕