ប្រទេស​ជប៉ុន​រំលឹក​ខួប​ទី ៦៨ និង​គោរព​វិញ្ញាណក្ខ័ន្ធ​អ្នក​ដែល​​​បាន​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​អាតូមិច​

, , Leave a comment

ក្រុង​ហ៊ី​រ៉ូហ្ស៊ីម៉ា ៖ មនុស្ស​​ម្នា​ប្រមាណ​ ១០.០០០ ​នាក់ ​បាន​ចូល​រួម​រំលឹក​ខួប​លើក​ទី​៦៨ ​​​នៅ​​ក្នុង​សួន​សន្តិភាព​ទីក្រុង ​Hiroshima ​នៅ​ព្រឹក​នេះ ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ដែល​បាន​​បាត់បង់ ជីវិត​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​​ដោយ​​អាមេរិក​កាលពី​ឆ្នាំ​១៩៤៥​​​​។

 

​អ្នក​រស់រាន​មាន​ជីវិត​ពី​​សម័យ​នោះ​​ សាច់ញាតិ មន្ត្រី​រដ្ឋាភិបាល​ និង​ប្រតិភូ​បរទេស​​បាន​​ស្មឹងស្មាធិ៍​ដោយ​ឈរ​ស្ងៀមស្ងាត់​នៅ​វេលា​ម៉ោង ​៨ និង ​១៥​នាទី​ព្រឹក​​ម៉ោង​ក្នុងស្រុក ​​​ដើម្បី​​​​រំលឹក​ដល់​ជន​រងគ្រោះ​​​​ដែល​បាន​ស្លាប់​ដោយសារ​សោកនាដ​កម្ម​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្រ្ត​​នេះ។

 

គេ​នៅចាំ​បាន​ថា ទីក្រុង​ Hiroshima ​ដែល​ពោរពេញ​ដោយ​ភាព​រីកចម្រើន​មួយ​ កាល​ពី​៦៨​ឆ្នាំមុន បាន​​​ក្លាយ​ជា​ផេះ​ក្នុង​មួយ​ប្រ​ព្រិច​ភ្នែក​ បន្ទាប់​ពី​​​អាមេរិក​បាន​ប្រើ​យន្តហោះ​​ឈ្មោះ​ថា Enola Gay ​ទៅ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​​ឈ្មោះ​ថា​ Little Boy​ នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា ​ឆ្នាំ​១៩៤៥​​។

 

មនុស្សចំនួន​ជាង​​ ១៤ម៉ឺន​នាក់​​បាន​ស្លាប់​​​ជាបន្តបន្ទាប់​​មុន​ខែ​ធ្នូ​​ឆ្នាំ​១៩៤៥​ ហើយ​៣​ថ្ងៃក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​៩​សីហា​​ឆ្នាំ​ដដែល​នេះ  អាមេរិក​បាន​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​ដែល​មាន​ឈ្មោះ​ថា ​Fat Man ជា​លើកទី២​  នៅ​ទីក្រុង​ Nagasaki បន្ថែម​ទៀត។ ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​​នៅ​ពេល​នោះ បាន​បញ្ចប់​មហិច្ឆតា​របស់​ជប៉ុន​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ទឹកដី​​ជា​ច្រើន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងអស់​ ពោល​គឺ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។

 

​នៅ​ក្នុង​​ពិធី​រំលឹក​ខួប​នេះ មន្ត្រី​របស់​ជប៉ុន​ក៏​បាន​​លើកឡើង​ដែរ​ថា ​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​ប្ដេជ្ញា​គ្រប់​បែប​យ៉ាង​ ដើម្បី​ពង្រឹង​វិស័យ​​ការពារ​ជាតិ​​​​ឡើងវិញ ស្រប​ពេល​​​ដែល​ទីក្រុង​តូក្យូ​កំពុង​មាន​​ស្ថានការណ៍​តានតឹង​លើ​ជម្លោះ​ដែន​កោះ​ជា​មួយ​កូរ៉េខាងត្បូង និង​ជាពិសេស​ជា​មួយ​នឹង​មហាយក្ស​សេដ្ឋកិច្ច​ចិន​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ៕

hiro2 hirohiroshima-day-630-1

 

Leave a Reply

(*) Required, Your email will not be published